ពលរដ្ឋ​នៅ​ស្ទឹងត្រែង​ព្រមាន​ដុត​គ្រឿងចក្រ​ក្រុមហ៊ុន​ដែល​ឈូស​ឆាយ​ព្រៃ​សហគមន៍

សហគមន៍​ក្បាលរមាស ស្រុក​សេសាន ខែត្រ​ស្ទឹងត្រែង ព្រមាន​ដុក​កម្ទេច​គ្រឿងចក្រ​របស់​ក្រុមហ៊ុន​សំអាត​បាត​អាង​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ បន្ទាប់​ពី​ក្រុម​ល្បាត​របស់​សហគមន៍ ៤០​នាក់ ប្រទះ​ឃើញ​គ្រឿងចក្រ​ចំនួន ៥​គ្រឿង បាន​ឈូស​ឆាយ​ព្រៃ​ក្នុង​បរិវេណ​ដី​ព្រៃ​សមូហភាព​សហគមន៍​នៅ​ថ្ងៃ​ទី​២៤ ខែ​មីនា។

​សហគមន៍​ជនជាតិ​ដើម​ភាគតិច​នៅ​ឃុំ​ក្បាលរមាស ស្រុក​សេសាន ទាមទារ​ឲ្យ​តំណាង​ក្រុមហ៊ុន និង​អាជ្ញាធរ​រដ្ឋាភិបាល​ផ្ដល់​ព័ត៌មាន​ជាក់លាក់​ស្ដីពី​ការ​កំណត់​ព្រំប្រទល់​បាត​អាង​ក្នុង​តំបន់​ព្រៃ​អភិរក្ស​របស់​សហគមន៍។

​សមាជិក​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ឃុំ​ក្បាលរមាស លោក គឹម ឌឿង បារម្ភ​ថា ព្រៃ​សហគមន៍​ឃុំ​ក្បាលរមាស មាន​ព្រៃស្រោង ឬ​ព្រៃ​ក្រាស​មួយ​ចំនួន​នៅ​សេសសល់​ចុង​ក្រោយ​ជា​ច្រើន​ហិកតារ កំពុង​ប្រឈម​នឹង​ការ​បាត់បង់។ លោក​បន្ត​ថា ក្រុមហ៊ុន​បាន​ឈូស​ឆាយ​ក្នុង​បរិវេណ​ដី​ព្រៃ​សហគមន៍​អស់​ប្រមាណ ៣​ហិកតារ រយៈពេល ៣​ថ្ងៃ​កន្លង​មក។ ចំណែក​គ្រឿងចក្រ​របស់​ក្រុមហ៊ុន​បាន​ត្រឡប់​ទៅ​វិញ បន្ទាប់​ពី​ក្រុម​ល្បាត​សហគមន៍​ចុះ​ឃាត់ និង​ព្រមាន​ដុត​កម្ទេច។ លោក​ថា អ្នក​ភូមិ​មិនទាន់​ទទួល​ព័ត៌មាន​ស្ដីពី​ការ​កំណត់​ព្រំប្រទល់​សម្អាត​បាត​អាង​ពី​អាជ្ញាធរ​មូលដ្ឋាន​នៅ​ឡើយ​ទេ៖ «សំអាត​បាត​អាង​អី ទីកន្លែង​ព្រៃ​តំណម ព្រៃ​ខ្មោច ហើយ​សំអាត​បាត​អាង​ម៉េច​ទៅ​រួច។ បើសិនជា​អាង​ស្តុង​ទឹក​មែន ជនជាតិ​ដើម​ភាគ​តិច​មាន​ដី​ព្រំ​កំណត់​សមូហភាព​របស់​គេ»

​ឆ្លើយ​តប​រឿង​នេះ តំណាង​ក្រុមហ៊ុន​សំអាត​បាត​អាង​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ លោក អ៊ុំ រ៉េត អះអាង​ថា ក្រុមហ៊ុន​បាន​កំណត់​ព្រំប្រទល់​សំអាត​បាត​អាង​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ តាំង​ពី​ឆ្នាំ​២០១៣ ដែល​មាន​គណៈកម្មការ​អន្តរក្រសួង​ចូល​រួម​ត្រួត​ពិនិត្យ និង​វាយ​តម្លៃ។ លោក​ថា ក្រុមហ៊ុន​បាន​ឈូស​ឆាយ​ក្នុង​បរិវេណ​បាត​អាង​ដែល​កំណត់​ជាក់លាក់ និង​ទទួល​ស្គាល់​ដោយ​ក្រសួង​ពាក់ព័ន្ធ។

