លែង​មាន​ការ​លើក​លែង​ លើ​អ្នក​មិន​ពាក់​មួក​សុវត្ថិភាព ​ទៀត​ហើយ

លែង​មាន​ការ​យោគ​យល់​លើ​ការ​ពាក់​មួក​សុវត្ថិភាព​ទៀត​ហើយ។​ សម្រាប់​អ្នក​រួម​ដំណើរ​និង​អ្នក​បើក​បរ​តាម​ម៉ូតូ ប្រសិន​បើ​មិន​ពាក់​មួក​សុវត្ថិភាព​ពេល​បើក​បរ មិន​ថា​ពេល​យប់​ឬ​ថ្ងៃ​ត្រូវ​រង​ពិន័យ​ដាច់​ខាត​។ នេះ​បើ​តាម​ឯក​ឧត្ដម​ឧត្ដម​សេនីយ៍ ហ៊ឹម យ៉ាន អគ្គ​ស្នង​ការ​រង បញ្ជាក់​កាល​ពី​ព្រឹក​មិញ​ ក្នុង​សិក្ខា​សាលា​ស្ដី​ពី​បូក​សរុប​លទ្ធផល​ត្រួត​ពិនិត្យ​ការ​អនុវត្ត​ច្បាប់​ប្រចាំ​ត្រី​មាស​ទី​១ ឆ្នាំ​ ២០១៦។

 

 

កន្លង​មក ការ​ពាក់​មួក​សុវត្ថិភាព​ច្រើន​តែ​លើ​អ្នក​បើក​បរ ចំណែក​អ្នក​រួម​ដំណើរ​មិន​សូវ​បាន​ពាក់​នោះ​ទេ ហើយ​រយៈពេល​៣​ខែ​មុន​ខាង​ប៉ូលិស​ចាប់​បាន​ជាង​១​ម៉ឺន​គ្រឿង ដោយ​គ្រាន់​មាន​វិធាន​ការ​អប់រំ​មិន​ពិន័យ​ឡើយ ។ ប៉ុន្តែ​ក្រោយ​​ពិនិត្យ​ឃើញ​ថា​គ្រោះ​ថ្នាក់​នៃ​អ្នក​ជិះ​ម៉ូតូ​មិន​ពាក់​មួក​សុវត្ថិភាព​​ស្លាប់​កាន់​តែ​កើន​ឡើង ដូច្នេះ​ការ​ពិន័យ​លើក​ករណី​នេះ​គឺ​ត្រូវ​អនុវត្ត​យ៉ាង​តឹង​រឹង ដោយ​មិន​មាន​ការ​លើក​លែង​នោះ​ទេ។

 

ជាក់​ស្ដែង​គេ​ឃើញ​ថា កាល​ពី​មុន​ការ​ត្រួត​ពិនិត្យ​លើ​ការ​ពាក់​មួក​នេះ​អនុវត្ត​តែ​ថ្ងៃ​ប៉ុណ្ណោះ ដោយ​ពេល​ល្ងាច​និង​យប់​ពុំ​មាន​ឡើយ ជា​ហេតុ​ធ្វើ​ឲ្យ​អ្នក​មិន​ចង់​ពាក់​មួក​អាច​គេច​វេស​បាន។ ដោយឡែក ចាប់​ពី​ពេល​នេះ ក្រុម​កម្លាំង​ចរាចរណ៍​នឹង​ត្រួត​ពិនិត្យ​តាម​គោល​ដៅ​នៅ​ពេល​យប់​បន្ថែម​ទៀត ដើម្បី​​ឲ្យ​ប្រជាជន​ចូល​រួម​ពាក់​មួក​ទាំង​អស់​គ្នា​និង​កាត់​បន្ថយ​អត្រា​គ្រោះ​ថ្នាក់​ផង​ដែរ៕

 

 

លែង​មាន​ការ​លើក​លែង​ លើ​អ្នក​មិន​ពាក់​មួក​សុវត្ថិភាព ​ទៀត​ហើយ

 

 

 

អត្ថបទ៖ លឹម សុ​នា