រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​នឹង​ចូល​ឆ្លើយ​បំភ្លឺ​ផ្ទាល់មាត់​នៅ​គណៈកម្មការ​ទី​១​រដ្ឋសភា​នា​រសៀល​ថ្ងៃ​ទី​២៥​ខែមីនា

រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​នឹង​ចូល​ឆ្លើយ​បំភ្លឺ​ផ្ទាល់មាត់​នៅ​គណៈកម្មការ​ទី​១​រដ្ឋសភា​នា​រសៀល​ថ្ងៃ​ទី​២៥​ខែមីនា



ភ្នំពេញ ​៖​ លោក​អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ រួម​ជាមួយ​មន្ត្រី​ពាក់ព័ន្ធ​នឹង​ចូល​ទៅ​ឆ្លើយបំភ្លឺ​ផ្ទាល់មាត់ នៅ​គណៈកម្មការ​សិទ្ធិមនុស្ស ទទួល​ពាក្យបណ្តឹង អង្កេត និង​ទំនាក់ទំនង​រដ្ឋសភា ព្រឹទ្ធសភា (​គណៈកម្មការ​ទី​១) នៃ​រដ្ឋសភា នៅ​វេលា​ម៉ោង​២​និង​៣០ ​នាទី រសៀល ថ្ងៃទី​២៥ ខែមីនា ឆ្នាំ​២០១៦ នៅ​វិមាន​រដ្ឋសភា នេះ​បើតាម​មន្ត្រី។

ប្រធាន​គណៈកម្មការ​ទី​១ នៃ​រដ្ឋសភា លោក អេង ឆៃអ៊ាង បាន​សរសេរ​នៅ​ផេ​ក​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន នៅ​ថ្ងៃទី​២៤ ខែមីនា ឆ្នាំ​២០១៦​ថា នៅ​ថ្ងៃស្អែក (២៥-០៣-២០១៦ ) វេលា​ម៉ោង​២​និង​៣០ នាទី​រសៀល នៅ​វិមាន​រដ្ឋសភា ខ្ញុំ​នឹង​ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មការ​ទី​១ នៃ​រដ្ឋសភា ដោយមាន​ការចូលរួម​ពី​ប្រធាន ឬ​តំណាង​គណៈកម្មការ​ជំនាញ​ទាំង​១០ របស់​រដ្ឋសភា ដើម្បី​ស្តាប់​ការបំភ្លឺ​របស់​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ អំពី​នៃ​ការអនុវត្ត​របស់​តុលា​ការដែល​ទាក់ទង​នឹង​សិទ្ធិ​ប្រជាពលរដ្ឋ​”​។

តាម លោក អេង ឆៃអ៊ាង បញ្ជាក់ថា នៅក្នុង​កិច្ចប្រជុំ​នោះ លោក​នឹង​លើក​យក​ប្រធានបទ​ចំនួន​៤ ទៅ​ពិភាក្សា​ជាមួយ​លោក​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ លោក អង្គ វង្សវឌ្ឍានា គឺ ទី​១- ការចាប់ ការឃុំខ្លួន និង​ការផ្តន្ទាទោស​អនីតិជន ទី​២- ការឃុំខ្លួន​លើស​នីតិវិធី​កំណត់ ទី​៣- កំហុស​នៃ​ការអនុវត្ត​នីតិវិធី និង​ការ​មិន​អនុវត្ត​តួនាទី​របស់​ចៅក្រម និង​ព្រះរាជអាជ្ញា ជុំវិញ​ករណី​វិវាទ​ដីធ្លី និង​វិវាទ​ផ្សេងទៀត ទី​៤- ឯករាជ្យ​ភាព​របស់​តុលាការ និង​ការ​ជ្រៀតជ្រែក។

