ពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​នៅ​ស្រុក​អូរជ្រៅ​ចោទ​អាជ្ញាធរ​ថា​មិន​ព្រម​ដោះស្រាយ​ជូន​ពួក​គាត់

ប្រជាពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​នៅ​ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ ចំនួន ១៦៧​គ្រួសារ អះអាង​ថា បញ្ហា​ទំនាស់​ដី​រ៉ាំរ៉ៃ​របស់​ពួក​គាត់​ដោះស្រាយ​មិន​ចេញ​ជាង ២០​ឆ្នាំ​នោះ ដោយសារ​អាជ្ញាធរ​មូលដ្ឋាន​មិន​អើពើ​ជួយ​ប្រជាពលរដ្ឋ។ អភិបាល​រង​ស្រុក​អូរជ្រៅ បដិសេធ​ចំពោះ​ការ​ចោទ​ប្រកាន់​នេះ ថា​ជា​រឿង​មិន​ពិត​ឡើយ។

ពលរដ្ឋ​នៅ​ស្រុក​អូរជ្រៅ សម្ដែង​ការ​អស់​សង្ឃឹម​ជា​ខ្លាំង​ចំពោះ​អាជ្ញាធរ​ស្រុក​នេះ ដែល​មិន​អើពើ​ដោះស្រាយ​បញ្ហា​ដីធ្លី​របស់​ពួក​គាត់។

តំណាង​ពលរដ្ឋ​ម្នាក់​រស់នៅ​ឃុំ​សំរោង ស្រុក​អូរជ្រៅ គឺ​លោក ឡុក ប៉ោល។ លោក​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៤ មីនា ថា ផ្ទៃ​ដី​ចំនួន​ជាង ៨០០​ហិកតារ​នៅ​ឃុំ​ទួលពង្រ ស្រុក​ម៉ាឡៃ ដែល​អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ ធ្វើ​ការ​ផ្លាស់ប្ដូរ​ឲ្យ​ទៅ​ប្រជាពលរដ្ឋ​ចំនួន ១៦៧​គ្រួសារ​នៅ​ស្រុក​អូរជ្រៅ បន្ទាប់​ពី​ដី​របស់​ពួក​គាត់​ដែល​មាន​ទំនាស់​ជាមួយ​មន្ត្រី​ទាហាន​ស្រុក​នេះ​តាំង​ពី​ឆ្នាំ​១៩៩៦ មក​នោះ នៅ​ពុំ​ទាន់​ទទួល​បាន​ដី​នៅ​ឡើយ។ លោក​អះអាង​ថា ការ​យឺតយ៉ាវ​នេះ ដោយសារ​អាជ្ញាធរ​មូលដ្ឋាន​មិន​អើពើ​ជួយ​ប្រជាពលរដ្ឋ ជាពិសេស​គឺ​អភិបាល​រង​ស្រុក​អូរជ្រៅ លោក ខាត់ សារ៉ាន់ តែ​ម្ដង៖ «មូលហេតុ​ដែល​ខ្ញុំ​ហ៊ាន​និយាយ​បែប​នេះ ព្រោះ​អី​នៅ​ពេល​ដែល​ខ្ញុំ​បញ្ជូន​ឯកសារ​ឲ្យ​ទៅ​ស្រុក គាត់​អត់​មាន​ថា​អី គឺ​គាត់​គ្រាន់​តែ​យក​ទុក ហើយ​ស្ងាត់​អត់​មាន​ដោះស្រាយ»

ឆ្លើយ​តប​នឹង​បញ្ហា​នេះ អភិបាល​រង​ស្រុក​អូរជ្រៅ លោក ខាត់ សារ៉ាន់ មាន​ប្រសាសន៍​ថា ប្រជាពលរដ្ឋ​ទាំង​នោះ​ពុំ​ទាន់​យក​ឯកសារ​មក​ឲ្យ​អាជ្ញាធរ​ស្រុក ដើម្បី​ជួយ​សម្រួល​ដល់​ការ​ដោះស្រាយ​បញ្ហា​ដីធ្លី​ជូន​ពួក​គាត់​នៅ​ឡើយ៖ «កន្លង​មក​ខ្ញុំ​ហៅ​គាត់​ណែនាំ​ឲ្យ​ធ្វើ​ឯកសារ ម៉េច​បាន​ពួក​គាត់​មិន​មក​ធ្វើ? ហើយ​ម៉េច​បាន​គាត់​ថា​ឯកសារ​នៅ​អាជ្ញាធរ​ស្រុក

ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី ប្រធាន​អង្គការ​សិទ្ធិ​មនុស្ស​ដើម្បី​តម្លាភាព និង​សន្តិភាព អ្នកស្រី ម៉ម ស៊ីថា ដែល​បាន​ចុះ​ស្រាវជ្រាវ​ផ្ទាល់​ដល់​ទីកន្លែង​ដី​ទំនាស់ មាន​ប្រសាសន៍​ថា បញ្ហា​ទំនាស់​ដី​ធ្លី​របស់​ប្រជាពលរដ្ឋ អូស​បន្លាយ​ពេល​ដោយសារ​អាជ្ញាធរ​មូលដ្ឋាន​មិន​យក​ចិត្ត​ទុក​ដាក់​ដោះស្រាយ​ជូន​ពួក​គាត់។ អ្នកស្រី​អះអាង​ថា កន្លង​មក ប្រជាពលរដ្ឋ​តែង​តែ​សុំ​អន្តរាគមន៍​ពី​អាជ្ញាធរ​ឃុំ ស្រុក និង​ខេត្ត​ជា​បន្តបន្ទាប់​ដែរ តែ​អាជ្ញាធរ​បាន​ត្រឹម​សន្យា​ខ្យល់​ជាមួយ​ប្រជាពលរដ្ឋ ដោយ​មិន​ចាត់​វិធានការ​តាម​សំណើ​សុំ​របស់​ពួក​គាត់​នោះ​ទេ៖ «ខ្ញុំ​បាន​ទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​គ្រប់​នីតិវិធី យើង​មើល​ឃើញ​ថា អាជ្ញាធរ​ច្រើន​តែ​ឆ្លើយ​ដោះស្រាយ​ជាមួយ​ប្រជាពលរដ្ឋ​យក​រួច​ខ្លួន​រហូត។ ជាក់ស្ដែង​ករណី​ប្រធាន​គណៈកម្មការ​ទី​១ រដ្ឋសភា ចុះ​សួរ​សុខ​ទុក្ខ​ប្រជាពលរដ្ឋ ប៉ុន្តែ​អាជ្ញាធរ​មូលដ្ឋាន​បែរ​ជា​មិន​បាន​ចូលរួម ដោយ​យក​លេស​ថា​ជាប់​រវល់​ប្រជុំ​អ៊ីចឹង​ទៅ»

ប្រជាពលរដ្ឋ​នៅ​ស្រុក​អូរជ្រៅ កំពុង​តែ​ទន្ទឹង​រង់ចាំ​ការ​ដោះស្រាយ​ពី​សំណាក់​អាជ្ញាធរ​ពាក់ព័ន្ធ​បន្ត​ទៀត ដើម្បី​យក​ដី​ដាំដុះ​ដោះស្រាយ​ជីវភាព​គ្រួសារ​ប្រចាំ​ថ្ងៃ ពីព្រោះ​ពួក​គាត់​ក្រីក្រ ហើយ​ពុំ​មាន​ដី​ណា​ផ្សេង​ទៀត​ក្រៅ​ពី​ពឹង​ផ្អែក​ការ​អាស្រ័យ​ផល​លើ​ដី​ដែល​កំពុង​មាន​ទំនាស់​នោះ​ទេ។ អ្នកស្រី ម៉ម ស៊ីថា ពន្យល់​ថា បញ្ហា​ទាំងអស់​នេះ អាជ្ញាធរ​ពាក់ព័ន្ធ​អាច​ដោះស្រាយ​ជូន​ពួក​គាត់​បាន ប្រសិន​បើ​អាជ្ញាធរ​លើក​យក​បញ្ហា​នេះ​មក​ជជែក​ជាមួយ​ប្រជាពលរដ្ឋ​ប្រកប​ដោយ​ភាព​សុក្រឹត និង​យុត្តិធម៌៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។