គាស់​ផ្ទះ​គ្រូបង្រៀន​លួច​ទ្រព្យសម្បត្តិ​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន

​​ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖​ ជនសង្ស័យ​ម្នាក់​ ត្រូវ​​បាន​នគរបាល​ប៉ុស្តិ៍​រដ្ឋ​បាល​​ផ្សារ​កណ្តាល ​និង​ប្រជា​ការពារ​ភូមិ​ព័ទ្ធ​ចាប់​​ បន្ទាប់​ពី​ធ្វើ​សកម្មភាព​គាស់​ផ្ទះ​គ្រូបង្រៀន​ចូល​​លួច​ទ្រព្យសម្បត្តិ​នៅ​ភូមិ​អូ​រឫ​ស្សី​ រួច​ព្យាយាម​រត់គេច​ខ្លួន​ ​កាលពី​វេលា​ម៉ោង​៨​និង៣០​​នាទី​ព្រឹក​ថ្ងៃ​ទី ២៤​ ​មីនា នៅ​ក្នុង​​ចម្ការ​​ដំឡូង​មី​ ស្ថិតនៅ​ក្នុង​​ភូមិ​អូរ​នាង ​សង្កាត់​ផ្សារ​កណ្តាល​ ក្រុង​ប៉ោយ​ប៉ែ​ត ។

​មន្ត្រី​សមត្ថកិច្ច​​​បាន​ឱ្យ​ដឹង​​ថា​ ជនសង្ស័យ​​រូបនេះ ​ឈ្មោះ​ ពិន​ ដា ​ភេទ​ប្រុស​ អាយុ​៣៦​​ឆ្នាំ​ ជា​កម្មករ​ស៊ីឈ្នួល​រើស​ដំឡូង​មី​តាម​ចម្ការ​​ឲ្យ​អ្នកស្រុក ​​​ស្នាក់​នៅ​ក្នុងភូមិ​អូរ​នាង ​។ ​​​ចំណែក​ម្ចាស់​​ផ្ទះឈ្មោះ​ លួ​ន ​សម្បត្តិ ​ភេទ​ប្រុស ​អាយុ​៣៣​​ឆ្នាំ​ ​ជា​គ្រូបង្រៀន​​ រស់​នៅ​ភូមិ​អូរ​ឫស្សី​សង្កាត់​កើតហេតុ​ ខណៈ​គ្រួសារ​មួយ​នេះ​គ្មាន​អ្នក​នៅផ្ទះ​ ។

មន្ត្រី​សមត្ថកិច្ច​​បាន​បន្ត​ថា ​ខណៈ​ជនសង្ស័យ​ទើប​ចេញពី​កន្លែង​កើតហេតុ​ លោកគ្រូ​បង្រៀន​​​ក៏​មក​ដល់​ផ្ទះ​​ប្រកិតប្រកៀបគ្នា ​លុះ​ចាក់សោទ្វារ​ចូល​ក្នុងផ្ទះ ស្រាប់​តែ​​ឃើញ​ទូ​​របើក​ ឯ​បង្អួច​ក៏​​ចំហ​​ ​និង​បាត់​​​ទ្រព្យសម្បត្តិ​​​ដែល​ទុក​នៅ​ក្នុង​ទូ ​​ក៏​ចេញ​ទៅ​​​សួរ​អ្នក​ជិត​ខាងគេ​ប្រាប់​ថា​ ឃើញ​បុរស​ម្នាក់​ទើបតែ​ដើរ​ចេញ​ទៅ​ ។ លោកគ្រូ​បង្រៀន​ខាងលើ​បាន​តាម​ជនសង្ស័យ​ពីក្រោយ​ហើយ​រាយ​ការណ៍​​ទៅ​សមត្ថកិច្ច​ឲ្យ​ជួយ​អន្តរា​គម​ន៍តាម​រក​ជនសង្ស័យ ​ទីបំផុត​ក៏​ជួប​ដូច​បំណង​ ហើយ​​ជន​សង្ស័យ​​រ​ត់ទៅ​ពួន​ក្នុង​​ចម្ការ​ដំឡូងមី​ ​ត្រូវ​សមត្ថកិច្ច​ក្របួច​បាន​ទាំង​វត្ថុ​តាង​ជាប់​​​ខ្លួន​តែម្តង ​។

លោក ​ចាន់ ​សុ​ភី ​នាយ​នគរ​បាល​​ប៉ុស្តិ៍​រដ្ឋបាល​​​ផ្សារ​កណ្តាល ​បាន​ឱ្យ​ដឹង​​​ថា ​ទ្រព្យសម្បត្តិ​ដែល​រឹបអូស​បាន​មក​វិញ ​រួម​មាន​ខ្សែ​.ក​ប្លា​ទី​ន៣​​ខ្សែ​ ក្រវិល​២​គូ និង​ខ្សែ​.ក​ប្រាក់​១ខ្សែ​ ព្រមទាំង​លោហៈធាតុ​ពណ៌​ក្រហម៣​​ខ្សែ​ផង​ដែរ ​។

​ជន​សង្ស័យ​​និង​វត្ថុ​តាង ​ត្រូវ​បាន​សមត្ថកិច្ច​​​បញ្ជូន​ទៅ​អធិការដ្ឋាន​នគរបាល​ក្រុង​ ដើម្បី​ចាត់ការ​បន្ត​ ៕