សហគមន៍​ឃុំ​ជាំក្រវៀន​ខេត្ត​ត្បូង​ឃ្មុំ​ស្នើ​អាជ្ញាធរ​ជួយ​ដោះស្រាយ​បញ្ហា​ខ្វះ​ទឹក​ប្រើប្រាស់

ប្រជា​សហគមន៍​នៅ​ឃុំ​ជាំក្រវៀន ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ បញ្ជាក់​ថា ពលរដ្ឋ​ដែល​ធ្វើ​ចម្ការ​ស្រែ កំពុង​ប្រឈម​បញ្ហា​សុខភាព និង​ខ្វះ​ទឹក​សម្រាប់​ប្រើប្រាស់។ បញ្ហា​នេះ កើត​ឡើង​ដោយសារ​តែ​ទឹក​ព្រែក​មួយ​កន្លែង​សម្រាប់​អ្នក​ភូមិ​ប្រើប្រាស់​រាល់​ថ្ងៃ បាន​រីង​ស្ងួត បន្ទាប់​ពី​មាន​ជនជាតិ​វៀតណាម ទៅ​ជួល​ដី​ខ្មែរ​ដាំ​ដំណាំ​នៅ​តំបន់​នោះ ហើយ​ទប់​ទឹក​សម្រាប់​ស្រោចស្រព​ដំណាំ​របស់​ពួក​គេ។ បញ្ហា​នេះ អាជ្ញាធរ​មូលដ្ឋាន ថា​នឹង​ចុះ​ស្រាវជ្រាវ ប្រសិន​បើ​មាន​ពាក្យ​បណ្ដឹង​ពី​ប្រជាពលរដ្ឋ។

ប្រជា​សហគមន៍​ប្រមាណ ៣០​នាក់ នៅ​ព្រឹក​ថ្ងៃ​ទី​២៤ មីនា សម្រេច​នាំ​គ្នា​ទៅ​បើក​ទំនប់​ដែល​ជនជាតិ​វៀតណាម និង​ពលរដ្ឋ​ខ្មែរ​មួយ​គ្រួសារ​បាន​ទប់ ដើម្បី​បង្ហូរ​ទឹក​ទៅ​ផ្នែក​ខាង​ក្រោម​សម្រាប់​អ្នក​ភូមិ​អាច​ប្រើប្រាស់​ដូច​ធម្មតា​ឡើង​វិញ។ ពលរដ្ឋ​នាំ​គ្នា​ធ្វើ​ដូច្នេះ ក្រោយ​ពេល​ជនជាតិ​វៀតណាម មក​ជួល​ដី​ក្រុមហ៊ុន ម៉ែន សារុន ដាំ​ដំណាំ ដូចជា​អំពៅ ដំឡូងមី ម្រុំ ហើយ​ទប់​ទំនប់​ទុក​ទឹក​សម្រាប់​ប្រើប្រាស់​ផ្តាច់​មុខ។