សូមបញ្ជាក់ថា លោក អេង ឆៃអ៊ាង គណៈកម្មការ​សិទ្ធិមនុស្ស ទទួល​ពាក្យបណ្តឹង អង្កេត និង​ទំនាក់ទំនង​រដ្ឋសភា ព្រឹទ្ធសភា បានដាក់​លិខិត​ជូន​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា ស្នើ​កោះ​អញ្ជើញ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ ឲ្យ​ចូល​បំភ្លឺ​ជុំវិញ ការអនុវត្ត​​របស់​តុលាការ​ពាក់ព័ន្ធ​ទៅនឹង​សិទ្ធិ​របស់​ពលរដ្ឋ​។ គណៈកម្មការ​ទី​១ នៃ​រដ្ឋសភា​បាន​ទទួល​ពាក្យបណ្ដឹង ពី​ប្រជាពលរដ្ឋ​ជាច្រើន​ពាក់ព័ន្ធ​នឹង​ភាព​មិនប្រក្រតី​មួយចំនួន នៃ​ការ​អនុវត្ត​​របស់​តុលាការ ក្នុងនោះ​មានការ ឃុំខ្លួន​អនីតិជន និង​ការផ្ដន្ទាទោស ការឃុំខ្លួន​លើស​នីតិវិធី កំហុស​ក្នុងការ​អនុវត្តន៍ នីតិវិធី​និង​ការ​អនុវត្ត​​តួនាទី​មាន​ភាព​លម្អៀង​ និង​ករណី​ទំនាស់​ដីធ្លី​។​

ទាក់ទង​បញ្ហា​នេះ កាលពី​ថ្ងៃទី​១៤ ខែមីនា សម្តេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជា​ឲ្យ​អភិបាលខេត្ត​កំពង់ស្ពឺ​អន្តរាគមន៍​ទៅ​តុលាការ​ជួយ​ឲ្យ​មានការ​ដោះលែង​ស្ត្រី​២ នាក់ ដែល​ត្រូវបាន​ចាប់ខ្លួន កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន ទាក់ទង​នឹង​ជម្លោះដីធ្លី​។ នៅពេលនោះ​សម្តេច​បាន​សរសេរ​នៅលើ​ហ្វេ​ស​ប៊ុ​ក​នេះ​ថា វា​ជាការ​ខកចិត្ត​ខ្លាំងណាស់ ដែល​តុលាការខេត្ត​កំពង់ស្ពឺ​ចាប់​តំណាង​ពលរដ្ឋ​២​នាក់​ឃុំខ្លួន​។ ចំណែក​កាលពី​ថ្ងៃទី​២៦ ខែកុម្ភៈ សម្តេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជា​ឲ្យ​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ និង​ប្រធាន​ពន្ធនាគារ​ត្រូវធ្វើ​ការ​ឲ្យ​បាន​ម៉ត់ចត់​ទៅលើ​ទណ្ឌិត​ដែល​ជាប់ទោស​ដោយសារ​ប្លន់ និង​គ្រឿងញៀន មុនពេល​ដាក់​ឲ្យ​លោក​ចុះហត្ថលេខា​ដាក់ថ្វាយ​ព្រះមហាក្សត្រ​លើកលែងទោស​។​

សម្តេច​តេ​ជោ ហ៊ុន សែន មានប្រសាសន៍​យ៉ាងនេះ​ថា “​ខ្ញុំ​ទុកចិត្ត លើ​រដ្ឋមន្ត្រី​យុត្តិធម៌ រដ្ឋមន្ត្រី​យុត្តិធម៌​ទុកចិត្ត​លើ​នាយក​ពន្ធនាគារ ចេះតែ​ទុកចិត្ត​បន្ត​គ្នា​អញ្ចឹង​ទៅ ដល់ទី​ចុង​បំផុត អា​ពួក​ក្រុមចោរ​ទាំង​ហ្នឹង ចេញមក​ប្លន់​ដដែលៗ អញ្ចឹង​ធ្វើ​ម៉េច​វា​អស់​ចោរ​”​។ សម្តេច​បន្ថែមថា ចោរ​មុខ​ដដែលៗ ដូច្នេះ​សូម​មើល​ឡើងវិញ៕