នាយក​រដ្ឋ​មន្ត្រី​ចិន​ព្រម​ទទួល​យក​សំណើ​ជា​ច្រើន​ពី​លោក ហ៊ុន សែន ទៅ​ពិនិត្យ​និង​ជម្រុញ​ឲ្យ​លឿន

តាម​គម្រោង លោក​នាយក​រដ្ឋ​មន្ត្រីហ៊ុន សែន ​និង​គណៈ​ប្រតិភូ​កម្ពុជា​នឹង​ត្រឡប់​មក​កាន់​ប្រទេស​កម្ពុជា​វិញ​នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍​នេះ បន្ទាប់​ពី​ចូលរួម​កិច្ច​ប្រជុំ​កំពូល​ឡាន​ឆាង​លើក​ទី​១ និង​វេទិកា​ប៊ូអាវ នៅ​ទីក្រុង​សាន​យ៉ា ប្រទេស​ចិន​ ពី​ថ្ងៃ​ទី​២២ ដល់​ថ្ងៃ​ទី​២៤​មីនា​ ឆ្នាំ​២០១៦។ វត្តមាន​របស់​លោក​ហ៊ុន សែន នៅ​ប្រទេស​ចិន មិន​ថា​តែ​ពេល​នេះ​ទេ ត្រូវ​គេ​សម្គាល់​ថា តែង​ទទួល​បាន​ផល​ចំណេញ ឬ​ជា​អាំងប៉ាវ​កំដរ​ដៃ​ត្រឡប់​មក​ប្រទេស​វិញ​មិន​ដែល​ខាន​ឡើយ។ នោះ​គឺ​ការ​សុំ​ឲ្យ​ប្រទេស​ចិន​ជួយ​ជម្រុញ​ផ្នែក​ពាណិជ្ជកម្ម ការ​សាងសង់​ និង​ជួសជុល​ហេដ្ឋារចនាសម្ព័ន្ធ​នានា​និង​ការ​អភិរក្ស​ប្រាសាទ​ព្រះវិហារ​ជា​ដើម។

នាយក​រដ្ឋ​មន្ត្រី​ចិន​ព្រម​ទទួល​យក​សំណើ​ជា​ច្រើន​ពី​លោក ហ៊ុន សែន ទៅ​ពិនិត្យ​និង​ជម្រុញ​ឲ្យ​លឿន

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ​ចូលរួម​កិច្ច​ប្រជុំ​កំពូល​ឡាន​ឆាង​លើក​ទី​១​ និង​វេទិកា​ប៊ូអាវ​ នៅ​ទីក្រុង​សានយ៉ា ​ប្រទេស​ចិន​ ពី​ថ្ងៃ​ទី​២២ ​ដល់​ថ្ងៃ​ទី​២៤​មីនា ​ឆ្នាំ​២០១៦។

ជា​ការ​ពិត នៅ​ក្នុង​ជំនួប ទ្វេ​ភាគី​ជាមួយ​លោក លី ខឺឈាង នាយក​រដ្ឋ​មន្ត្រី​ចិន​កាល​ពី​ថ្ងៃ​ពុធ​ លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន បាន​ស្នើ​ដល់​សមភាគី​ចិន​ពិនិត្យ​លទ្ធភាព​ក្នុង​ការ​បន្ត​ជួយ​ដល់​ប្រទេស​កម្ពុជា​បន្ថែម​ទៀត​សំដៅ​ធ្វើ​យ៉ាង​ណា​ឲ្យ​ទំហំ​ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំងពីរ​កើន​ដល់​ ៥​ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​២០១៧។

ដើម្បី​សម្រេច​នូវ​គោលដៅ​សំណើ​នេះ ប្រមុខ​រដ្ឋាភិបាល​ខ្មែរ​បាន​ស្នើ​ឲ្យ​ចិន​បន្ត​នាំ​ចូល​បន្ថែម​ទៀត​ នូវ​កសិផល​ និង​ផលិត​ផល​ពី​ប្រទេស​កម្ពុជា​ដូច​ជា​អង្ករ​ជា​ដើម ពិសេស​សុំ​កុំ​ឲ្យ​កំណត់​កូតា​ និង​ពន្ធ​នាំចូល​ទៅ​កាន់​ប្រទេស​ចិន។ ការ​ស្នើ​សុំ​ចិន​ឲ្យ​ជួយ​ជួស​ជុល​ប្រាសាទ​ព្រះវិហារ​ ក៏​ត្រូវ​បាន​លើក​ឡើង​ដែរ​នៅ​ក្នុង​ជំនួប​ទ្វេ​ភាគី ដោយ​ភាគី​ចិន​មាន​ការ​គាំទ្រ​ និង​ជួយ​ទាំង​ផ្នែក​បច្ចេក​ទេស​ និងថវិកា។

