អ្នក​ច្បាប់​ថា​លោក ឈាង វុន និង​អភិបាល​ខេត្ត​កំពង់ឆ្នាំង​បំពាន​កិច្ចការ​រដ្ឋបាល

តាម​ច្បាប់​ជា​ធរមាន តំណាង​រាស្ត្រ ឬ​មន្ត្រី​រដ្ឋាភិបាល​ណា​ដែល​ប្រើប្រាស់​តួនាទី​របស់​ខ្លួន​ក្នុង​នាម​ជា​មន្ត្រី​សាធារណៈ ដើម្បី​ផល​ប្រយោជន៍​ឯកជន​របស់​ខ្លួន បណ្ដាល​ឲ្យ​មាន​ការ​យល់​ច្រឡំ​ក្នុង​ការ​បំពេញ​កិច្ចការ​រដ្ឋបាល​សាធារណៈ​នោះ គឺ​ជា​អំពើ​រំលោភ​ច្បាប់។

ថ្មីៗ​នេះ មាន​ការ​លេច​ធ្លាយ​នូវ​ការ​ប្រើប្រាស់​ក្បាល​លិខិត​របស់​រដ្ឋសភា ដោយ​តំណាង​រាស្ត្រ ឈាង វុន និង​ត្រា​រដ្ឋបាល​សាលា​ខេត្ត​កំពង់ឆ្នាំង ដោយ​អភិបាល​ខេត្ត លោក ឈួរ ច័ន្ទឌឿន ដើម្បី​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន ដែល​អ្នក​ច្បាប់​យល់​ថា​ជា​រឿង​មិន​ត្រឹមត្រូវ។

លោក​មេធាវី នូ ទេពីរិទ្ធ មាន​ប្រសាសន៍​ថា មន្ត្រី​សាធារណៈ​ត្រូវ​បែង​ចែក​ឲ្យ​ច្បាស់​រវាង​កិច្ចការ​សាធារណៈ​ដែល​ជា​ការងារ​ប្រយោជន៍​រដ្ឋ និង​កិច្ចការ​ឯកជន។ លោក​ថា ការ​យក​មធ្យោបាយ​របស់​រដ្ឋ​មក​ប្រើប្រាស់​ជា​ឈ្នាន់​ដើម្បី​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន មិន​ត្រឹម​តែ​បំពាន​កិច្ចការ​រដ្ឋបាល​សាធារណៈ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ធ្វើ​ឲ្យ​ប៉ះពាល់​ភាព​ថ្លៃថ្នូរ​ដល់​ស្ថាប័ន​ទៀត​ផង។

លោក​មេធាវី នូ ទេពីរិទ្ធ ថ្លែង​ថា «គេ​មិន​អាច​យក​លិខិត​រដ្ឋបាល​ទៅ​ប្រើប្រាស់​សម្រាប់​កិច្ចការ​ឯកជន​ទេ ពីព្រោះ​លិខិត​រដ្ឋបាល​តែង​មាន​ឡូកូ (Logo) សម្រាប់​បង្ហាញ​អំពី​អត្តសញ្ញាណ​តម្លៃ​នៃ​ស្ថាប័ន​របស់​ខ្លួន​ឯង​ហ្នឹងអ្នក​ប្រើប្រាស់​លិខិត​រដ្ឋបាល មិន​ត្រូវ​ប្រើប្រាស់​កិច្ចការ​ឯកជន​ច្របូកច្របល់​ជាមួយ​កិច្ចការ​ស្ថាប័ន​របស់​ខ្លួន​ឯង​ទេ ធ្វើ​ឲ្យស្ថាប័ន​ខ្លួន​ឯងត្រូវ​គេ​ប្រមាថ និង​មើល​មិន​ដឹង​ថា កិច្ចការ​ណា​ជា​កិច្ចការ​រដ្ឋបាល និង​កិច្ចការ​ណា​ជា​កិច្ចការ​ឯកជន»

ថ្មីៗ​នេះ មាន​ការ​លេច​ធ្លាយ​នូវ​ព័ត៌មាន​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) ដែល​អ្នក​ច្បាប់​បញ្ជាក់​ថា ជា​ការ​រំលោភ​ច្បាប់ និង​អំណាច​ផង​ពី​សំណាក់​អ្នក​តំណាង​រាស្ត្រ ឈាង វុន និង​អភិបាល​ខេត្ត​កំពង់ឆ្នាំង លោក ឈួរ ច័ន្ទឌឿន ទៅ​លើ​កិច្ចការ​រដ្ឋបាល​សាធារណៈ។

លោក ឈាង វុន បាន​ប្រើប្រាស់​ក្បាល​លិខិត​ផ្លូវ​ការ​របស់​រដ្ឋសភា ផ្ញើ​ជូន​រដ្ឋមន្ត្រី​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ លោក ប្រាក់ សុខុន ចុះ​កាលបរិច្ឆេទ​ថ្ងៃ​ទី​១៧ ខែ​ធ្នូ ឆ្នាំ​២០១៥ ស្នើសុំ​កិច្ច​អន្តរាគមន៍​ក្នុង​រឿង​ឯកជន​របស់​លោក។ លោក ឈាង វុន បាន​ផ្ញើ​លិខិត​នោះ​ទៅ លោក ប្រាក់ សុខុន ឲ្យ​ជួយ​សម្រួល​ដោះស្រាយ​បង្គោល​ភ្លើង​បី​បង្គោល ដែល​មាន​បញ្ហា​នៅ​ខាង​មុខ​ភោជនីយដ្ឋាន​របស់​លោក និង​កូន​ប្រុស​លោក នៅ​ខណ្ឌ​ចំការមន ក្រុង​ភ្នំពេញ។