លោក​ថា តំណាង​ក្រុមហ៊ុន និង​គណៈកម្មការ​ដោះស្រាយ​ផល​ប៉ះពាល់​បាន​រក​មធ្យោបាយ​ពន្យល់​ពលរដ្ឋ​ឲ្យ​ចូលរួម​សហការ​ចុះ​ស្រង់​ស្ថិតិ​ផ្ដល់​សំណង​ផល​ប៉ះពាល់​ជា​ច្រើន​លើក តែ​អ្នក​ភូមិ​នៅ​តែ​ជំទាស់ និង​រារាំង​ប្រតិបត្តិការ​ក្រុមហ៊ុន​អភិវឌ្ឍន៍​ទំនប់៖ «ខែ​បួន ឆ្នាំ​២០១៧ ត្រូវ​ទឹក​លិច​ហើយ បើ​មិន​ឲ្យ​គេ​ធ្វើ​ដល់​ពេល​ណា​ទៀត? ម៉ាស៊ីន​គិត​លេខ​មក​ចុច​មើល ដី​ប៉ុន្មាន​ម៉ឺន​ហិកតារ​ត្រូវ​ឈូស​ឲ្យ​ហើយ​នៅ​ឆ្នាំ​ក្រោយ ហើយ​ប៉ុន្មាន​ខែ​ទៀត​ខែ​ភ្លៀង យើង​ឈូស​ឆាយ​ម៉េច​កើត? គាត់​អត់​យល់​ពី​សកម្មភាព​អភិវឌ្ឍន៍​ទេ រាំង​ស្ទះ​អ៊ីចឹង។ គាត់​នៅ​តែ​រឹង​ទទឹង​មិន​ចូល​រួម​សហការ​ស្រង់​ស្ថិតិ អ៊ីចឹង​ខ្ញុំ និង​គណៈកម្មការ​អត់​មាន​វិធី​ពន្យល់ ហើយ​អ៊ីចឹង​គាត់​នៅ​ដី​ទួល»

​ដី​ព្រៃ​សហគមន៍​ឃុំ​ក្បាលរមាស ស្រុក​សេសាន លាត​សន្ធឹង​លើ​ផ្ទៃដី​ចំនួន​ជាង ១​ម៉ឺន​ហិកតារ ដែល​មាន​ព្រំប្រទល់​ពី​ភូមិ​ក្របីជ្រំ ឃុំ​ក្បាលរមាស ជាប់​មាត់​ទន្លេ​ស្រែពក និង​ជាប់​អូរផ្ដៅ។

មេ​ឃុំ​ក្បាលរមាស លោក រឿន សម្បត្តិ និយាយ​ថា គ្រឿងចក្រ​របស់​ក្រុមហ៊ុន​បាន​ឈូស​ឆាយ​នៅ​តំបន់​បរិវេណ​សម្អាត​បាត​អាង បន្ទាប់​ពី​មន្ត្រី​បច្ចេកទេស​បាន​បែងចែក​កំណត់​ព្រំប្រទល់​ជាក់លាក់។ លោក​ថា វា​ជា​ការ​លំបាក​ក្នុង​ការ​ប្ដូរ​ឥរិយាបថ​អ្នក​ភូមិ​មួយ​ចំនួន​ដែល​ជំទាស់​នឹង​គម្រោង​អភិវឌ្ឍន៍ ខណៈ​អាជ្ញាធរ​រដ្ឋាភិបាល​បាន​ព្យាយាម​រក​មធ្យោបាយ​អប់រំ​ពួកគាត់​ពី​ការ​ផ្ដល់​សំណង​ផល​ប៉ះពាល់៖ «គ្រឿងចក្រ​គេ​ធ្វើ​ទៅ​តាម​ចំណុច​ដែល​បាន​កំណត់​ឲ្យ។ គាត់​មិន​ព្រម​ចេញ​តាម​គម្រោង ស៊ូ​ស្លាប់​នៅ​កន្លែង​នោះ។ គាត់​ការពារ​ព្រៃឈើ​សម្រាប់​ពួកគាត់»

