អ្នក​និពន្ធ​ការពារ​ការ​មិន​បញ្ចូល​អត្តសញ្ញាណ​ក្រុម​មន្ត្រី​បច្ចុប្បន្ន

អ្នក​និពន្ធ អីុសា ឧស្មាន់ បាន​ប្រាប់​សាលាក្តី​ខ្មែរ​ក្រហម​កាលពី​ថ្ងៃ​ពុធ​ថា នៅ​ពេល​ឈ្មោះ​របស់​ក្រុម​មន្ត្រី​រដ្ឋាភិបាល​បច្ចុប្បន្ន​លេច​ឡើង​ក្នុង​បទ​សម្ភាស​សម្រាប់​សៀវភៅ​ពីរ​ក្បាល​ស្តីពី​មូស្លីម លោក​មិន​បាន​បញ្ចូល​មន្ត្រី​ទាំង​នោះ​ក្នុង​អត្ថបទ​ទេ។ លោក​បាន​សន្មត​ការ​មិន​ដាក់​បញ្ចូល​នេះ​ដោយសារ​ការ​ខ្វះ​ភ័ស្តុតាង​ក្នុង​ការ​ភ្ជាប់​ក្រុម​មន្ត្រី​ទាំង​នោះ​ទៅ​នឹង​ឧក្រិដ្ឋកម្ម​ប្រឆាំង​ក្រុម​ជនជាតិ​ភាគតិច គឺ​មិន​មែន​ខ្លាច​ផល​អាក្រក់​នោះ​ទេ។

លោក ឧស្មាន់ បាន​ប្រឈម​នឹង​សំណួរ​ជាច្រើន​ពី​មេធាវី​ការពារ​លោក នួន ជា និង​លោក ខៀវ សំផន ដែល​កំពុង​ត្រូវ​តុលាការ​វិនិច្ឆ័យ​​ទោស​លើ​បទ​ចោទ​ប្រកាន់​ជាច្រើន ក្នុង​នោះ​មាន​អំពើ​ប្រល័យ​ពូជសាសន៍ ក្នុង​ដំណាក់​២​នៃ​សំណុំ​រឿង​០០២ អំពី​វិធីសាស្ត្រ​ដែល​គាត់​បាន​ប្រើ នៅ​ពេល​ស្រាវជ្រាវ​រក​ឧទ្ទាម​ចាម នៅ​កន្លែង​ដែល​ឥឡូវ​នេះ​ជា​ខេត្ត​កំពង់​ចាម និង​ខេត្ត​ត្បូង​ឃ្មុំ។

យោង​តាម​របាយការណ៍​អង្គការ​សិទ្ធិ​មនុស្ស Human Rights Watch ថ្មីៗ​នេះ​ឲ្យ​ដឹង​ថា អង្គភាព​ជាច្រើន​របស់​ខ្មែរ​ក្រហម​ស្ថិត​នៅ​ក្រោម​បញ្ជាការ​របស់​នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រធាន​រដ្ឋសភា លោក ហេង សំរិន និង​សមាជិក​ព្រឹទ្ធសភា​គណបក្ស​ប្រជាជន​កម្ពុជា អ៊ុក ប៊ុនឈឿន បាន​ពាក់ព័ន្ធ​ក្នុង​ការ​បង្ក្រាប​ការ​ងើប​បះបោរ។

cam-photo-eccc-2លោក វិកទ័រ កូប៉េ មេធាវី​ការពារ​លោក នួន ជា បាន​និយាយ​ទៅ​លោក ឧស្មាន់ ថា “វា​ហាក់​ដូច​ជា​លោក​មិន​ចង់​សរសេរ​ក្នុង​សៀវភៅ​របស់​លោក ឬ​ផ្តល់​សក្ខីកម្ម​នៅ​ថ្ងៃ​នេះ អំពី​អ្នក​ដែល​អាច​នៅ​…​ពី​ក្រោយ​ឧក្រិដ្ឋកម្ម​ទាំង​នេះ។ តើ​លោក​ខ្លាច​មិន​ហ៊ាន​សរសេរ​ឬ?”។

អ្នក​និពន្ធ​រូប​នេះ​បាន​ឆ្លើយ​តប​ថា “ខ្ញុំ​មិន​ខ្លាច​សរសេរ​ទេ ប៉ុន្តែ​ការ​ស្រាវជ្រាវ​របស់​ខ្ញុំ​មាន​កម្រិត”។ លោក​បាន​បកស្រាយ​ថា ឈ្មោះ​មន្ត្រី​រដ្ឋាភិបាល​ជាន់​ខ្ពស់​មួយ​ចំនួន​ត្រូវ​បាន​លើក​ឡើង​ដោយ​មនុស្ស​ដែល​លោក​បាន​សម្ភាស​សម្រាប់​សៀវភៅ​របស់​លោក ប៉ុន្តែ​លោក​មិន​ដែល​ទទួល​បាន​ភ័ស្តុតាង​ដែល​ភ្ជាប់​អ្នក​ទាំង​នោះ​ទៅ​នឹង​ព្រឹត្តិការណ៍​ដែល​លោក​បាន​សរសេរ​ទេ។

