តៃកុង​រថយន្ត​ដឹក​ដី​ នាំគ្នា​មក​តវ៉ា​នៅមុខ​សាលា​ខណ្ឌ​ព្រែក​ព្នៅ​ថា​បាន​គាបសង្កត់​លើ​ពួកគាត់​

តៃកុង​រថយន្ត​ដឹក​ដី​ នាំគ្នា​មក​តវ៉ា​នៅមុខ​សាលា​ខណ្ឌ​ព្រែក​ព្នៅ​ថា​បាន​គាបសង្កត់​លើ​ពួកគាត់​



ភ្នំពេញ ៖ ក្រុម​អ្នកបើកបរ​រថយន្ត​ដឹក​ដី​ប្រមាណ​ជា​៣០​នាក់ បាន​នាំ​គ្នា​មក​ប្រមូលផ្ដុំ​មុខ​សាលា​ខណ្ឌ​ព្រែក​ព្នៅ នា​ព្រឹក​ថ្ងៃ​ទី​២៤ ខែ​មីនា ឆ្នាំ​២០១៦ ដើម្បី​តវ៉ា​ជាមួយ​អាជ្ញាធរ​ខណ្ឌ ដោយ​ពួកគាត់​បាន​ចោទ​ប្រកាន់​ថា អាជ្ញាធរ​ខណ្ឌ​បាន​គាបសង្កត់​ទៅលើ​ពួកគាត់​ឲ្យ​ក្រុម​សណ្ដាប់ធ្នាប់​ខណ្ឌ​រាប់​ក្បាល​ឡាន​យក​លុយ​ហើយ មិន​ឲ្យ​រថយន្ត​ពួកគាត់​បើកបរ​ដឹក​ដី​ដូច​រថយន្ត​ដទៃ​ទៀត ដើម្បី​ប្រកបមុខរបរ ទទួលទាន​សម្រាប់​ដោះស្រាយ​ជីវភាព​គ្រួសារ​ប្រចាំថ្ងៃ។

ក្នុង​ការ​មក​តវ៉ា​ដល់​មុខ​សាលា​ខណ្ឌ​ព្រែក​ព្នៅ​នេះ លោក ​ថៃ ឡេង ​អាយុ​២៣​ឆ្នាំ មុខរបរ​បើក​រថយន្ត​ដឹក​ដី មាន​ទីលំនៅ​ភូមិ​ស្រែអំពិល សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ ដែល​ជា​អ្នកតំណាង​ក្រុម​តវ៉ា​ទាំងអស់ បាន​ប្រាប់​ឲ្យ​ដឹង​ថា អាជ្ញាធរ​ខណ្ឌ​បាន​បញ្ជា​ឲ្យ​សណ្ដាប់ធ្នាប់​ខណ្ឌ​ឃាត់​រថយន្ត​របស់​ពួកគេ​ទុក​ម្តង​២​ម៉ោង​ ទៅ​៣​ម៉ោង តម្រូវ​ឲ្យ​មានការ​បង់​ប្រាក់ ហើយ​ករណី​នេះ បាន​ធ្វើជា​ញឹកញាប់​ណាស់។

លោក​បន្ត​ថា ការ​ឃាត់​នេះ​ចាប់​តែ​រថយន្ត​ដឹក​ដី​តូចតាច​ប៉ុណ្ណោះ ផ្ទុយទៅវិញ​ការ​ដឹក​ជញ្ជូន​តាម​រថយន្ត​ធំៗ ដូចជា​ដែក ស៊ីម៉ងត៍ និង​ផ្ទុក​លើស​ទម្ងន់ អត់​ឃើញ​សណ្ដាប់ធ្នាប់​ខណ្ឌ ឬ​អាជ្ញាធរ​បញ្ជា​ឲ្យ​ចាប់​នោះ​ទេ ដូច្នេះ​ពួកគាត់​ឆ្ងល់​ថា ហេតុអ្វី​ក៏​ធ្វើបាប​តែ​ប្រជាពលរដ្ឋ​រកស៊ី​ដឹក​ដី ដើម្បី​ដោះ​ស្រាយ​ជីវភាព​គ្រួសារ​តូចតាច​បែបនេះ។

តំណាង​ឲ្យ​ក្រុម​អ្នកបើកបរ​រថយន្ត​ដឹក​ដី​បាន​បន្ត​ទៀត​ថា ការ​ឃាត់​ទាំងនេះ​មិនមែន​សំខាន់​ទៅលើ​ការ​ផ្ទុក​លើស​ទម្ងន់ ឬ​ដី​ជ្រុះ​ហុយ​នោះ​ទេ សំខាន់​គឺ​ករណី​ធ្វើ​យ៉ាង​ណា​ឲ្យ​ខាង​ឡាន​ចូល​បង់​ប្រាក់​ប្រចាំខែ ពីព្រោះ​ជា​រៀងរាល់​ខែ ពួកគេ​បាន​បង់​ប្រាក់​ក្នុង​មួយ​ខែ​២​ពាន់​ដុល្លារ​រួច​ទៅ​ហើយ នៅ​តែ​មាន​បញ្ហា​មិន​ចេះ​ចប់​ មិន​ហើយ​ទៀត ដូច្នេះ​ពួកគាត់​សូម​ឲ្យ​រដ្ឋបាល​សាលា​ខណ្ឌ​ព្រែក​ព្នៅ​ដោះស្រាយ​ឲ្យ​បាន​ច្បាស់​អំពី​ករណី​នេះ។