​ទីប្រឹក្សា​នៃ​អង្គការ​បណ្ដាញ​ការពារ​ទន្លេ​បី លោក មៀច មាន យល់​ថា អាជ្ញាធរ​មូលដ្ឋាន​ជា​សេនាធិការ​របស់​រដ្ឋាភិបាល ត្រូវ​ប្រាកដ​ថា ព្រំប្រទល់​បាត​អាង​ត្រឹមណា​ដើម្បី​ផ្សព្វផ្សាយ​ដល់​ពលរដ្ឋ​ឲ្យ​ជ្រាប​ច្បាស់​ពី​គម្រោង​អភិវឌ្ឍន៍​ដើម្បី​ចៀសវាង​បាតុភាព​កើត​ឡើង។ លោក​ថា ប្រសិន​សហគមន៍​អភិរក្ស​ព្រៃឈើ​ក្បាលរមាស ទទួល​ស្គាល់​ផ្លូវ​ការ អាជ្ញាធរ​រដ្ឋាភិបាល​ត្រូវ​ជួប​ប្រជុំ​ជាមួយ​សហគមន៍ ហើយ​ដក​អាជ្ញាប័ណ្ណ​ពី​សហគមន៍​ជា​មុន​សិន ទើប​អាច​មាន​សិទ្ធិ​សម្រេច​ដី​នៅ​តំបន់​នោះ៖ «បើ​សហគមន៍​ព្រៃឈើ​ស្រប​ច្បាប់​មែន បើ​រដ្ឋ​ចង់​ដក​ត្រូវ​ប្រកាស​ជូន​ដំណឹង ហើយ​លុប​កិច្ច​ព្រមព្រៀង​របស់​សហគមន៍​ចោល។ តែ​បើ​មន្ត្រី​ជំនាញ​មិន​បាន​ប្រកាស​ទេ សហគមន៍​នៅ​តែ​មាន​សិទ្ធិ​ក្នុង​ការ​ការពារ អ៊ីចឹង​អ្នក​ណា​ចូល​ទៅ​ឈូស​ឆាយ​ក្នុង​នោះ​ជា​រឿង​ល្មើស​ច្បាប់»

​គោលនយោបាយ​ផ្ដល់​សំណង​ផល​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​នៅ​ឃុំ​ក្បាលរមាស ឋិត​ក្នុង​គម្រោង​ជម្លៀស​ពលរដ្ឋ​ចេញ​ពី​លំនៅឋាន​នៅ​តាំង​ទី​លំនៅ​ថ្មី ក្រៅ​ពី​​​ផ្ដល់​សំណង​ជា​ផ្ទះសម្បែង ដី​លំនៅឋាន និង​ផលដំណាំ រាជរដ្ឋាភិបាល​សម្រេច​ផ្ដល់​ដី​កសិកម្ម​ជា​កម្មសិទ្ធិ​ជូន​អ្នក​ភូមិ​ក្នុង​មួយ​គ្រួសារ ៥​ហិកតារ​ដូចៗ​គ្នា។ ទោះ​ជា​យ៉ាង​ណា រហូត​បច្ចុប្បន្ន ប្រជាពលរដ្ឋ ៥៣​គ្រួសារ​ក្នុង​ចំណោម​អ្នក​ភូមិ​សរុប​ចំនួន​ជាង ១៤០​គ្រួសារ មិន​ទាន់​យល់​ព្រម​ទទួល​យក​សំណង ហើយ​ប្ដេជ្ញា​ថា នឹង​មិន​ព្រម​ចាក​ចេញ​ពី​លំនៅឋាន​ឡើយ ដោយ​ទាមទារ​បង្កើត​ផែនការ​ដោះស្រាយ​ផល​ប៉ះពាល់​ដោយ​ខ្លួន​ឯង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។