អាជ្ញាធរ​ក្រុង​រៀបចំ​សំអាត​បរិស្ថាន​ការពារ​សន្តិសុខ​ក្នុង​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ​

អាជ្ញាធរ​ក្រុង​រៀបចំ​សំអាត​បរិស្ថាន​ការពារ​សន្តិសុខ​ក្នុង​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ​



ស្ទឹងត្រែង ៖​ សាលាក្រុង​ស្ទឹងត្រែង​បាន​រៀបចំ​បរិស្ថាន និង​ពង្រឹង​កម្លាំង​ការពារ​សន្តិសុខ​ក្នុង​ក្រុង ដើម្បី​ត្រៀមលក្ខណៈ​ទទួល អបអរ​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ នៅ​ប៉ុន្មាន​ថ្ងៃ​ខាងមុខ ដើម្បី​ការពារ​សន្តិសុខ​ឲ្យ​បាន​ល្អ​ជូន​ប្រជាពលរដ្ឋ និង​ភ្ញៀវទេសចរ​ណ៍​ដែល​បាន​មក លេង​នៅ​ខេត្ត​ស្ទឹងត្រែង។

លោក​ប៊ុន​ ណា​រី ​អភិបាលក្រុង បាន​បញ្ជាក់​នៅ​ថ្ងៃ​ទី​២៤ ខែមីនា ឆ្នាំ​២០១៦​ថា យន្តការ​នេះ មន្ទីរ​អង្គភាព​- ស្ថាប័ន​ពាក់ព័ន្ធ និង​ផ្នែក​ជំនាញ​បាន​លើក​ផែនការ សម្រាប់​អនុវត្ត​ក្នុង​ឆ្នាំ​នេះ មិន​ខុសពី​ឆ្នាំ​មុនៗ​ទេ។

លោក​អភិបាលក្រុង​បាន​អះអាង​ថា តប​ទៅ​និង​គោលការណ៍​ខាង​លើ​នេះ​សាលាក្រុង​ក៏បាន​លើក​គោលការណ៍ ការពារ​សណ្តាប់​ធ្នាប់​ស​ន្តិ​សុខ ការងារ​សម្អាត​បរិស្ថាន ដើម្បី​ធ្វើ​ឲ្យ​ក្រុង​មាន​សោភណ្ឌ​ភាព​ផង បញ្ចៀស​នូវ​ឧបទ្ទវហេតុ​ផ្សេងៗ​ផង អញ្ចឹង​យើង​បាន​ពង្រឹង​កម្លាំង​ប្រជា​ការពារ ដែល​យើង​បាន​បង្កើត ហើយ​នោះ​បច្ចុប្បន្ន​នៅ​ក្រុង​ស្ទឹងត្រែង​ទាំងមូល​មាន​កម្លាំង​ប្រជា​ការពារ​៣៣៦នាក់ អញ្ចឹង​កម្លាំង​យើង​អាច​ពង្រាយ​ទៅតាម​ភូមិ​គ្រប់​ភូមិ​ទាំងអស់​ដើម្បី​ចូលរួម​ជាមួយ​នគរបាល​សម្រាប់​ក្រុង​ស្ទឹងត្រែង​យើង​នេះ​ យើង​ទប់​ស្កាត់បាន​គ្រោះថ្នាក់​ចរាចរ​ណ៍ ទប់ស្កាត់​បាន​ចោរលួច​ចោរប្លន់ អញ្ចឹង​យើង​ពង្រឹង​កម្លាំង​បន្ត​ទៀត​ ដើម្បី​ធ្វើ​យ៉ាងណា​ការងារ​ការពារ​សន្តិសុខ​សណ្តាប់​ធ្នាប់​នេះ​ជូន​សុវត្ថិភាព​ក៏ដូចជា​ប្រជាពលរដ្ឋ។