ក្នុង​ការ​មក​តវ៉ា​របស់​តៃកុង​រថយន្ត​ដឹក​ដី​ប្រមាណ​ជា​៣០​នាក់​នេះ សាលា​ខណ្ឌ​ព្រែក​ព្នៅ​បាន​អញ្ជើញ​ពួក​តៃកុង​ឡាន​ទាំងអស់​ចូល​ដោះស្រាយ​គ្នា​ក្នុង​សាលា​ខណ្ឌ ក្នុង​នោះ​លោក ​ហួត លាភ​ពិសិដ្ឋ អភិបាលរងខណ្ឌ​ព្រែក​ព្នៅ​បាន​លើក​ឡើង​ថា សាលា​ខណ្ឌ​ឃាត់​រថយន្ត​ដឹក​ដី​ដែល​មិន​មាន​ការ​អនុញ្ញាត​នេះ ក៏​ព្រោះតែ​ម្ចាស់​រណ្ដៅ​ដី​ឈ្មោះ​ លី គឹម​ហេង និង​តៃកុង​រថយន្ត​ដឹក​ដី​មិនបាន​បង់​វិភាគទាន​ចូល​ខណ្ឌ​ដើម្បី​ជួសជុល​ផ្លូវ​តែប៉ុណ្ណោះ មិន​មាន​អ្វី​ផ្សេង​ឡើយ។

លោក​បញ្ជាក់​ថា បញ្ហា​ដែល​ខាង​សណ្ដាប់ធ្នាប់​ខណ្ឌ​ឃាត់​រថយន្ត​រាប់​ក្បាល​ឡាន​យក​លុយ​២​ដុល្លារ​ក្នុង​១​ឡាន​នោះ ​គឺ​មិន​មាន​ទេ ហើយ​បើ​មាន​សូម​ឲ្យ​តៃកុង​រថយន្ត​ទាំង​ចាប់​បុគ្គល​នោះ​មក​សាលា​ខណ្ឌ​ជាបន្ទាន់ ​ដើម្បី​ខាង​សាលា​ខណ្ឌ​ព្រែក​ព្នៅ មាន​វិធានការ​ចំពោះ​បុគ្គល​នោះ​។ ក្នុង​ជំនួប​ដោះស្រាយ​គ្នា​រវាង​ក្រុម​អ្នកបើកបរ​រថយន្ត​ដឹក​ដី​ប្រមាណ​ជា​៣០​នាក់ ជាមួយ​មន្ត្រី​សាលា​ខណ្ឌ​នោះ​បញ្ចប់​ទៅវិញ ​ដោយ​ខាង​សាលា​ខណ្ឌ​ព្រែក​ព្នៅ​ឲ្យ​តៃកុង​រថយន្ត​ទាំងអស់​នោះ ទៅ​ហៅ​ម្ចាស់​រណ្ដៅ​ដី​ឈ្មោះ​ លី គឹម​ហេង និង​អ្នក​រត់​ការ​ឈ្មោះ​ ទី ដែល​ថា​បាន​បង់​ប្រាក់​វិភាគទាន​ចូល​សាលា​ខណ្ឌ​ជា​រៀងរាល់​ខែ​ ដើម្បី​ជួសជុល​ផ្លូវ​នោះ ព្រោះ​កន្លងមក​សាល​ខណ្ឌ​មិនដែល​បាន​ទទួល​លុយ​ដែល​ថា​បាន​បង់​ទាំង​នោះ​ឡើយ​៕

តៃកុង​រថយន្ត​ដឹក​ដី​ នាំគ្នា​មក​តវ៉ា​នៅមុខ​សាលា​ខណ្ឌ​ព្រែក​ព្នៅ​ថា​បាន​គាបសង្កត់​លើ​ពួកគាត់​

តៃកុង​រថយន្ត​ដឹក​ដី​ នាំគ្នា​មក​តវ៉ា​នៅមុខ​សាលា​ខណ្ឌ​ព្រែក​ព្នៅ​ថា​បាន​គាបសង្កត់​លើ​ពួកគាត់​

តៃកុង​រថយន្ត​ដឹក​ដី​ នាំគ្នា​មក​តវ៉ា​នៅមុខ​សាលា​ខណ្ឌ​ព្រែក​ព្នៅ​ថា​បាន​គាបសង្កត់​លើ​ពួកគាត់​