ប៉ូលិស​ខណ្ឌ​សែន​សុខ បង្ក្រាប​ក្រុម​ជនពាល​ប្រើ​ដាវ​និង​កាំភ្លើង រឹបអូស​បាន​ម៉ូតូ​២​គ្រឿង​និង​សង្គ្រោះ​ជនរងគ្រោះ​២​នាក់​បាន​ទាន់​ពេលវេលា

ប៉ូលិស​ខណ្ឌ​សែន​សុខ បង្ក្រាប​ក្រុម​ជនពាល​ប្រើ​ដាវ​និង​កាំភ្លើង រឹបអូស​បាន​ម៉ូតូ​២​គ្រឿង​និង​សង្គ្រោះ​ជនរងគ្រោះ​២​នាក់​បាន​ទាន់​ពេលវេលា



កម្លាំង​សមត្ថកិច្ច​នគរបាល ប៉ុ​ស្តិ៍​ឃ្មួញ​សហការ​ជាមួយ កម្លាំង​នគរបាល​ខណ្ឌ​សែន​សុខ បាន​កេណ្ឌ​គ្នា​ទៅ​បង្ក្រាប​បក្ខពួក​ក្រុម​ជនពាល​មួយ​ក្រុម​ដែល ធ្វើ​សកម្មភាព​បង្ក​ជម្លោះ​កាប់​ចាក់​គ្នា ដោយ ប្រើ​ដាវ និង​កាំភ្លើង បង្ក​ឲ្យ​មាន​របួស​ស្នាម និង​ចលាចល​បង្ក​ឲ្យ​មានការ​ភ័យខ្លាច​ដល់​ប្រជាពលរដ្ឋ ដែល​ល​ទ្ធ​ផល​សមត្ថកិច្ច​រឹបអូស​បាន​ម៉ូតូ​ក្រុម​ជន​ល្មើស​បាន​២​គ្រឿង​ និង ​ជួយសង្គ្រោះ​ជនរងគ្រោះ​បាន​ទាន់​ពេលវេលា​បាន​២​នាក់​ភ្លាមៗ​កាលពី​ម៉ោង២១​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២៣ ខែមីនា ឆ្នាំ​២០១៦ នៅ​ជិត​មជ្ឈមណ្ឌល​ឱកាស​ខ្ញុំ ស្ថិត​ក្នុង​ភូមិ​សែន​សុខ​ទី​៦ សង្កាត់​ឃ្មួញ។

​លោក ញាណ នន នាយ​ប៉ុ​ស្តិ៍​នគរបាល​រដ្ឋបាល​ស​ង្កា​ត់​ឃ្មួញ បាន​មានប្រសាសន៍ថា ក្រោយ​​ពី​មាន​សេចក្តី​រាយការណ៍​ពី​ក្រុម​ឥន្ទ្រី​យ៍​(​ប្រជា​ការពារ​)​ថា មាន​ក្រុម​ក្មេង​ពាល​ជិះ​ម៉ូតូ​ទាំង​ហ្វូង​កាន់​ដាវ​ដំបង មក​វាយ​កាប់​ចាក់​គ្នា កាលពី​វេលា​ម៉ោង​ប្រហែល​៩​កន្លះ​យប់មិញ ភា្លម​ៗ​នោះ លោក​បាន​រាយការណ៍​ជូន​លោក​អធិការ ហើយ​បាន​សហការ​គ្នា​កេណ្ឌ​កងកម្លាំង​សម្រុក​ទៅ​រក​កន្លែង​កើ​ត​ហេតុ​នោះ​បាន​ធ្វើ​ឲ្យ​ពួកគេ​(​ជន​ល្មើស​)​ភ័យ​ស្លន់ស្លោ​រត់​គេច​ខ្លួន​ចូលក្នុង​ព្រៃ​ចោល​ម៉ូតូ​ចំនួន​០២​គ្រឿង តែ​កងកម្លាំង​ក៏បាន​ជួយសង្គ្រោះ​ជនរងគ្រោះ​បាន​២​នាក់​និង​បាន​រក​ឃើ​ញ​វត្ថុ​តាង សំបក​គ្រាប់​កាំ​ភ្លើង​ខ្លី ០១​គ្រាប់​ផង​ដែរ ដើម្បី​ជា​ពន្លឺ​ស៊ើប​អង្កេត​បន្ត។

