តុលាការ​ខេត្ត​សៀមរាប​កោះហៅ​អ្នកភូមិ​៣​នាក់​ឲ្យ​ចូលខ្លួន​បំភ្លឺ​ករណី​ទំនាស់​ដីធ្លី​ដ៏​រ៉ាំរ៉ៃ​

តុលាការ​ខេត្ត​សៀមរាប​កោះហៅ​អ្នកភូមិ​៣​នាក់​ឲ្យ​ចូលខ្លួន​បំភ្លឺ​ករណី​ទំនាស់​ដីធ្លី​ដ៏​រ៉ាំរ៉ៃ​



សៀមរាប ៖ ក្រុម​អ្នកភូមិ​ប្រមាណ​ជាង​២០០​នាក់ ​មកពី​ស្រុក​ចំនួន​ពីរ ​នៃ​ខេត្ត​សៀមរាប​បាន​លើកគ្នា​មក​ប្រមូល​ផ្តុំ​នៅមុខ​បន្ទាយ​យោមរាជ នៃ​ខេត្តសៀមរាប​ នៅ​ព្រឹក​ថ្ងៃ​ទី​២៤​ ខែ​មីនា​នេះ​ ដើម្បី​ចាំ​ទទួល​តំណាង​របស់​ពួកគាត់​បី​រូប​យក​ទៅ​ផ្ទះ​វិញ​ខណៈ​តុលាការ​កោះហៅ​ឲ្យ​ចូលខ្លួន​បំភ្លឺ​ករណី​ដី​ទំនាស់​ដ៏​រ៉ាំរ៉ៃ។

ក្រុម​អ្នកភូមិ​ទាំងនោះ​មួយ​ចំនួន​មកពី​ឃុំ​ពាក់​ស្នែង​ស្រុក​អង្គរធំ ​និង ​មួយ​ចំនួន​មកពី​ឃុំ​ត្បែង​ស្រុក​បន្ទាយស្រី​នៃ​ខេត្ត​សៀមរាប។

ជនជាប់សង្ស័យ​ដែល​ត្រូវ​ចូលខ្លួន​ទី​១​ឈ្មោះ​ឈួ​យ ឈ​ង់ ភេទ​ប្រុស អាយុ​៦៤​ឆ្នាំ​។ ទី​២​ឈ្មោះ​ទុយ ម៉ើ​ក ប្រុស​អាយុ​៣២​ឆ្នាំ និង​ទី​៣​ឈ្មោះ​ពាង ប៉ុក​ ភេទ​ស្រី ​អាយុ​៦០​ឆ្នាំ​ ពួកគាត់​មាន​ទីលំនៅ ភូមិត្បែង ឃុំ​ត្បែង ស្រុក​បន្ទាយស្រី ខេត្តសៀមរាប។

បើ​តាម​ដីកា​កោះហៅ​របស់​លោក​លឹម សុ​គុ​ន្ធា​រ៉ា ​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្ត​សៀមរាប​បាន​បង្ហាញ​ថា​ ជនសង្ស័យ​ទាំង​៣​នាក់​ ជាប់​ពាក់​ព័ន្ធ​បទ​រំលោភ​កម្មសិទ្ធិឯកជន​ ប្រព្រឹត្តិ​នៅ​ភូមិ​ត្បែង​ឃុំ​ត្បែង នៅ​ឆ្នាំ​២០០៨។

ក្រុម​អ្នកភូមិ​ដែល​លើកគ្នា​មកកាន់​តុលាការ បាន​បរិយាយ​ថា ពួកគាត់​មកនេះ ពុំ​មែន​មក​តវ៉ា ឬ ធ្វើបាតុកម្ម​អ្វី​ទេ ​គឺ​គ្រាន់តែ​មក​ជួយ​លើកទឹកចិត្ត​គ្នា​គាត់​ប៉ុណ្ណោះ​។ ម្យ៉ាងទៀត​មក​ចាំ​ទទួលយក​គ្នា​គាត់​ត្រឡប់​ទៅ​ផ្ទះ​វិញ ​ពីព្រោះ​ដី​ដែល​មាន​ទំនាស់​រ៉ាំរ៉ៃ​តាំងពី​ឆ្នាំ​២០០៨នោះ​ ពេលនេះ​អាជ្ញាធរ​បានចេញ​បង្កាន់ដៃ​ផ្តល់​សិទ្ធិ​ឲ្យ​ពួកគាត់​រួច​អស់ហើយ​ដោយ​រង់ចាំ​តែ​ដំណឹង​ប៉ុណ្ណោះ។

ស្ថិតនៅ​ក្រៅរបង​តុលាការ​ខេត្ត​លោក​ទុយ ម៉ើ​ក បាន​រៀបរាប់​ថា ពួកគាត់​ទាំង​៣នាក់ ​ដែល​ត្រូវ​កោះហៅ​ក្នុង​ម្នាក់ៗ​មាន​ដី​ទំហំ​៥០​គុណ​២០០​ម៉ែត្រ​ ដែល​បច្ចុប្បន្ន​ទទួល​បាន​បង្កាន់ដៃ​ពី​អាជ្ញាធរ​រួចហើយ​។ ប៉ុន្តែ​រឿងរ៉ាវ​នេះ ​វា​បាន​កើតឡើង​តាំងពី​ឆ្នាំ​២០០៨​មក​ម្ល៉េះ ដែល​មាន​ឈ្មោះ​អាន ដាលីន ឈ្មោះ​លន់ ភ​ន់ និង​ឈ្មោះ​ទេស សុ​ផា ប្តឹង​ទៅ​តុលាការ​ទាមទារ​យក​ដី​ចំនួន​១៩០​ហិតា​ក្នុង​នោះ​ជាប់​ពាក់ព័ន្ធ​ពលរដ្ឋ​២៣៥​គ្រួសារ​។

