រដ្ឋមន្ត្រី​ក្រសួង​ការងារ ​ស្នើ​ឲ្យ​សហគ្រាស​បន្ត​ចូលរួម​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍ និង​គ្រឿងញៀន​នៅ​កន្លែង​ធ្វើការ​

រដ្ឋមន្ត្រី​ក្រសួង​ការងារ ​ស្នើ​ឲ្យ​សហគ្រាស​បន្ត​ចូលរួម​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍ និង​គ្រឿងញៀន​នៅ​កន្លែង​ធ្វើការ​



ភ្នំពេញ ៖ លោក អ៊ិត សំហេង រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​ជំរុញ​ណែ​នាំ​ឲ្យ​សហគ្រាស គ្រឹះស្ថាន​នានា​បន្ត​ការងារ​ប្រយុទ្ធ ទប់ស្កាត់​ការ​រីក​រាលដាល នៃ​មេរោគ​អេដស៍ និង​បញ្ហា​គ្រឿងញៀន​នៅ​កន្លែងធ្វើការ​ឲ្យ​បាន​ល្អ​ប្រសើរ​ថែមទៀត ខណៈ​មាន​ចំណុច​ប្រឈម​ច្រើន ​នៃ​អត្រា​ឆ្លង ក៏ដូចជា​ការប្រើប្រាស់​មិនទាន់​ដោះស្រាយ​បាន​នៅឡើយ។

ការ​ស្នើ​សុំ​របស់​លោក អ៊ិត សំហេង ធ្វើឡើង​ក្នុង​កិច្ចប្រជុំ​លើកដំបូង​ការប្រកាស​សមាសភាព​របស់​គណៈកម្មការ​សម្របសម្រួល​ត្រីភាគី កាលពី​ល្ងាច​ថ្ងៃ​ទី​២៣ ខែ​មីនា នៅ​ទីស្ដីការ​ក្រសួង។​

លោក​រដ្ឋមន្ត្រី​បន្ត​ថា «​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​អេដស៍ និង​គ្រឿងញៀន​នៅ​កន្លែងធ្វើការ​ជា​បញ្ហា​រួមគ្នា​ក្នុង​ការ​រិះរក​មធ្យោបាយ​ដោះស្រាយ​ឲ្យ​ទាន់​ពេលវេលា​។ ដូច្នេះ​គ្រប់​ក្រុមហ៊ុន សហគ្រាស​គ្រឹះស្ថាន អង្គការ ចៅ​កែ​រោងចក្រ និង​រដ្ឋាភិបាល​ចាំបាច់​ចូលរួម​ចំណែក​ប្រយុទ្ធ​នឹង​ការ​ឆ្លង​មេរោគ​អេដស៍ ជំងឺ​អេដស៍ រួម​ទាំង​គ្រឿងញៀន ដើម្បី​ការពារ​កុំ​ឲ្យ​មានការ​ឆ្លង​ថ្មី​បន្ថែម​ទៀត ​ដោយ​ផ្តោត​សំខាន់​លើ​ក្រុម​យុវវ័យ​កម្មករ និង​កន្លែង​ផ្តល់​សេវា​កម្សាន្ត​សប្បាយ​»។

លោក​រដ្ឋមន្ត្រី​បន្ថែម​ទៀត​ថា ករណី​រក​ឃើញ​ថា មាន​កម្មករ​និយោជិក​មាន​ផ្ទុក​មេ​អេដស៍ ក្រសួង​ នឹង​ជួយ​ការពារ​សិទ្ធិ​នៅ​កន្លែង​ការងារ​តាមរយៈ​គណៈកម្មការ​សម្របសម្រួល​ត្រីភាគី​ប្រយុទ្ធ​ជំងឺ​អេដស៍ និង​គ្រឿងញៀន​នៅ​កន្លែងធ្វើការ​ដូចជា ផ្តល់​សេវា​ថែទាំ​ព្យាបាល​ឥតគិតថ្លៃ បន្ត​ឲ្យ​ពួកគាត់​បម្រើ​ការងារ​បន្ត​ទៀត ​ដោយ​ពុំ​មាន​ការរើសអើង​ឡើយ។ ហើយ​បើ​ក្រុម​ថៅកែ និយោជក​ណា​មិន​គោរព អាច​ប្រឈម​នឹង​ការ​ដាក់​ពិន័យ​ផង​ដែរ​។​

