តុលាការសម្រេចបង្គាប់ឲ្យលោក ផែង វណ្ណៈ និងហង្ស បូរី សង១៥លានរៀល ជូនលោកស្រី កែវ ម៉ាលី និងបង់ប្រាក់៥លានរៀលជូនរដ្ឋ

(ភ្នំពេញ)៖ ចៅក្រមសាលាដំបូង រាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៦នេះ បានសម្រេចឲ្យតារា Facebook លោក ផែង វណ្ណៈ និងស្រី្តឈ្មោះ ហង្ស បូរី ត្រូវសងសំណងចំនួន ១៥លានរៀល ជូនលោកស្រីឧកញ៉ា កែវ ម៉ាលី ម្ចាស់វិមានចរណៃ និងបង់ចំនួន៥លានរៀលជូនរដ្ឋ ជុំវិញបណ្តឹងបរិហាកេរ្តិ៍របស់សមាជិកព្រឹទ្ធសភារូបនេះ។

សូមបញ្ជាក់ថា សាលាដំបូងរាជធានីភ្នំពេញនៅរសៀលថ្ងៃចន្ទទី២១ ខែមីនា ឆ្នាំ២០១៦ បានបើកសវនាការជំនុំជម្រះទៅលើតារា Facebook ឈ្មោះ ផែង វណ្ណៈ និងឈ្មោះ ហង្ស បូរី ពីបទ «ផ្សាយព័ត៌មានមិនពិត និងបរិហាកេរ្តិ៍ជាសាធារណៈ» ទៅលើលោកស្រី ឧកញ៉ា កែវ ម៉ាលី ជាសមាជិកព្រឹទ្ឋសភា និងជាម្ចាស់ខុនដូវិមានចរណៃ និងឧត្តមសេនីយ៍ឯក សៀក សុជាតិ តាម Facebook ប្រព្រឹត្តនៅក្នុងរាជធានីភ្នំពេញ កាលពីអំឡុងខែ កក្កដា និងសីហា ឆ្នាំ២០១៥។

លោកចៅក្រម តុប ឈុនហេង បានថ្លែងឲ្យដឹងនៅក្នុងអង្គសវនាការថា៖ ជនជាប់ចោទទាំង២នាក់នេះ មានឈ្មោះ ផែង វណ្ណៈ ភេទប្រុស អាយុ៤៥ឆ្នាំ និងឈ្មោះ ហង្ស បូរី ភេទស្រី អាយុ ៥៤ឆ្នាំ។ ជនជាប់ចោទទាំង២នាក់នេះ ត្រូវបានតំណាងអយ្យការ ចោទប្រកាន់ពីបទ«ផ្សាយព័ត៌មានមិនពិត និងបរិហាកេរ្តិ៍ជាសាធារណៈ» តាមបញ្ញាតិមាត្រា ៣០៥ នៃ ក្រមព្រហ្មទណ្ឌ កម្ពុជា។ ជនជាប់ចោទត្រូវបានប្តឹងដោយ លោកស្រីឧកញ៉ា កែវ ម៉ាលី ជាសមាជិកព្រឹទ្ឋសភា និងជាម្ចាស់ខុនដូវិមានចរណៃ ដែលមានសំណុំរឿងចុះបញ្ជីនៅតុលាការ ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៥៕

តុលាការសម្រេចបង្គាប់ឲ្យលោក ផែង វណ្ណៈ និងហង្ស បូរី សង១៥លានរៀល ជូនលោកស្រី កែវ ម៉ាលី និងបង់ប្រាក់៥លានរៀលជូនរដ្ឋ

ប្រភពៈ freshnewsasia