លោក​បន្ត​ថា ដី​និង​ពលរដ្ឋ​ក្នុង​ចំនួន​ខាងលើ កាលពី​ឆ្នាំ​១៩៩៧ អាជ្ញាធរ​ភូមិ​ឃុំ​បាន​វាស់​ចែក​ឲ្យ​ពួកគាត់​រស់នៅ​អាស្រ័យ​ផល​។ លុះ​ឆ្នាំ​២០០៤ ឈ្មោះ​ម្ចាស់​បណ្តឹង​ចំនួន​៣​នាក់​ខាងលើ មក​ត្រួសត្រាយ​ឈូសឆាយ​ថា​ជា​ដី​របស់​ពួកគេ​តែ​ត្រូវ​បាន​រារាំង​ដោយ​ពលរដ្ឋ​ពួកគាត់​។ ដោយសារ​ការ​រំលោភបំពាន​របស់​អ្នក​ទាំង​៣​ខាងលើ​មិនបាន​សម្រេច​ក្នុង​ឆ្នាំ​២០០៨​ពួកគេ​ក៏​ប្តឹង​ទៅ​តុលាការ​ហើយ​រឿងរ៉ាវ​ក៏បាន​អូស​បន្លាយ​រហូត​ដល់​ពេល​នេះ បើ​ទោះបី​ក្រុម​និស្សិត​ចុះ​វាស់វែង​ចេញ​សន្លឹក​ប័ណ្ណ​ឲ្យ​ហើយ​ក៏ដោយ។

លោក​បញ្ជាក់​ថា ការចោទប្រកាន់​បទ​រំលោភ​កម្មសិទ្ធិឯកជន​ទោះបី​ដឹង​ថា ខ្លួន​គ្មាន​កំហុស​ថែមទាំង​មាន​សន្លឹក​ប័ណ្ណ​ ដែល​ផ្តល់​ដោយ​អាជ្ញាធរ​ប៉ុន្តែ​រូបលោក​នៅតែ​មានការ​ព្រួយ​បារម្ភ​អំពី​ប្រព័ន្ធ​តុលាការ​យ៉ាង​ខ្លាំង​។ ពីព្រោះ​ពួកគាត់​ជា​ពលរដ្ឋ​ក្រីក្រ​ពុំ​មាន​សមត្ថភាព​ប្តឹង​ផ្តល់​តប​ទៅ​ភាគី​វិញ​នោះ​ទេ​។ តែ​អ្វី​ដែល​ចង់បាន​គឺ​សុំ​ការ​ផ្តល់​ភាព​យុត្តិធម៌​ពី​តុលាការ ដោយ​រំពឹង​ថា ពួកគាត់​អាច​វិល​ទៅ​រស់នៅ​ជួបជុំ​គ្រួសារ​វិញ។

លោក​លឹម ​សុ​គុន្ធា​រ៉ា​ ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្តសៀមរាប​បាន​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​២៤​នេះ​ថា ក្នុង​សំណុំ​រឿង​នេះ​លោក​កំពុង​សួរនាំ​ម្តង​ម្នាក់ៗ​សិន​ដូច្នេះ​ករណី​នេះ​លោក​មិនទាន់​អត្ថាធិប្បាយ​យ៉ាងណា​នោះ​ទេ ដោយ​រង់ចាំ​លោក​សួរនាំ​ចប់​សិន។

យ៉ាង​នេះ​ក្តី​ក្រុម​ប្រជាពលរដ្ឋ​ក៏​នៅតែ​បន្ត​ឈរ​នៅមុខ​តុលាការ​ដដែល​ដោយ​រង់ចាំ​ស្តាប់​លទ្ធផល​សម្រេច​ពី​ស្ថាប័ន​តុលាការ​៕

តុលាការ​ខេត្ត​សៀមរាប​កោះហៅ​អ្នកភូមិ​៣​នាក់​ឲ្យ​ចូលខ្លួន​បំភ្លឺ​ករណី​ទំនាស់​ដីធ្លី​ដ៏​រ៉ាំរ៉ៃ​ តុលាការ​ខេត្ត​សៀមរាប​កោះហៅ​អ្នកភូមិ​៣​នាក់​ឲ្យ​ចូលខ្លួន​បំភ្លឺ​ករណី​ទំនាស់​ដីធ្លី​ដ៏​រ៉ាំរ៉ៃ​ តុលាការ​ខេត្ត​សៀមរាប​កោះហៅ​អ្នកភូមិ​៣​នាក់​ឲ្យ​ចូលខ្លួន​បំភ្លឺ​ករណី​ទំនាស់​ដីធ្លី​ដ៏​រ៉ាំរ៉ៃ​