ប៉ូលិស​ចុះ​បំបែកសំបុក​ស្រះ​ចិញ្ចឹម​ត្រី​ឆ្តោ​ដុះ​ស្លែ​នៅ​ឃុំ​កំពង់​ឃ្លាំង

ប៉ូលិស​ចុះ​បំបែកសំបុក​ស្រះ​ចិញ្ចឹម​ត្រី​ឆ្តោ​ដុះ​ស្លែ​នៅ​ឃុំ​កំពង់​ឃ្លាំង



សៀមរាប ៖ កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត​សហការ​ជាមួយ​កម្លាំង​អាជ្ញាធរ​មូលដ្ឋាន​ បាន​ចុះ​ទៅ​ពិនិត្យ​ និង ​ឈាន​ទៅ​បង្ក្រាប​ស្រះ​ចិញ្ចឹម​ត្រី​ឆ្តោ​រាប់សិប​កន្លែង​ដែល​គេ​ដឹង​ថា មាន​អាយុកាល​ច្រើន​ឆ្នាំ​មក​ហើយ។

ហេតុការណ៍​ចុះ​បង្ក្រាប​នេះ​ធ្វើឡើង​នៅ​ថ្ងៃ​ទី​២៤ ខែ​មីនា​នេះ ​នៅ​ភូមិសាស្ត្រ ​ឃុំ​កំពុង​ឃ្លាំង ស្រុក​សូទ្រនិគម ខេត្តសៀមរាប។

លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​អ៊ុំ ​អមា​រ៉ា​ស្នងការ​រង​នគរបាល​ខេត្ត​សៀមរាប​បាន​ឲ្យ​ដឹង​ថា បទល្មើស​ចិញ្ចឹម​ត្រី​ឆ្តោ​នៅ​ឃុំ​កំពង់​ឃ្លាំង គឺ​មាន​រាប់​សិប​កន្លែង​។ លោក​បន្ត​ថា ដោយ​មើល​ឃើញ​ថា មាន​ស្រះ​ចិញ្ចឹម​ត្រី​ឆ្តោ​ច្រើនពេក ទើប​កម្លាំង​របស់​លោក​កំពុង​ធ្វើ​របាយការណ៍​ឆ្លង​ទៅ​លោក​អភិបាលខេត្ត​​ដើម្បី​សុំ​បង្កើត គណៈក​ម្មា​ធិ​ការ​រួម​មួយ​ដើម្បី​ចុះ​បង្ក្រាប​រួមគ្នា​តែ​ម្តង​ទើប​អស់។

លោក​បន្ថែម​ថា ស្រះ​ចិញ្ចឹម​ត្រី​ឆ្តោ​ទាំងនោះ​សុទ្ធសឹង​ជាទី​តាំង​ចិញ្ចឹម​ខុស​ច្បាប់​​ទម្លាប់​ទាំងអស់​។ លោក​បញ្ជាក់​ថា ករណី​នេះ​ទាល់តែ​បង្កើត​គ​ណៈ​ក​ម្មា​ធិ​ការ ទើប​បាន​ព្រោះ​យើង​មិន​អាចធ្វើ​តែម្នាក់ឯង​បានទេ ​ហើយ​នៅ​ថ្ងៃស្អែក​លោក​នឹង​សុំ​គោលការណ៍​ពី​លោក​អភិបាលខេត្ត​ដើម្បី​មាន​ចំណាត់​ការ​លើ​ករណី​នេះ​។​

ក្រុម​អ្នក​តាម​ដាន​បទ​ល្មើស​នេសាទ​នៅ​តំបន់​បឹង​ទន្លេសាប​ឲ្យ​ដឹង​ថា​ ​បទល្មើស​នេសាទ​នៅ​ក្នុង​ខេត្ត​សៀមរាប​ដែល​កើតមាន​ច្រើន​ជាង​គេ ​គឺ​ស្រុក​ប្រាសាទបាគង​ស្រុក​ជីក្រែង​ស្រុក​សូទ្រនិគម ស្រុក​ពួក​និង​ក្រុង​សៀមរាប​៕