ចិន​ផ្ដល់​មូលនិធិ​១០​ប៊ីលាន​ដុល្លារ​សម្រាប់​ប្រទេស​តាម​ដង​ទន្លេ​មេគង្គ

មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​កម្ពុជា ឲ្យ​ដឹង​ថា ប្រទេស​ចិន សម្រេច​ផ្ដល់​មូលនិធិ ១០​ប៊ីលាន​ដុល្លារ​សហរដ្ឋ​អាមេរិក និង​ប្រាក់​យ័ន​ចិន​ចំនួន​១០​ប៊ីលាន​ទៀត ដល់​បណ្ដា​ប្រទេស​តាម​ដង​ទន្លេ​មេគង្គ ក្នុង​ពេល​កម្ពុជា ចូលរួម​កិច្ច​ប្រជុំ​កំពូល​មេគង្គ-ឡានឆាង។

ថវិកា​ដែល​ចិន​គ្រោង​នឹង​ជួយ​នោះ គឺ​ទឹក​ប្រាក់​១០​ប៊ីលាន​យ័ន សម្រាប់​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ចិន និង​បណ្ដា​ប្រទេស​៥​ជាប់​ដង​ទន្លេ​មេគង្គ។ ចំណែក​ទឹក​ប្រាក់១០​ប៊ីលាន​ដុល្លារ​ទៀត ត្រូវ​ចែក​ចេញ​ជា​ពីរ គឺ​ពាក់​កណ្ដាល សម្រាប់ ទិញ​សម្ភារៈ​របស់​ចិន និង​ពាក់​កណ្ដាល​ទៀត ជា​ប្រភេទ​ប្រាក់​កម្ចី​មាន​ការ​ប្រាក់​ទាប។

នៅ​ថ្ងៃ​ទី២៤ ខែ​មីនា​នេះ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​វិល​ត្រឡប់​មក​ដល់​ប្រទេស​កម្ពុជា​វិញ បន្ទាប់​ពី​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​មេគង្គ-ឡានឆាង និង​ចូលរួម​សន្និសីទ​ប្រចាំ​ឆ្នាំ​នៃ​វេទិកា​ប៉អាវ (Bo Ao) ប្រទេស​ចិន រយៈពេល​៣​ថ្ងៃ។

រដ្ឋមន្ត្រី​អម​នាយករដ្ឋមន្ត្រី លោក កៅ គឹមហួន ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន នៅ​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ ថា ទឹកប្រាក់​នេះ ផ្ដល់​សារៈសំខាន់​ដល់​ប្រទេស​កម្ពុជា។

ក្រៅ​ពី​ការ​ប្រកាស​ផ្ដល់​ជំនួយ​ជា​ថវិកា​នេះ ចិន​ក៏​ផ្ដល់​អាហារូបករណ៍​ជាង​២ម៉ឺន សម្រាប់​និស្សិត និង​មន្ត្រី​នៃ​បណ្ដា​ប្រទេស​ទាំង​៥នេះ។

លោក កៅ គឹមហួន បន្ត​ថា លោក ហ៊ុន សែន ស្នើ​ប្រទេស​ចិន បើក​ទឹក​ទន្លេ​ឡាន​ឆាង ឲ្យ​បាន​ដល់​ប្រទេស​កម្ពុជា ប្រើប្រាស់​គ្រប់គ្រាន់ ខណៈ​ប្រទេស​នៅ​ផ្នែក​ខាងលើ ធ្វើ​សកម្មភាព​ទប់​ទឹក​ទន្លេ​មេគង្គ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។