ជន​រងគ្រោះ​២​នាក់​ ដែល​រង​របួស​ដោយ​អាវុធ ដាវ​និង​កាំ​ភ្លើង របស់​ក្រុម​ជនពាល​ក្នុង​ហេតុការណ៍ នេះ ១/ ឈ្មោះ សៀក សយ ភេទ​ប្រុស ​អាយុ​១៨​ឆ្នាំ មាន​ទីលំនៅ​ក្នុង​ភូមិ​កើ​ត​ហេតុ មាន​មុខរបរ​ជា​តន្ត្រី រង​របួស​ស្មា​ដោយ​ផ្លែដាវ ដេរ​ចំនួន​១០​ថ្នេរ។ ២/ ឈ្មោះ ហេង រតនា ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មុខរបរ​លក់ដូរ មាន​ទីលំនៅ​ក្នុង​ភូមិ​កើត​ហេតុ​ខាង​លើ រង​របួស ស្មង​ជើង​ខាងឆ្វេង ដោយ​គ្រាប់​កាំ​ភ្លើង​របស់​ជនពាល។

តាម​ការ​បំភ្លឺ​របស់​ជ​ន​រង​របួស​ទាំង​២​នាក់ ខាង​លើ​បាន​ឲ្យ​ដឹង​ថា នៅមុន​ពេល​កើ​ត​ហេតុ ពួកគាត់​បាន​នាំ​គ្នា​មក​ហូប​បង្អែម ពេលយប់ ខ​ណៈ​ពេល​កំពុង​អង្គុយ​ហូប​ក៏​ស្រាប់​តែ​មាន​មនុស្ស​មួយ​ក្រុម​ជិះ​ម៉ូតូ​ប្រសាច មក​ឈប់​នៅ​ក្បែរ​នោះ ហើយ​បាន​កាប់​គាត់​ពីក្រោយ​ចំ​ស្មា​ និង ​ផ្ទុះ​អាវុធ​ផង នៅ​ពេល​នោះ​ក៏​មាន​ការ​ផ្អើល​ឆោឡោ​ដល់​ប្រជាពលរដ្ឋ​និង​សមត្ថកិច្ច​មូលដ្ឋាន​មក​ជួយ​អន្តរាគមន៍ ភ្លាមៗ។

នៅ​កន្លែង​កើត​ហេតុ សមត្ថកិច្ច​បាន​រឹបអូស​បាន​ម៉ូតូ​ជន​ល្មើស​បន្សល់​ទុកចោល​នៅ​វាលស្រែ​បាន​ចំនួន​២​គ្រឿង ម៉ាក​ហុងដា សេ​១២៥ ស៊េរី​ឆ្នាំ​២០១៥​ពាក់​ស្លាក​លេខ ភ្នំពេញ 1DF-2088 (​លេខ​តួ និង​ម៉ា​ស៊ីន​៩៤១៨៦២៣) និង​ម៉ាក ស្កូ​ពី ពាក់​ស្លាកលេខ ភ្នំពេញ 1BE-7642( លេខ​តួ​និង​លេខ​ម៉ា​សី​ុ​ន​៨០០០៣១៩)​។ ក្រៅ​ពី​នេះ​សមត្ថកិច្ច​បាន​រក​ឃើញ​សំបក​កា​ទូ​ស​គ្រាប់​កាំ​ភ្លើង​ខ្លី មួយ​គ្រាប់​ម៉ាក​ប្រភេទ k54 ដែល​អាច​សន្និដ្ឋាន​ថា ជន​ល្មើស​ប្រើ​ប្រាស់​អាវុធ​ខ្លី​ម៉ាក k54 នៅ​ពេល​បាញ់​មក​លើ​ជនរងគ្រោះ។

តាម​ការ​របាយការណ៍​របស់​សមត្ថកិច្ច​បាន​បញ្ជាក់​ថា បាន​ស្គាល់​អត្តសញ្ញាណ​ក្រុម​ជន​ដៃដល់​​ខ្លះៗ​ហើយ​ស្គាល់​ឈ្មោះ​ចំនួន​៣​នាក់ ១/​ឈ្មោះ សិ​ទ្ឋ ២/​ឈ្មោះ បារាំង ៣/​ឈ្មោះ ឆ​ង កំពុង​តាម​ប្រមាញ់ តែ​ពួកគេ​ក៏បាន​កំពុង​រត់​គេច​ខ្លួន​ដែរ​តែ​សង្ឃឹមថា មិន​យូរ​ទេ​អាច​នឹង​ជាប់​អន្ទាក់​សមត្ថកិច្ច​ហើយ​៕