ការ​បណ្ដាក់ទុន​លើ​វិស័យ​ពុទ្ធិកសិក្សា​ ពិតជា​បាន​ជួយ​ទ្រទ្រង់​ព្រះពុទ្ធសាសនា​ឲ្យ​បាន​យូរ​អង្វែង​

ការ​បណ្ដាក់ទុន​លើ​វិស័យ​ពុទ្ធិកសិក្សា​ ពិតជា​បាន​ជួយ​ទ្រទ្រង់​ព្រះពុទ្ធសាសនា​ឲ្យ​បាន​យូរ​អង្វែង​



ភ្នំពេញ​ ៖ លោក មិន ឃិន រដ្ឋមន្ត្រី​ក្រសួង​ធម្មការ​ និង​សាសនា កាលពី​ថ្ងៃ​ទី​២៣ ​ខែ​មីនា​ បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​ការពារ​និក្ខេបបទ​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​របស់​សមណ​និស្សិត​-​និស្សិត​ចំនួន​៨៣​អង្គ​-​នាក់ ​នៃ​ពុទ្ធិក​សកលវិទ្យាល័យ​ព្រះសីហនុ​រាជ។​

ព្រះ​ញាណ​វិជ្ជា ជួន សាវឿន សកលវិទ្យាធិការ​រង ​នៃ​ពុទ្ធិក​សកលវិទ្យាល័យ​ព្រះសីហនុ​រាជ មាន​សង្ឃដីកា​ពី​ដំណើរការ​បណ្ដុះបណ្ដាល​ថា ពុទ្ធិកមហាវិទ្យាល័យ​ព្រះសីហនុ​រាជ​បាន​បង្កើត​ឡើង​វិញ​នៅ​ឆ្នាំ​១៩៩៧ ​តាម​ប្រកាស​របស់​រាជរដ្ឋាភិបាល ប៉ុន្តែ​ការ​បង្កើត​ឡើង​វិញ​ ជា​លើកដំបូង​នេះ ​គឺ​បណ្ដុះបណ្ដាល​សមណ​និស្សិត​ត្រឹម​កម្រិត​មធ្យមសិក្សា​ទុតិយភូមិ​តែប៉ុណ្ណោះ​។ ​នៅ​ឆ្នាំ​២០០០​ ពុទ្ធិក​មហាវិទ្យាល័យ​ព្រះសីហនុ​រាជ​បាន​បង្កើន​កម្រិត​ នៃ​ការ​បណ្ដុះបណ្ដាល​ដល់​ថ្នាក់​បរិញ្ញាបត្រ​ឯកទេស​ទស្សនវិជ្ជា​ព្រះពុទ្ធសាសនា​រហូតដល់​ឆ្នាំ​២០០៣ ​ពុទ្ធិកមហាវិទ្យាល័យ​នេះ​បាន​បង្កើត​ពុទ្ធិក​មហា​វិទ្យាល័យ​វិទ្យាសាស្ត្រ​អប់រំ និង​ព័ត៌មានវិទ្យា​មួយទៀត​តាម​ប្រកាស​លេខ​៦១​ក​.​ធ​.​ស ប្រ​.​ក ចុះ​ថ្ងៃ​ទី​១៩ ខែ​កុម្ភៈ ឆ្នាំ​២០០៣​ របស់​ក្រសួង​ធម្មការ​ និង​សាសនា។

ព្រះ​ញាណ​វិជ្ជា ជួន សាវឿន សកលវិទ្យាធិការ​រង​ នៃ​ពុទ្ធិក​សាកលវិទ្យាល័យ​ព្រះសីហនុ​រាជ មាន​សង្ឃដីកា​បន្ដ​ថា ដើម្បី​ពង្រីក​ការ​យល់ដឹង​របស់​ព្រះសង្ឃ​ពុទ្ធសាសនា​ថេរវាទ នៅ​ឆ្នាំ​២០០៦​ពុទ្ធិកមហាវិទ្យាល័យ​ព្រះសីហនុ​រាជ​បាន​ប្រែក្លាយ​ទៅជា​ពុទ្ធិក​សាកលវិទ្យាល័យ​ព្រះសីហនុ​រាជ ដោយ​មាន​ពុទ្ធិកមហាវិទ្យាល័យ​ចំនួន​៤​មាន​ឯកទេស​ចំនួន​៨​និង​ពុទ្ធិក​មជ្ឈមណ្ឌល​គរុកោសល្យ​ចំនួន​មួយ​និង​មាន​សាខា​នៅតាម​បណ្តា​ខេត្ត​មួយ​ចំនួន​ដូចជា ពុទ្ធិក​សកលវិទ្យាល័យ​ព្រះសីហនុ​រាជ​សាខា​ខេត្ត​កំពង់ឆ្នាំង សាខា​ខេត្ត​បាត់ដំបង និង​សាខា​ខេត្ត​កំពង់ចាម។​

