រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​នឹង​ចូល​បំភ្លឺ​នៅ​រដ្ឋសភា​ពី​ការ​អនុវត្ត​របស់​តុលាការ​នៅ​ថ្ងៃ​ទី​២៥​មីនា

រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ លោក អង្គ វង្សវឌ្ឍានា នឹង​ចូល​ឆ្លើយ​បំភ្លឺ​ចំពោះ​មុខ​គណៈកម្មការ​សិទ្ធិ​មនុស្ស និង​ទទួល​ពាក្យ​បណ្ដឹង ឬ​គណៈកម្មការ​ទី​១ រដ្ឋសភា នៅ​ថ្ងៃ​ទី​២៥ ខែ​មីនា។ សេចក្តី​ជូន​ដំណឹង​របស់​រដ្ឋសភា ផ្សព្វផ្សាយ​នៅ​ថ្ងៃ​ទី​២៤ មីនា ឲ្យ​ដឹង​ថា ប្រធានបទ​នៃ​ការ​បំភ្លឺ​នោះ គឺ​ពាក់ព័ន្ធ​នឹង​ការ​អនុវត្ត​ការងារ​របស់​តុលាការ​ក្នុង​ពេល​កន្លង​មក។

ការ​កោះ​ហៅ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ ឲ្យ​ចូល​ឆ្លើយ​បំភ្លឺ​នៅ​គណៈកម្មការ​ជំនាញ​រដ្ឋសភា​នេះ ធ្វើ​ឡើង​មួយ​សប្ដាហ៍​ប៉ុណ្ណោះ ក្រោយ​ពី​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ លោក អង្គ វង្សវឌ្ឍានា កោះ​ហៅ​ប្រធាន​សាលា​ដំបូង និង​ព្រះរាជអាជ្ញា​គ្រប់​រាជធានី-ខេត្ត មក​ពិភាក្សា​ពី​គោលការណ៍​នៃ​ការ​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​ក្នុង​ទំនាស់​ដីធ្លី បន្ទាប់​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន លូក​ដៃ​អន្តរាគមន៍​ឲ្យ​តុលាការ​ខេត្ត​កំពង់ស្ពឺ ដោះលែង​ស្ត្រី ២​នាក់​បាន​នៅ​ក្រៅ​ឃុំ និង​ពី​ទំនាស់​ដីធ្លី​របស់​ទាហាន ៥​គ្រួសារ​នៅ​ខេត្ត​បន្ទាយមានជ័យ។

ការ​កោះ​ហៅ​របស់​គណៈកម្មការ​សភា​នេះ ក៏​ស្រប​ពេល​ដែល​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គ​ចៅក្រម កោះ​ហៅ​ចៅក្រម និង​ព្រះរាជអាជ្ញា​មក​ពី​ទូទាំង​ប្រទេស ធ្វើ​សិក្ខាសាលា​ក្រើន​រំឭក​ពី​ក្រម​សីលធម៌​ការងារ​របស់​ពួក​គេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។