ពលរដ្ឋ​នៅ​ភូមិ​ម្រន់ លោកស្រី លន់ ពៅ ឲ្យ​ដឹង​ថា រៀង​រាល់​ថ្ងៃ ប្រជាពលរដ្ឋ​នាំ​គ្នា​ប្រើប្រាស់​ទឹក​ព្រែក​ឃ្លី ដែល​មាន​ប្រភព​មក​ពី​តំបន់​ពាម​បី ក្នុង​ភូមិ​ជ្រៃឡើង ហូរ​កាត់​តាម​ដី​ក្រុមហ៊ុន ម៉ែន សារុន។ លោកស្រី​ថា អ្នក​ភូមិ​ចាប់​ផ្ដើម​ខ្វះខាត​ទឹក​ប្រើប្រាស់​ខ្លាំង​ប្រមាណ ២​ខែ​មក​ហើយ បន្ទាប់​ពី​មាន​ពលរដ្ឋ​វៀតណាម បាន​ទៅ​ជួល​ដី​ក្រុមហ៊ុន ម៉ែន សារុន ដាំ​ដំណាំ​ផ្សេងៗ ហើយ​ទប់​ទំនប់​ទុក​ទឹក​សម្រាប់​ប្រើប្រាស់ ម្យ៉ាង​ស្រប​ពេល​រដូវ​នេះ​ជា​រដូវ​រាំង​ស្ងួត​ស្រាប់​ផង។ មិន​តែ​ប៉ុណ្ណោះ ទឹក​ដែល​អ្នក​ភូមិ​អាច​ប្រើប្រាស់​បាន​ខ្លះ គឺ​មាន​ក្លិន​មិន​ល្អ និង​មាន​សារធាតុ​ពុល ពីព្រោះ​តែ​ជនជាតិ​វៀតណាម ទាំង​នោះ ប្រើប្រាស់​ជី និង​ថ្នាំ​ពុល​គីមី ហើយ​អាច​ហូរ​ចូល​ទឹក​ព្រែក​នោះ បណ្ដាល​ឲ្យ​អ្នក​ភូមិ​ប្រើប្រាស់​ទឹក​បង្ក​ជា​ជំងឺ​រាករូស​ទៀត​ផង៖ «ចេះ​តែ​ទ្រាំ​ទៅ ដល់​ពេល​ទ្រាំ​ទៅ មើល​ទៅ​មិន​អាច​តស៊ូ​បាន​ទៀត ដល់​វា​អស់​លទ្ធភាព វា​អត់​ទឹក»

ប្រជាពលរដ្ឋ​ដែល​កំពុង​ប្រឈម​បញ្ហា​ទឹក​ប្រើប្រាស់ គឺ​មាន​ប្រមាណ ២០០​គ្រួសារ មក​ពី​បណ្ដា​ឃុំ​ផ្សេងៗ​ក្នុង​ស្រុក​មេមត់ ដែល​នាំ​គ្នា​ទៅ​ធ្វើ​ចម្ការ​នៅ​តំបន់​ទួល​គ្រោះ និង​តំបន់​ទួល​ស្រឡៅ។ អ្នក​ភូមិ​មិន​អាច​មាន​ប្រភព​ទឹក​ផ្សេង​សម្រាប់​បរិភោគ និង​ស្រោច​ដំណាំ​ឡើយ ពីព្រោះ​តំបន់​នោះ​មាន​លក្ខណៈ​ជម្រាល​ភ្នំ​តូចៗ មិន​អាច​ជីក​អណ្ដូង​ចេញ​ទឹក​ទេ។ ពលរដ្ឋ​គ្រោង​នឹង​ដាក់​ពាក្យ​ប្ដឹង​ទៅ​អាជ្ញាធរ​ឲ្យ​ជួយ​ដោះស្រាយ​បញ្ហា​ទឹក​ប្រើប្រាស់ ពិសេស​ត្រួត​ពិនិត្យ​ចំពោះ​សកម្មភាព​ជនជាតិ​វៀតណាម ដាំ​ដំណាំ​នៅ​តំបន់​នោះ ខ្លាច​ក្រែង​មាន​បញ្ហា​នេះ​ជា​ថ្មី​ទៀត។

មេ​ឃុំ​ជាំក្រវៀន លោក អ៊ួច យឿន មាន​ប្រសាសន៍​ថា លោក​មិន​បាន​ដឹង​រឿង​នេះ​ទេ ហើយ​ពលរដ្ឋ​ទៅ​ដាំ​ដំណាំ​នៅ​តំបន់​នោះ​មិន​ស្ថិត​នៅ​ក្នុង​ទឹក​ដី​ឃុំ​ជាំក្រវៀន ឡើយ តែ​ជា​ដែនដី​ឃុំ​ទន្លូង ទៅ​វិញ៖ «បើ​ខ្ញុំ ខ្ញុំ​អត់​ដឹង​ទេ នោះ​គឺ​នៅ​លើ​ទឹក​ដី​ឃុំ​ទន្លូង»