នៅ​ក្នុង​ពិធី​នោះ លោក មិន ឃិន រដ្ឋមន្ត្រី​ក្រសួង​ធម្មការ​បាន​កោតសរសើរ​ដ៏​ស្មោះ​ចំពោះ​សាស្ត្រាចារ្យ​ទាំងអស់​ដែល​បាន​យកចិត្តទុកដាក់​ក្នុង​ការ​បង្ហាត់បង្រៀន​ដល់​សមណៈ​និស្សិត​-​និស្សិត​រហូត​ទទួល​បាន​ជោគជ័យ​ដែល​ជា​មូលដ្ឋាន​ចំណេះដឹង​ព្រះពុទ្ធសាសនា​ ក៏ដូចជា​ចំណេះដឹង​ទូទៅ​ដើម្បី​ឲ្យ​ព្រះសង្ឃ​ និង​បុព្វ​ជិត​ដែល​បាន​សិក្សា​ក្លាយ​ជា​អ្នកដឹកនាំ​ដ៏​ឈ្លាសវៃ​ និង​លើកស្ទួយ​ព្រះពុទ្ធ​សាសនា​ឲ្យ​មាន​និរន្ត​ភាព​ និង​មានការ​អភិវឌ្ឍ​រីកចម្រើន​សក្ដិសម​ជា​សាសនា​របស់​រដ្ឋ។​

លោក​បន្ត​ថា ព្រះពុទ្ធសាសនា​បាន​ និង​កំពុង​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​រួមចំណែក​ក្នុង​កិច្ច​អភិវឌ្ឍន៍​វប្បធម៌​ខ្មែរ​តាំងពី​បុរាណកាល​រហូតមកដល់​បច្ចុប្បន្ន​ដែល​នេះ​ជា​ការ​ចូលរួម​ចំណែក​ជាមួយ​ផ្នែក​អាណាចក្រ​ដ៏​ធំធេង​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​មាន​សម្ដេច​អគ្គ​មហា​សេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា។

លោក​រដ្ឋមន្ត្រី​បាន​រំលឹក​ពី​ការ​កកើត​វិស័យ​ពុទ្ធិកសិក្សា​ឡើង​ថា នៅ​ឆ្នាំ​១៩៩៨ ​មានតែ​សាលា​បាលី​រង​តែ​ពីរ​ប៉ុណ្ណោះ​ គឺ​នៅ​វត្ត​ទួល​ទំពូង​ និង​វត្ត​និរោធ​រង្សី​ ហើយ​មកដល់ពេលនេះ​យើង​មាន​ព្រះសង្ឃ​បាន​សិក្សា​រៀន​សូត្រ​ ហើយ​បាន​ក្លាយ​ជា​បណ្ឌិត​មួយ​ចំនួន​ដោយ​អង្គ​ខ្លះ​បាន​លាចាក​សិក្ខាបទ​ទៅ​បម្រើ​ការងារ​នៅ​ក្នុង​សង្គម​ ចំណែក​ព្រះអង្គ​ខ្លះ​គង់នៅ​ទ្រទ្រង់​ព្រះពុទ្ធសាសនា។

ដើម្បី​រួមចំណែក​អបអរសាទរ ​និង​ស្វាគមន៍​ចំពោះ​លទ្ធផល​ខាង​លើ​នេះ លោក មិន ឃិន សូម​រួមចំណែក​ជា​អនុសាសន៍​ឲ្យ​ព្រះសង្ឃ​គ្រប់​អង្គ​ និង​និស្សិត​ទាំងអស់​បន្ត​ខិតខំ​សិក្សា​រៀន​សូត្រ​បន្ថែម​ទៀត​ដើម្បី​ទទួល​បាន​ចំណេះដឹង​កាន់តែ​ជ្រៅជ្រះ​លើ​វិស័យ​ព្រះពុទ្ធសាសនា​ និង​សូម​ឲ្យ​គណៈ​គ្រប់​គ្រង​បន្ត​ បើក​វគ្គ​សិក្សា​បន្តបន្ទាប់​ថែមទៀត​ ដើម្បី​រួម​ចំណែក​អភិវឌ្ឍន៍​ជាតិ​៕
ការ​បណ្ដាក់ទុន​លើ​វិស័យ​ពុទ្ធិកសិក្សា​ ពិតជា​បាន​ជួយ​ទ្រទ្រង់​ព្រះពុទ្ធសាសនា​ឲ្យ​បាន​យូរ​អង្វែង​