លោក​ជា វណ្ណ​ ចៅសង្កាត់​ស្ទឹងត្រែង​បញ្ជាក់​ថា អាជ្ញាធរ​សង្កាត់​តែងតែ​ចូលរួម​ជា​រៀងរាល់​ឆ្នាំ​រៀបចំ​ក្រុមការងារ​ការពារ​សន្តិ​សុខ រៀបចំ​ក្រុង​ស្អាត​និង​បាន​ចាត់ចែង រៀបចំ​ទីកន្លែង​លេង​កម្សាន្ត​នៅ​តាម​ទី​អារាម​ទៅតាម​ប្រពៃណី​ជាតិ​ យើង​តែ​ប្រជាពលរដ្ឋ​មួយ​ចំនួន​និយម​ចេញ​ទៅលេង​នៅ​ក្រៅ​ខេត្ត​ធ្វើ​ឲ្យ​បាត់បង់​និង​ភ្លេច​ប្រពៃណី​របស់​ខ្លួន។

លោក​បញ្ជាក់​ថា​ ឆ្នាំនេះ​សង្កាត់​និង​រៀបចំ​ឲ្យ​បាន​ប្រសើរ​ជាង​ឆ្នាំមុន ដើម្បី​កៀងករ​ប្រជាពលរដ្ឋ​ឲ្យ​នៅ​លេង​កម្សាន្ត​ក្នុង​ទី​អារាម​ចៀសវាង​នាំគ្នា​ទៅលេង​ទៅ​ឆ្ងាយ ដូចជា​នាំគ្នា​ទៅលេង​ទឹក​-​ទៅលេង​ខេត្ត​នានា​ចោលផ្ទះ​- និង​អាច​ចៀសវាង​បាន​ពី​ការ​គ្រោះថ្នាក់​ចរាចរណ៍​ផង។

លោកស្រី​ឃុន ស៊ា​ង​ ប្រជាពលរដ្ឋ​លក់ដូរ​នៅ​ក្រុង​ស្ទឹងត្រែង បាន​សាទរ​ចំពោះ​ការ​យក​ចិត្ត​ទុក​ដាក់​របស់​សាលាក្រុង និង​សង្កាត់​ពីព្រោះ​ការ​ធ្វើ​បាន​បែបនេះ ប្រជាពលរដ្ឋ​យើង​បាន​លេង​កម្សាន្ត​សប្បាយ​នៅ​ក្នុង​វត្ត​រក្សា​បាន​នៅ​ប្រពៃណី​របស់​ខ្មែរ​យើង ដូចជា​របែង​របាំ​ចោល​ឈូង​បោះ​អង្គញ់​ជាដើម។

លោកស្រី​បន្ថែម​ថា ក្នុងនាម​ជា​ប្រជាពលរដ្ឋ ក៏​ចូលរួម​ជួយ​អប់រំ​កូនចៅ​ឲ្យ​ប្រកាន់​ខ្ជាប់ខ្ជួន នៅ​អំពើ​ល្អ​វៀរចាក​នូវ​អំពើ​អប្បាយ​មុខ​ផ្សេងៗ​ផងដែរ។

សូម​បញ្ជាក់​ថា គណៈកម្មការ​កែលំអ​សោ​ភណ្ឌ​ភាព​ខេត្ត​ក៏ដូចជា​សាលាក្រុង​បាន​កំណត់​យក​វត្ត​ក្នុង​ក្រុង​ចំនួន​៤​ធ្វើជា​ទីកន្លែង​កម្សាន្ត​រួមមាន​វត្ត​ពោធិញ្ញាណ (​ហៅ​វត្ត​ព្រះអង្គ​ធំ​)​វត្ត​ស្រះកែវ​មុនី​វណ្ណ​(​ហៅ​វត្ត​លើ​)​វត្ត​ខ​ត្តិ​យា​រាម​(​ហៅ​វត្ត​កណ្តាល​)​និង​វត្ត​ធម្ម​រង្សី (​ហៅ​វត្ត​បា​ចុង​)​ដែល​បងប្អូន​ប្រជាពលរដ្ឋ​យើង​និយម​មកលេង​ជា​រៀងរាល់ឆ្នាំ​៕

អាជ្ញាធរ​ក្រុង​រៀបចំ​សំអាត​បរិស្ថាន​ការពារ​សន្តិសុខ​ក្នុង​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ​ អាជ្ញាធរ​ក្រុង​រៀបចំ​សំអាត​បរិស្ថាន​ការពារ​សន្តិសុខ​ក្នុង​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ​