​បច្ចេកវិទ្យា​អវកាស​អាច​នឹងត្រូវ​ពង្រីក​វិសាលភាព​ហួស​ពី​រមណីយដ្ឋាន​អង្គរ​

ភ្នំពេញ:
​បច្ចេកវិទ្យា​អវកាស (Remote Sensing) ដែល​កំពុង​អនុវត្ត​លើ​ការងារ​អភិរក្ស​ក្នុង​រមណីយដ្ឋាន​អង្គរ​សព្វថ្ងៃ អាច​នឹងត្រូវ​ពង្រីក​វិសាលភាព​របស់ខ្លួន​ទៅកាន់​តំបន់​បេតិកភណ្ឌ​ដទៃទៀត ដូចជា ប្រាសាទព្រះវិហារ ប្រាសាទ​កោះ​កេរ និង​ប្រាសាទបេង​មាលា​ជាដើម​។ នេះ​បើ​យោងតាម​លទ្ធផល​នៃ​កិច្ចពិភាក្សា​រវាង​លោក​បណ្ឌិតសភា​ចា​រ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី និង​ជា​ប្រធាន​អាជ្ញាធរ​ជាតិ​អប្សរា ជាមួយ​លោក​សាស្ត្រាចារ្យ Bai Chunli ប្រធាន​បណ្ឌិតសភា​វិទ្យាសាស្ត្រ​ចិន នៅ​ទីស្នាក់ការ​អាជ្ញាធរ​ជាតិ​អប្សរា នា​ល្ងាច​ថ្ងៃទី​២២ ខែមីនា ឆ្នាំ​២០១៦​កន្លងទៅនេះ​។​

​ផ្តល់​បទសម្ភាសន៍​ជូន​អ្នកសារព័ត៌មាន​ក្រោយ​កិច្ចប្រជុំ​ពិភាក្សា​នេះ លោក ហង់ ពៅ អគ្គនាយករង​នៃ​អាជ្ញាធរ​ជាតិ​អប្សរា ទទួលបន្ទុក​លើ​ការប្រើប្រាស់​បច្ចេកវិទ្យា​អវកាស​នេះ​បញ្ជាក់ថា បច្ចេកវិទ្យា​អវកាស​គឺជា​បច្ចេកវិទ្យា​ផ្កាយរណប ដែល​អាច​ឲ្យ​យើង​ដឹង​ពី​បម្រែបម្រួល​ក្នុង​តំបន់​អង្គរ​ជាប្រចាំ​។ បច្ចេកវិទ្យា​នេះ​ប្រើប្រាស់​ដើម្បី​គ្រប់គ្រង​ទឹក ព្រៃឈើ និង​ប្រជាជន​ដែល​រស់នៅក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​។ តាមរយៈ​បច្ចេកវិទ្យា​នេះ យើង​បានទទួល​ព័ត៌មាន​រៀងរាល់​៤​ថ្ងៃ​ម្តង​អំពី​បម្រែបម្រួល​ក្នុង​តំបន់​អង្គរ​។​

​លោក​បញ្ជាក់ថា ក្នុង​កិច្ចប្រជុំ​នេះ​លោក​បណ្ឌិត​សភាចា​រ្យ​បានស្នើ​ឲ្យ​បណ្ឌិតសភា​វិទ្យាសាស្ត្រ​ចិន ជួយ​ពង្រីក​វិសាលភាព​បច្ចេកវិទ្យា​នេះ​ទៅកាន់​តំបន់​បេតិកភណ្ឌ​ដទៃទៀត ដូចជា​តំបន់​ព្រះវិហារ កោះ​កេរ និង​បេង​មាលា​ជាដើម និង​ស្នើ​ឲ្យ​មានការ​បណ្តុះបណ្តាល​បន្ថែ​ម​ទៀត​ដល់​មន្ត្រី បុគ្គលិក​ដែល​ពាក់ព័ន្ធ ដោយ​មជ្ឈមណ្ឌល​អាជ្ញាធរ​ជាតិ​អប្សរា​ជា​តំបន់​ស្នូល​។ ទន្ទឹមនេះដែរ លោក​បណ្ឌិតសភា​ចា​រ្យ​ក៏បាន​ស្នើសុំ​ភាគី​ចិន ធ្វើយ៉ាងណា​ឲ្យ​មន្ត្រី​បុគ្គលិក​នៃ​អាជ្ញាធរ​ជាតិ​អប្សរា ឬ​ភាគី​ដែល​ពាក់ព័ន្ធ​អាច​ទទួលបាន​អាហារូបករណ៍​ទៅ​សិក្សា​យក​ជំនាញ នៃ​ការប្រើប្រាស់​បច្ចេកវិទ្យា​នេះ​នៅ​ប្រទេស​ចិន ដើម្បី​មក​អនុវត្ត​នៅទីនេះ​។​