មេធាវី​ចាស់​វស្សា​មួយ​រូប​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ និង​សំឡេង​ពន្យល់​ថា អំពើ​ប្រព្រឹត្ត​របស់​អ្នក​តំណាង​រាស្ត្រ ឈាង វុន គឺ​បាន​រំលោភ​អំណាច​របស់​អង្គ​នីតិប្រតិបត្តិ ដោយ​ការ​ចេញ​លិខិត​មិន​បាន​ឆ្លង​កាត់​ថ្នាក់​ដឹក​នាំ​រដ្ឋសភា។ តាម​ផ្លូវ​ច្បាប់ នៅ​ពេល​តំណាង​រាស្ត្រ​ណា​មួយ​ដែល​ត្រូវ​ការ​ទាក់ទង​ជាមួយ​រដ្ឋាភិបាល គឺ​ត្រូវ​ឆ្លង​កាត់​ប្រធាន​រដ្ឋសភា ហើយ​កិច្ចការ​នោះ​ត្រូវ​តែ​ជា​ប្រយោជន៍​សាធារណៈ។ ប៉ុន្តែ​លិខិត​របស់ លោក ឈាង វុន ដែល​ប្រើប្រាស់​ក្បាល​លិខិត​របស់​រដ្ឋសភា​នោះ ជា​កិច្ចការ​ផ្ទាល់​ខ្លួន និង​មិន​បាន​ឆ្លង​កាត់​ប្រធាន​រដ្ឋសភា​ទៀត​ផង។

ទង្វើ​របស់ លោក ឈាង វុន ក៏​អាច​បង្ក​ឲ្យ​មាន​ការ​យល់​ច្រឡំ​ក្នុង​ការ​បំពេញ​មុខងារ​សាធារណៈ​ផង​ដែរ។ ក្នុង​ន័យ​នេះ រដ្ឋមន្ត្រី​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ អាច​មាន​ការ​យល់​ច្រឡំ​ថា លិខិត​របស់​តំណាង​រាស្ត្រ ឈាង វុន ជា​លិខិត​ផ្លូវ​ការ​របស់​រដ្ឋសភា។ អំពើ​ដែល​នាំ​ឲ្យ​មាន​ការ​ភ័ន្ត​ច្រឡំ​ក្នុង​ការ​បំពេញ​មុខងារ​សាធារណៈ អាច​បំពាន​ច្បាប់​ព្រហ្មទណ្ឌ។

មាត្រា​៦១០ នៃ​ក្រម​ព្រហ្មទណ្ឌ​ចែង​ថា បទ​ធ្វើ​សកម្មភាព​បង្កើត​ឲ្យ​មាន​ការ​យល់​ច្រឡំ​ជាមួយ​ការ​បំពេញ​មុខងារ​សាធារណៈ ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ១​ខែ​ទៅ ១​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ១​សែន​រៀល​ទៅ ២​លាន​រៀល បុគ្គល​ដែល​ធ្វើ​សកម្មភាព​នៅ​ក្នុង​លក្ខខណ្ឌ​ដែល​អាច​នាំ​ឲ្យ​សាធារណជន​យល់​ច្រឡំ​ថា​ជា​ការ​បំពេញ​មុខងារ​សាធារណៈ។

លោក ឈាង វុន បាន​ប្រាប់​កាសែត​ក្នុង​ស្រុក​ថា លោក​មិន​បាន​ធ្វើ​ខុស​ច្បាប់​ទេ។

ចំណែក​អភិបាល​ខេត្ត​កំពង់ឆ្នាំង លោក ឈួរ ច័ន្ទឌឿន ដែល​បាន​ប្រើប្រាស់​លិខិត​រដ្ឋបាល និង​ត្រា​សាលា​ខេត្ត ដើម្បី​អញ្ជើញ​ព្រះរាជអាជ្ញា​អម​សាលា​ដំបូង​ខេត្ត គឺ​លោក យូ ទិត្យវឌ្ឍនៈ ឲ្យ​ទៅ​ចូលរួម​ក្នុង​ពិធី​លើក​ជំនូន​ការ​កូន​ឯកឧត្តម គុយ សុផល ទេសរដ្ឋមន្ត្រី​ទទួល​បន្ទុក​កិច្ចការ​ទូទៅ​អម​ក្រសួង​ព្រះបរមរាជវាំង​វិញ​នោះ មាន​ប្រសាសន៍​ប្រាប់​កាសែត​ក្នុង​ស្រុក​ថា លោក​មាន​កំហុស​ដោយ​ចុះ​ហត្ថលេខា​ទាំង​ប្រញាប់ប្រញាល់ មិន​បាន​មើល​ក្បាល​លិខិត។

មាត្រា​៦១១ នៃ​ក្រម​ព្រហ្មទណ្ឌ​ចែង​ថា បទ​ប្រើប្រាស់​លិខិត ឬ​ឯកសារ​ដែល​បង្កើត​ឲ្យ​មាន​ការ​ភ័ន្ត​ច្រឡំ ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ១​ខែ​ទៅ ១​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ១​សែន​រៀល​ទៅ ២​លាន​រៀល អំពើ​ប្រើប្រាស់​ដោយ​គ្មាន​សិទ្ធិ​នូវ​លិខិត ឬ​ឯកសារ​ដែល​មាន​ភាព​ប្រហាក់ប្រហែល​គ្នា​នឹង​លិខិត​រដ្ឋបាល​សាធារណៈ ឬ​តុលាការ ដែល​អាច​បង្កើត​ឲ្យ​មាន​ការ​ភ័ន្ត​ច្រឡំ​នៅ​ក្នុង​ស្មារតី​នៃ​សាធារណជន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។