អ្នក​ផលិត​គ្រាប់​បែក​របស់​រដ្ឋ​ឥស្លាម​ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​ក្រុង​ប្រ៊ុចសែល

អ្នក​ផលិត​គ្រាប់​បែក​របស់​រដ្ឋ​ឥស្លាម​ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​ក្រុង​ប្រ៊ុចសែល

Najim Laachraoui ​ប្រើប្រាស់​លិខិត​ឆ្លងដែន​ក្លែងក្លាយ​ដោយ​ដាក់​ឈ្មោះ​ថា Soufiane Kayal ក្នុង​ពេល​ផ្ទេរ​លុយ​កាលពី​ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅ​ក្នុង​ធនាគារ Western Union នៅ​ក្នុង​ក្រុង​ប្រ៊ុចសែល ប្រទេស​ប៊ែលហ្ស៊ិក។

ក្រុម​មន្រ្តី​ស៊ើបការណ៍​សម្ងាត់​និយាយ​ថា ​អ្នក​ផលិត​គ្រាប់​បែក​អាយុ​២៥​ឆ្នាំ​ម្នាក់​របស់​ក្រុម​រដ្ឋ​ឥស្លាម​ដែល​មាន​ការ​ទាក់​ទិន​នៅ​ក្នុង​ការ​វាយ​ប្រហារ​ទីក្រុង​ប៉ារីស​កាល​ពី​ខែ​វិច្ឆិកា​ឆ្នាំ​មុន ជា​អ្នក​ដាក់​គ្រាប់​បែក​ក្នុង​ចំណោម​អ្នក​ដាក់​គ្រាប់​បែក​អត្ត​ឃាត​២​នាក់ដែល​បាន​វាយប្រហារ​នៅ​ចំណត​អាកាស​យាន​ទីក្រុង​ប្រ៊ុចសែល (Brussels)។

ក្រុម​អាជ្ញា​ធរ​និយាយ​ថា Najim Laachraoui ដែល​កើត​នៅ​ក្នុង​ប្រទេស​ម៉ារ៉ុក (Morocco) ក៏​ប៉ុន្តែ ​បាន​ធំ​ដឹង​ក្តី​នៅ​ក្នុង​ទីក្រុង​ប្រ៊ុចសែល​ត្រូវ​បាន​គេ​កំណត់​អត្តសញ្ញាណ​ថា​ ជា​អ្នក​ចូល​រួម​ដ៏​សំខាន់​ម្នាក់​នៅ​ក្នុង​ការ​វាយ​ប្រហារ​ទីក្រុង​ប៉ារីស​បន្ទាប់​ពី DNA​ របស់​ជន​នោះ ​បាន​ត្រូវ​គេ​រក​ឃើញ​នៅ​លើ​អាវកាក់​អត្តឃាត​ដែល​បាន​ប្រើ​ប្រាស់​នៅ​ក្នុង​កិច្ច​ប្រតិបត្តិ​ការ​នោះ។ DNA របស់​ជន​នោះ ​ក៏​បាន​ត្រូវ​គេ​រក​ឃើញ​នៅ​ឯ​អាគារ Apartment ក្នុង​ទីក្រុង​ប្រ៊ុចសែល​កាល​ពី​ថ្ងៃ​អង្គារ​ដែល​ក្រុម​អាជ្ញាធរ ​ជឿ​ជាក់​ថា ​ជាទី​កន្លែង​ដែលគ្រាប់​បែក​ត្រូវ​បាន​គេ​ផលិត​នៅ​ទី​នោះ។

​ក្នុង​ខណៈ​នោះ​ដែរ ​លោក Recep Tayyip Erdogan ប្រធានាធិបតី​តួកគី ​បាន​និ​យាយ​កាល​ពី​ថ្ងៃ​ពុធ​ថា ​បុរស​ទី​២​ដែល​ត្រូវ​គេ​កំណត់​អត្តសញ្ញាណ​ជា​អ្នក​ដាក់​គ្រាប់​បែក​អត្តឃាត​នៅ​ក្នុង​ការ​វាយ​ប្រហារ​នៅ​ក្នុង​ទីក្រុង​ប្រ៊ុចសែល​បាន​ត្រូវ​ចាប់​ខ្លួន​ដោយ​អាជ្ញាធរ​តួកគី ​ហើយ​បាន​និរទេស​ខ្លួន​ទៅ​កាន់​អឺរ៉ុប ​ដែល​នៅ​ទី​នោះ ​ជននោះ ​បាន​ត្រូវ​គេ​ដោះ​លែងប្រហែល​៨​ខែ​មុន។

​ប្រធានាធិបតី Erdogan ​នៃ​ប្រទេស​តួកគី ​បាន​និយាយ​បន្ត​ទៀត​ថា ​រដ្ឋាភិបាល​របស់​លោក​បាន​ព្រមាន​អាជ្ញាធរ​នៅ​ក្នុង​រដ្ឋធានី​ប្រ៊ុចសែល​អំពី​ជន​ឈ្មោះ Ibrahim el-Bakraoui ដែលត្រូវ​បាន​គេ​បញ្ឈប់​នៅ​ព្រំដែន​នៃ​តំបន់ Gaziantep នៃ​ប្រទេស​តួកគី​ និង​ប្រទេស​ស៊ីរី។ ​លោក​ប្រធានាធិបតី​តួកគី ​បាន​និយាយ​ទៀត​ថា el-Bakraoui បាន​ត្រូវ​និរទេស​ខ្លួន​កាល​ពី​ខែកក្កដា ​ឆ្នាំ​ទៅ​ ក៏ប៉ុន្តែ ​បាន​ត្រូវ​អាជ្ញា​ធរ​អឺរ៉ុប ​ដោះលែង «ថ្វីបើ​មាន​ការ​ព្រមាន​របស់​យើងថា ​មនុស្ស​នេះ ​ជា​អ្នក​ប្រយុទ្ធ​ភេរវជន​បរទេស​ក៏​ដោយ‍»។

​ប្រធានាធិបតី Erdogan បាន​និយាយ​បន្ត​ទៀត​ថា ​អ្នក​ដែល​ឃុំ​ខ្លួន el-Bakraoui ​មិន​មាន​ភស្តុតាង​ថា ​ជន​នោះ​មាន​ជាប់​ទាក់​ទិន​នឹង​ភេរវកម្ម។ ដូច្នេះ ​ពួកគេ ​បាន​ដោះ​លែង​ពលរដ្ឋ​ជនជាតិ​ប៊ែលហ្ស៊ិក​អាយុ​២៩​ឆ្នាំ​នោះ​ទៅ៕