នគរបាល​ល្បាត​ពេល​យប់​ឃាត់ខ្លួន​មុខសញ្ញា​គ្រឿងញៀន​៤​នាក់​ និង ​ថ្នាំញៀន​បី​កញ្ចប់

នគរបាល​ល្បាត​ពេល​យប់​ឃាត់ខ្លួន​មុខសញ្ញា​គ្រឿងញៀន​៤​នាក់​ និង ​ថ្នាំញៀន​បី​កញ្ចប់



ភ្នំពេញ ៖ យុវជន​៤​នាក់​ជាប់​ពាក់ព័ន្ធ​នឹង​ការប្រើប្រាស់​ថ្នាំញៀន ត្រូវ​បាន​សមត្ថកិច្ច​នគរ​បាល​ស្រុក​អង្គស្នួល ​សហការ​ជាមួយ​នគរបាល​ប៉ុស្ដិ៍​ដំណាក់​អំពិល ​ចេញ​ល្បាត​ពេលយប់​ប្រទះឃើញ​មុខសញ្ញា​សង្ស័យ​ឃាត់​ឆែកឆេរ​សួរនាំ​ និង ​ឈាន​ទៅ​ឃាត់​បក្ខ​ពួកគេ​ជា​បន្ដ​បន្ទាប់​ទៀត។

ហេតុ​ការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង ២២​និង ៣០ នាទី យប់​ថ្ងៃ​ទី​២៣ ខែមីនា ឆ្នាំ២០១៦ នៅ​ចំណុច​ផ្លូវលំ ភូមិក្តាន់​រយ ឃុំដំណាក់​អំពិល ស្រុក​អង្គស្នួល ខេត្តកណ្ដាល។

ជនសង្ស័យ​ឃាត់​ខ្លួន​មាន​៤​នាក់​ទី១​ឈ្មោះ ចិត្ត គឹម​ហេង ​ភេទប្រុស ​អាយុ១៦ឆ្នាំ ជនជាតិខែ្មរ មុខរបរ​លក់​គ្រែ នៅ​ភូមិ​ព្រៃ​ក្តួច ឃុំ​ភ្នំ​តូច​ ស្រុក​ឧដុង្គ ខេត្ត​កំពង់ស្ពឺ ជា​អ្នក​ចែកចាយ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន។

ទី​២​ឈ្មោះ សន សុខ​ជា ​ភេទប្រុស អាយុ២៧​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កសិករ​នៅ ភូមិ​ថ្នល់ទទឹង ឃុំ​ដំណាក់​អំ​ពិល ស្រុក​អង្គស្នួល ខេត្ត​កណ្តាល ជា​អ្នកប្រើប្រាស់ និង​មាន​ដីកាចាប់ខ្លួន​ពីបទ​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​។ ដីកា​លេខ​៨៦១​ចុះ​ថ្ងៃ​ទី​០៨​វិច្ឆិកា​ ឆ្នាំ​២០១៥​របស់​លោក​ងួន វ​ទ្ធី​អនុប្រធាន​សាលាដំបូង​ខេត្តកណ្ដាល។

ទី​៣​មានឈ្មោះ​ហិន ហ៊ុយ ​ភេទប្រុស​ អាយុ១៦​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​សិស្ស​ថ្នាក់​ទី​៨ នៅ​ភូមិត្រពាំង​អំពិល ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ខេត្ត​កំពង់​ស្ពឺ ជា​អ្នកប្រើប្រាស់ និង​ទី​៤​មាន​ឈ្មោះរ័ត្ន ភា​រុណ​ ភេទ​ប្រុស​ អាយុ​២៣​ឆ្នាំ​ មុខរបរ​កសិករ នៅ​ភូមិ​អណ្តូងទឹក ឃុំ​លំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល ជា​អ្នកប្រើប្រាស់។

ក្នុង​ការ​ឃាត់ខ្លួន​នេះ​សមត្ថកិច្ច​ដកហូត​បាន​នូវ​ទូរស័ព្ទ​ដៃ​ចំនួន​០៤​គ្រឿង​ ក្នុង​នោះ​ម៉ាក​អាយ​ហ្វូ​ន​ហ្វ័​រ​០១ និង ម៉ាក​នូ​គា​អិន​ចុច​ពិល​ ចំនួន​០៣​គ្រឿង​ម្ស៉ៅ​ ពណ៌​សរ​ថ្លា​ សង្ស័យ​ថា សារធាតុ​០៣​កញ្ចប់​មធ្យម​។ ជញ្ជឹង​ថ្លឹង​ចំនួន​០១ ថង់​ដែល​ប្រើប្រាស់​រួច​និង​ឧបករណ៍​ប្រើប្រាស់​សម្រាប់​វេចខ្ចប់​មួយចំនួនទៀត។

តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​កើតហេតុ​ខាងលើ កម្លាំង​ជំនាញ​បាន​ចុះ​ល្បាត​ហើយ​បាន​ប្រទះឃើញ​មុខសញ្ញា​ប្រើប្រាស់​ថ្នាំញៀន​ឈ្មោះរ័ត្ន ភា​រុណ​ ហើយ​បាន​ឃាត់​សួរនាំ​ពី​ដំណើររឿង​ហើយ​គេ​បាន​ឆ្លើយ​សារភាព​ថា ​ខ្លួន​បាន​ទិញ​ថ្នាំញៀន​ពី​មនុស្ស​ម្នាក់​ដែល​មិន​ស្គាល់​ឈ្មោះ​តែ​ស្គាល់​លេខ​ទូរស័ព្ទ​ ទើប​ឲ្យ​មុខសញ្ញា​ទូរស័ព្ទ​ទៅ​ម្នាក់​នោះ​ ឲ្យ​យក​ថ្នាំញៀន​មក​ឲ្យ​ពេលនោះ​មុខសញ្ញា​ឈ្មោះ​ចិត្ត​ គឹម​ហេង ​ក៏​យក​ថ្នាំញៀន​មកដល់​ទើប​កម្លាំង​ជំនាញ​ធ្វើការ​ឃាត់ខ្លួន​ត្រួតពិនិត្យ​រក​ឃើញ​ម្សៅ ពណ៌​ស​ថ្លា​សង្ស័យ​ថា សារធាតុ​ញៀន​ចំនួន​០៣​កញ្ចប់​មធ្យម។

ប្រភព​បន្ដ​ថា​បន្ទាប់ពី​រក​ឃើញ​ថ្នាំញៀន​ក៏​ឲ្យ​ជូន​ទៅ​ត្រួតពិនិត្យ​បន្ទប់​ជួល​របស់​គេ​ទៀតហើយ​បានឃើញ​មុខសញ្ញា​ឈ្មោះ​សន សុខ​ជា​និង​ឈ្មោះ​ហ៊ិន ហ៊​យ​កំពុង​ប្រើប្រាស់​សេព​ថ្នាំញៀន​នៅ​ក្នុង​បន្ទប់​នោះ​។

បើ​តាម​ចម្លើយ​សារភាព​របស់​ជនស​ង្ស័​យ​ទាំងនេះ​ ពួកគេ​ថា​ ទៅ​ទិញ​យក​មកពី​ម្ដុំ​ភូមិ​ត្រពាំង​ឈូក​មុខ​ពេទ្យ​លោកសង្ឃ ពេលនេះ​នគរបាល​បាន​កសាង​ឯកសារ​បញ្ជូន​ទៅកាន់​តុលាការ​ដើម្បី​ចាត់ការ​តាមច្បាប់​៕