លោក តែង គន្ធី អគ្គលេខាធិការ នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ឲ្យ​ដឹង​ថា ដើម្បី​សម្រេច​ជោគជ័យ​បាន​លើ​ការ​លុបបំបាត់​ការ​ឆ្លង​រីក​រាលដាល​ជំងឺ​អេដស៍ និង​គ្រឿងញៀន កត្តា​ផ្សព្វផ្សាយ​អប់រំ​ណែនាំ​ដល់​ក្រុម​យុវជន​ងាយ​រងគ្រោះ និង​ម្ចាស់​រោងចក្រ​សហគ្រាស​ជា​រឿង​សំខាន់​បំផុត​ពី​ផល​ប៉ះពាល់​ដែល​ទាមទារ​ឲ្យ​ធ្វើ​ការ​រួម​គ្នា​មិន​អាច​អនុវត្ត​តែ​ឯកឯង​បានទេ។

លោក​ ជួន មុំ​ថុល ​ប្រធាន​សហភាព​សហព័ន្ធ​សហជីព​ជាតិ​កម្ពុជា​មានប្រសាសន៍​ថា ដើម្បី​ធានា​បាន​ផលប្រយោជន៍​កាន់តែ​ប្រសើរ​សម្រាប់​កម្មករ​កម្មការិនី​ដែល​មាន​ផ្ទុក​មេរោគ​អេដស៍​ និង​ជំងឺ​អេដស៍​សហជីព​ត្រៀម​ស្នើ​ឲ្យ​ថៅកែ​និយោជក​ផ្តល់​ប្រាក់​ឧបត្ថម្ភ​ពី​៣០​ដុល្លារ ដល់​៥០​ដុល្លារ ដើម្បី ​ថែទាំ​សុខភាព និង​អាច​ឈប់​សម្រាប់​រយៈពេល​១​ថ្ងៃជា​រៀងរាល់​ខែ​ ដើម្បី​មាន​ពេលវេលា​ទៅ​ពិនិត្យ សុខភាព ​និង​ការ​ទទួល​ថ្នាំ​ពន្យារ​ជីវិត។

លោក​រដ្ឋមន្ត្រី​ក្រសួង​ការងារ​បាន​ស្នើ​និយោជក​នៅ​តាម​គ្រឹះស្ថាន​ទាំងអស់​ធ្វើ​ការអប់រំ​ផ្សព្វ​ផ្សាយ​ដល់​កម្មករ​និយោជិក​ទាំងអស់​នៅ​កន្លែង​ធ្វើ​ការងារ និង​ត្រូវ​ផ្ដល់​ជា​រង្វាន់​លើក​ទឹក​ដល់​អ្នក​ដែល​បាន​ចូលរួម។

កាលពី​ឆ្នាំ​២០១៥ ក្រសួង​ការងារ​ និង​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​បាន​ប្រគល់​លិខិត​សរសើរ​ដល់​ក្រុមហ៊ុន​រោងចក្រ សហគ្រាស និង​គ្រឹះស្ថាន​ចំនួន​១៦២​ដែល​មាន​ស្នាដៃ​ល្អ​ក្នុង​ការ​ខិតខំ​ប្រឹងប្រែង​ និង​ទទួលខុសត្រូវ​នៅ​ក្នុង​សង្គម​តាមរយៈ​ការចូលរួម​ទប់ស្កាត់​ការ​រីក​រាលដាល និង​ការ​ឆ្លង​មេរោគ​អេដស៍។

រាជរដ្ឋាភិបាល ​គ្រោង​នឹង​បញ្ចប់​ការ​រីក​រាលដាល​ នៃ​ជំងឺ​អេដស៍​នៅ​ត្រឹម​ឆ្នាំ​២០២០​ខាងមុខ​ខណៈ​ដែល​ពិភពលោក​មាន​គម្រោង​បញ្ចប់​ការ​រីក​រាលដាល​ នៃ​ជំងឺ​អេដស៍​នេះ​នៅ​ឆ្នាំ​២០៣០​។ ក្នុង​រយៈពេល​ជាង​២០​ឆ្នាំ​មកនេះ​ប្រជាពលរដ្ឋ​កម្ពុជា​ជាង​១៩​ម៉ឺន​នាក់​បាន​ឆ្លង​មេរោគ​អេដស៍ ​ក្នុង​នោះ​ស្លាប់​អស់​ប្រហែល​ជាង​១២​ម៉ឺន​នាក់៕