ដោយ​មិន​ប្រាប់​ឲ្យ​ដឹង​ឈ្មោះ​ទាំង​នោះ លោក ឧស្មាន់ បាន​និយាយ​បន្ថែម​ថា សំណើ​របស់​លោក​ដើម្បី​សម្ភាស​មន្ត្រី​រដ្ឋាភិបាល​មិន​ទទួល​បាន​ការ​ឆ្លើយ​តប​ទេ។

ដោយ​ទទួល​ស្គាល់​ថា វា​ជា “ប្រធានបទ​មួយ​ពិបាក​និង​រសើប”​នោះ លោក កូប៉េ បាន​បន្ត​សួរ​ថា​តើ​អ្នក​និពន្ធ​រូប​នេះ​បាន​គិត​ថា លោក ហ៊ុន សែន លោក សំរិន និង លោក ប៊ុនឈឿន ទទួល​ខុសត្រូវ​ចំពោះ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ​ដែល​ប្រព្រឹត្ត​លើ​ចាម​ឬ​ទេ។

សំដៅ​ដល់​តំបន់​ដែល​បាន​ក្លាយ​ជា​ខេត្ត​កំពង់​ចាម​និង​ខេត្ត​ត្បូង​ឃ្មុំ លោក ឧស្មាន់ បាន​និយាយ​ថា “ខ្ញុំ​សុំ​មិន​ឆ្លើយ​សំណួរ​របស់​លោក​ទេ ជា​ពិសេស​ទាក់ទិន​នឹង​បុគ្គល​ទាំង​ឡាយ​ណា​ដែល​ធ្លាប់​ធ្វើការ​ក្នុង​តំបន់​២១”។

បន្ទាប់ពី​ពិភាក្សា​ជាមួយ​ចៅក្រម​ផ្សេងទៀត​របស់​សាលាក្តី ប្រធាន​អង្គ​ជំនុំជម្រះ លោក និល នន់ បាន​និយាយ​ថា អ្នក​និពន្ធ​ត្រូវ​ឆ្លើយ​សំណួរ ប្រសិនបើ​វា​ស្ថិត​ក្នុង​ជំនាញ​របស់​ខ្លួន។

លោក ឧស្មាន់ បាន​និយាយ​ថា “គ្មាន​នរណា​ម្នាក់​ដែល​ខ្ញុំ​បាន​សម្ភាស​បាន​លើក​ឡើង​ច្បាស់​នូវ​ឈ្មោះ​ណាមួយ​ទេ។ ពួកគេ​បាន​និយាយ​ដោយ​ប្រយោល​ថា ពួកគេ​ជា​ផ្នែក​នៃ​ថ្នាក់​ដឹកនាំ​នៅ​តំបន់​២១”។

បន្ទាប់មក អ្នក​និពន្ធ​រូប​នេះ​បាន​សួរ​លោក កូប៉េ ហេតុអ្វី​លោក​មិន​ហៅ​មន្ត្រី​ទាំង​នោះ​ដើម្បី​ផ្តល់​សក្ខីកម្ម​នៅ​តុលាការ​ខ្លួន​ឯង។

លោក កូប៉េ បាន​តប​វិញ​ដោយ​ញញឹម​ថា “​នោះ​ជា​ការ​ចង់​បាន​បំផុត​របស់​ខ្ញុំ ដោយ​ស្នើ​ឲ្យ​គេ​កោះ​ហៅ [លោក ហេង សំរិន]”។

ការ​ផ្តល់​សក្ខីកម្ម​របស់​លោក ឧស្មាន់ ដែល​ក៏​ជា​អ្នក​វិភាគ​ម្នាក់​ក្នុង​ការិយាល័យ​តុលាការ​នៃ​សហ​ចៅក្រម​ស៊ើបអង្កេត​ដែរ​នោះ នឹង​បញ្ចប់​នៅ​ថ្ងៃ​នេះ៕ និត

 

The post អ្នក​និពន្ធ​ការពារ​ការ​មិន​បញ្ចូល​អត្តសញ្ញាណ​ក្រុម​មន្ត្រី​បច្ចុប្បន្ន appeared first on ខេមបូឌា ដេលី.