ដោយឡែក​ជំទប់​ទី​១ ឃុំ​ទន្លូង ទទួល​បន្ទុក​ដីធ្លី លោក ពឹង ប៊ុនថន បញ្ជាក់​ថា លោក​មិន​ទាន់​ដឹង​រឿង​នេះ​ច្បាស់​ទេ ពីព្រោះ​ទឹក​ដី​នោះ​ជា​ចំណែក​ដី​ឃុំ​ជាំក្រវៀន ខ្លះ​ដែរ។ យ៉ាង​ណា​លោក​ថា អាជ្ញាធរ​នឹង​ចុះ​ស្រាវជ្រាវ ប្រសិន​បើ​មាន​ពាក្យ​បណ្ដឹង​ពី​ប្រជាពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់។ លោក​ឲ្យ​ដឹង​ថា នៅ​ស្រុក​មេមត់ បញ្ហា​ខ្វះ​ទឹក​ប្រើប្រាស់ គឺ​កើត​មាន​ស្ទើរ​គ្រប់​កន្លែង មិន​ចំពោះ​តែ​ពលរដ្ឋ​នៅ​តំបន់​ទួល​គ្រោះ​ឡើយ៖ «ទាល់​តែ​យើង​ដឹង​ថា​កន្លែង​ណា ទើប​យើង​ចេញ​ទៅ​មើល ទើប​ដឹង​ថា​មាន​វិធានការ​យ៉ាង​ម៉េច»

ទោះ​បី​យ៉ាង​ណា​ក៏ដោយ មន្ត្រី​សម្រប​សម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ខេត្ត​ត្បូងឃ្មុំ លោក នាង សុវ៉ាត មាន​ប្រសាសន៍​ថា រដូវ​ក្តៅ​ជា​ចំណែក​មួយ​ធ្វើ​ឲ្យ​ពលរដ្ឋ​ខ្វះខាត​ទឹក​ប្រើប្រាស់ ចំណែក​បញ្ហា​មួយ​ទៀត​ដែល​ធ្វើ​ឲ្យ​ប្រជា​សហគមន៍​ឃុំ​ជាំក្រវៀន ខ្វះ​ទឹក​ដែរ​នោះ គឺ​ដោយសារ​សកម្មភាព​ទប់​ទំនប់ និង​ការ​ប្រើប្រាស់​ទឹក​ច្រើន​ហួស​ហេតុ​ពី​សំណាក់​ជនជាតិ​វៀតណាម នៅ​ទីនោះ​តែ​ម្តង។

លោក​ថា អាជ្ញាធរ​ឃុំ​មិន​គួរ​រុញ​ច្រាន​ការ​ទទួល​ខុស​ត្រូវ​ដាក់​គ្នា​ឡើយ ប៉ុន្តែ​ធ្វើ​យ៉ាង​ណា​ដោះស្រាយ​បញ្ហា​ប្រឈម​របស់​ប្រជាពលរដ្ឋ​ទាំង​នោះ ពិសេស​បញ្ហា​សុខភាព​របស់​ពួក​គាត់។ លើស​ពី​នេះ​ទៀត ដើម្បី​ទទួល​បាន​ពាក្យ​បណ្ដឹង​ពី​ប្រជាពលរដ្ឋ​គ្រប់​ពេល អាជ្ញាធរ​មូលដ្ឋាន​ត្រូវ​បើក​កិច្ច​ប្រជុំ​ជា​រៀង​រាល់​ខែ ដោយ​មាន​ប្រជាពលរដ្ឋ​ចូលរួម ហើយ​ប្រមូល​ទុក្ខ​កង្វល់​របស់​ពួក​គាត់​សម្រាប់​ឈាន​ទៅ​រក​ដំណោះស្រាយ ប៉ុន្តែ​លោក​សង្កេត​ឃើញ​ថា កន្លង​មក អាជ្ញាធរ​មិន​បាន​ធ្វើ​បែប​នេះ​ឡើយ ទើប​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ពិបាក​សុំ​កិច្ច​អន្តរាគមន៍​នៅ​ពេល​មាន​បញ្ហា​កើត​ឡើង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។