​ជាការ​ឆ្លើយតប​បណ្ឌិត​សភា​វិទ្យាសាស្ត្រ​ចិន​សម្តែង​ការរីករាយ ដោយ​ទទួល​រាល់​សំណូមពរ​របស់​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​។ លោក​ហង់ ពៅ បន្ថែម​ដូច្នេះ “​ភាគី​ចិន​គេ​ពេញ​ចិត្តនឹង​ទទួល​នូវ​អ្វី​ដែលជា​សំណូមពរ​របស់លោក​ប​ណ្ឌិ​សភាចា​រ្យ ព្រោះ​វា​ជា​ផ្លូវ​មួយ​ថ្មី​របស់​បណ្ឌិតសភា​វិទ្យាសាស្ត្រ​ចិន​។ យើង​ដឹងថា អាជ្ញាធរ​ជាតិ​អប្សរា​និង​បណ្ឌិតសភា​វិទ្យាសាស្ត្រ​ចិន​ប្រើប្រាស់​លទ្ធផល​វិទ្យាសាស្ត្រ​នេះ ដើម្បី​តាមដាន​ការ​បម្រែបម្រួល​ផ្សេងៗ​នៅក្នុង​តំបន់​បេតិកភណ្ឌ ដូច្នេះ​មានន័យថា ទាំង​យើង​និង​ភាគី​ចិន​បានការ​អនុវត្ត​មួយ​ដ៏​ធំ​ក្នុង​តំបន់​បេតិកភណ្ឌ​ពិភពលោក​ដ៏​ល្បីល្បាញ​”​។​

​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ចុះ​អនុស្សរណៈ​កាលពី​ថ្ងៃទី​១៤ ខែ មិថុនា ឆ្នាំ​២០១៣​ជាមួយ​មជ្ឈមណ្ឌល​អន្ត​រ​ជាតិ​បច្ចេកវិទ្យា​អវកាស​សម្រាប់​បេតិកភណ្ឌ​វប្បធម៌ និង​ធម្មជាតិ ក្រោម​ការសម្របសម្រួល​ដោយ​អង្គការ​យូណេស្កូ ស្តីពី​គម្រោង​សហប្រតិបត្តិ​ការប្រើប្រាស់​បច្ចេកវិទ្យា​អវកាស​សម្រាប់​អភិរក្ស​និង​គ្រប់គ្រង​រមណីយដ្ឋាន​បេតិកភណ្ឌ​ពិភពលោក​អង្គរ និង​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​នៅ​តំបន់​សៀមរាប​។ តាំងពី​ឆ្នាំ​២០១៣​មក អាជ្ញាធរ​ជាតិ​អប្សរា​តាមរយៈ មជ្ឈមណ្ឌល HIST (International Center on Space Technologies for Natural and Cultural Heritage) និង​វិទ្យាស្ថាន RADI (Institute of Remote Sensing and Digital Earth) បាន​ក្លាយជា​ដៃគូ​ទីមួយ​នៃ​បណ្ឌិតសភា​វិទ្យាសាស្ត្រ​នេះ​។ ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ អាជ្ញាធរ​ជាតិ​អប្សរា​និង​បណ្ឌិតសភា​វិទ្យាសាស្ត្រ​ចិន​នឹង​ចុះ​អនុស្សរណៈ​ជាថ្មី ដោយ​ត្រូវ​ពង្រីក​កិច្ចសហប្រតិបត្តិការ​មួ​យក​ម្រឹត​ទៀត នោះ​គឺ អាជ្ញាធរ​ជាតិ​អប្សរា​អាច​នឹង​ក្លាយជា​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​ប្រចាំ​តំបន់​សម្រាប់​ការងារ​ស្រាវជ្រាវ​ដោយ​ប្រព័ន្ធ​បច្ចេកវិទ្យា​អវកាស​ទៀតផង​។​

​សូមបញ្ជាក់ថា បណ្ឌិតសភា​វិទ្យាសាស្ត្រ​ចិន (Chinese Academy of Science) ជា​ស្ថាប័ន​ស្រាវជ្រាវ​ផ្នែក​វិទ្យាសាស្ត្រ​ដ៏​ធំ​នៃ​ប្រទេស​ចិន ដែលមាន​សាកលវិទ្យាល័យ​ចំនួន​៣​ជា​ចំណុះ និង​មាន ក្រុម​អ្នកស្រាវជ្រាវ បម្រើការ​ក្នុង​ស្ថាប័ន​នេះ ដល់​ទៅ​ជាង​៧​ម៉ឺន​នាក់ ដែល​ក្នុងនោះ​ចំនួន​៥​ម៉ឺន​ជា​អ្នកស្រាវជ្រាវ​វិទ្យាសាស្ត្រ និង​មាន​សភាចា​រ្យ​ចំនួន​៧០០ ព្រមទាំង​សាខា​ទូទាំងប្រទេស​ចិន​៕

​បច្ចេកវិទ្យា​អវកាស​អាច​នឹងត្រូវ​ពង្រីក​វិសាលភាព​ហួស​ពី​រមណីយដ្ឋាន​អង្គរ​

​បច្ចេកវិទ្យា​អវកាស​អាច​នឹងត្រូវ​ពង្រីក​វិសាលភាព​ហួស​ពី​រមណីយដ្ឋាន​អង្គរ​

​បច្ចេកវិទ្យា​អវកាស​អាច​នឹងត្រូវ​ពង្រីក​វិសាលភាព​ហួស​ពី​រមណីយដ្ឋាន​អង្គរ​

​បច្ចេកវិទ្យា​អវកាស​អាច​នឹងត្រូវ​ពង្រីក​វិសាលភាព​ហួស​ពី​រមណីយដ្ឋាន​អង្គរ​