ពលរដ្ឋ​មក​ពី​ខេត្ត​បាត់ដំបង​ស្នើ​សុំ​កិច្ច​អន្តរាគមន៍​ពី​លោក ហ៊ុន សែន រឿង​ដីធ្លី

ពលរដ្ឋ​ប្រមាណ៥០នាក់​មក​ពី​ឃុំ​សិរីមានជ័យ ស្រុក​សំពៅលូន ខេត្ត​បាត់ដំបង នៅ​ថ្ងៃទី២៤ ខែ​មីនា បាន​ដាក់​ញត្តិ​នៅ​រដ្ឋសភា​ស្នើ​សុំ​កិច្ច អន្តរាគមន៍​ដោះ​ស្រាយ​បញ្ហា​ដី​ធ្លី​ប្រមាណ​៦០០​ហិកតារ ដល់​ពលរដ្ឋ​១៣៥​គ្រួសារ​ និង​សុំ​ដោះលែង​តំណាង​ពលរដ្ឋ​ម្នាក់​ឈ្មោះ ឆន ឆាត ត្រូវ​សាលាដំបូង​ខេត្ត​បាត់​ដំបង​ឃុំ​ខ្លួន​ដោយ​សារ​តែ​រឿង​តវ៉ា​ដី​ធ្លី​កាល​ពីថ្ងៃទី៣១​ខែ​មករា​ ឆ្នាំ២០១៦។

ញត្តិ​ដែល​បាន​ដាក់​ទៅ​រដ្ឋ​សភា​នោះ​ឲ្យ​ដឹង​ថា ក្រុមហ៊ុន សួន មានសម្បត្តិ ទទួល​បាន​សិទ្ធិ​ដី​សម្បទាន​សេដ្ឋកិច្ច ​ដែល​មាន​ទី​តាំង​ក្នុង​ភូមិ​អូរគគីរ​ និង​ភូមិ​ទួល​ក្រសាំង​ឃុំ​សិរី​មាន​ជ័យ ​ស្រុក​សំពៅ​លូន កាល​ពី​ថ្ងៃ​ទី​០៦ ខែ​កញ្ញា ឆ្នាំ​២០១១ បាន​ធ្វើឲ្យ​ប៉ះពាល់​ដី​ស្រែ​ចម្ការ​ចំនួន​៦០០ហិកតារ ដែល​កាន់​កាប់​ស្រប​ច្បាប់​របស់​ពលរដ្ឋ។ ក្នុង​ញត្តិ​ដដែល​នោះ​ឲ្យ​ដឹង​ទៀត​ថា ក្រុមហ៊ុន​នេះ​ឃុបឃិត​ជា​មួយ​មន្ត្រី​បរិស្ថាន​គូស​ផែនទី​បំពាន​លើ​ដី​ស្រែ​ចម្ការ របស់​ពលរដ្ឋ​ហើយ​រឹប​អូស​យក​ជា​កម្ម​សិទ្ធិ​របស់​ក្រុមហ៊ុន។ ម្យ៉ាងវិញទៀត​ពលរដ្ឋ​ម្នាក់​ឈ្មោះ ឆន ឆាត ត្រូវ​បាន​សាលា​ដំបូង​ចេញ​ដី​ការ​ចាប់​ខ្លួន​ផង​ដែរ។

តំណាង​ពលរដ្ឋ លោក គូយ ជឿន មាន​ប្រសាសន៍​ថា​ ការ​ចុះ​វាស់​វែង​របស់​ក្រុមហ៊ុន​សួន​មាន​សម្បត្តិ​ដែល​ទទួល​ បាន​សិទ្ធិ​ដី​សម្បទាន​សេដ្ឋ​កិច្ច​ពី​រដ្ឋាភិបាល​នោះ​ធ្វើ​ឲ្យ​ពួក​គាត់​បាត់​បង់​ដី​ធ្លី។

លោកស្រី សុត ថង ដែល​ត្រូវ​ជា​ភរិយា លោក ឆន ឆាត ឲ្យ​ដឹង​ថា​ក្រោយ​គេ​ចាប់​ខ្លួន​ប្ដី​លោកស្រី​មក​ក្រុម​គ្រួសារ​មាន​បញ្ហា​ជីវភាព​ធ្ងន់ធ្ងរ ។ ម្យ៉ាងវិញទៀត​លោក ស្រី ពុំ​មាន​ដី​សម្រាប់​ប្រកប​របរ​រក​ធ្វើ​ស្រែ​ចម្ការ​នោះ​ឡើយ។ លោកស្រី ស្នើ​ប្រមុខ​រដ្ឋាភិបាល​ឲ្យ​ជួយ​អន្តរាគមន៍​ដោះ​លែង​ប្ដី​របស់​លោក​ស្រី​ផង។

តំណាង​រដ្ឋសភា​បាន​ទទួល​យក​ញត្តិ​ដែល​ពលរដ្ឋ​បាន​ដាក់​ជូន​ហើយ​នៅ​ថ្ងៃ​នេះ តែ​លទ្ធ​ផល​យ៉ាងណា​នោះ មិន​ទាន់​ដឹង​នៅ​ឡើយ​ទេ។

អាស៊ី​សេរី​មិន​អាច​រក​ប្រភព​បំភ្លឺ​ពី​ក្រុមហ៊ុន សួន មានសម្បត្តិ និង​មន្ត្រី​បរិស្ថាន​តាម​ការ​​ចោទប្រកាន់​របស់​ពលរដ្ឋ​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី២៤ ខែ​មីនា។ ចំណែក​ពលរដ្ឋ​ដែល​ឡើង​មក​តវ៉ា​នៅ​ពេល​នេះ អះអាង​ថា ពួកគេ​នឹង​បន្ត​ការ​តវ៉ា​ទៀត​បើ​គ្មាន​ដំណោះ​ស្រាយ​សមរម្យ​ជូន​ពួក​គាត់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។