សរសេរ​នៅ​ក្នុង​ទំព័រ​ហ្វេស​ប៊ុក​របស់ លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន បាន​ស្នើ​ចិន​បន្ថែម​ទៀត​ពិនិត្យ​ និង​សម្រេច​លើ​គម្រោង​សាង​សង់​ពហុកីឡាដ្ឋាន​មរតក​តេជោ គម្រោង​សាងសង់​មន្ទីរ​ពេទ្យ​ចំនួន​២ និង​វិទ្យាស្ថាន​ធនធាន​ទឹក។ មួយ​វិញ​ទៀត​លោក ហ៊ុន សែន ក៏​បាន​ស្នើ​សុំ​ឲ្យ​ចិន​ជួយ​ក្នុង​ការ​សាងសង់​ផ្លូវ​ល្បឿន​លឿន(Express Way) ​ពី​ភ្នំពេញ​ទៅ​ក្រុង​ព្រះសីហនុ​ និង​ព្រលាន​យន្ត​ហោះ​ថ្មី​នៅ​ខេត្ត​សៀមរាប​ផង​ដែរ។

ជា​ទូទៅ​លោក​នាយក​រដ្ឋ​មន្ត្រី​ចិន បាន​យល់​ព្រម​ និង​ទទួល​យក​សំណើ​គ្រប់យ៉ាង​របស់​នាយក​រដ្ឋ​មន្ត្រី​កម្ពុជា​ និង​សន្យា​ពិនិត្យ​ឲ្យ​បាន​ឆាប់​រហ័ស​លើ​គម្រោង​ទាំង​អស់ នេះ​បើ​តាម​សំណេរ​នៅ​ក្នុង​ទំព័រ​ហ្វេស​ប៊ុក​របស់​លោក ហ៊ុន សែន។

ទោះ​ជា​មាន​ការ​សន្យា​ជួយ​ពី​ប្រទេស​ចិន​យ៉ាង​ណា​ក៏​ដោយ ក៏​ប៉ុន្តែ​គេ​មិន​ទាន់​ដឹង​ថា ប្រទេស​កម្ពុជា​នឹង​ត្រូវ​បាន​ប្រាក់​កម្ចី និង​ឥណទាន​ប៉ុណ្ណា​នោះ​ទេ។ តាម​រយៈ​នៃ​សន្ទរកថា​នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​មេគង្គ-ឡាន​ឆាង​ លើក​ទី​១ នាយក​រដ្ឋ​មន្ត្រី​ចិន​លោក លី ខឺឈាង បញ្ជាក់​ថា​ចិន​បាន​ផ្តល់​ប្រាក់​កម្ចី​អនុគ្រោះ​ជា​ថ្មី​ចំនួន​១,៥៤​ពាន់​លាន​ដុល្លារ និង​ឥណទាន​ជា​ថ្មី​ចំនួន​១០​ពាន់​លាន​ដុល្លារ ដល់​មេដឹកនាំ​នៃ​បណ្តា​ប្រទេស​នៅ​ដង​ទន្លេ​មេគង្គ​ចំនួ​ន៥។

នៅ​ប្រទេស​ចិន​ដែរ បន្ទាប់​ពី​កិច្ច​ប្រជុំ​កំពូល មេគង្គ-ឡានឆាង លើក​ទី​១ លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន ក៏​បាន​ជួប​ទ្វេភាគី​ ជាមួយ​ឧបនាយក​រដ្ឋ​មន្ត្រី​នៃ​សហព័ន្ធ​រុស្សី ដែល​ក្នុង​នោះ​ក៏​បាន​ពិភាក្សា​គ្នា​ពី​បញ្ហា​បំណុល​ដែល​កម្ពុជា​ជំពាក់​រុស្សី​ក្នុង​សម័យ​សង្គ្រាម​៕

ប្រភពៈ RFI