អាជីវកម្ម​ចំណត​ឡាន​បង់​ប្រាក់​ នឹង​កើត​មាន​ឡើង​នៅ​អំឡុង ៣-៥ ឆ្នាំ ទៀត

កំណើន​វិស័យ​អចលនទ្រព្យ ​ជាពិសេស​ផ្នែក​ខុន​ដូ នៅ​ភ្នំពេញ ឥត​ឈប់ឈរ នឹង​ធ្វើ​ឲ្យ​កំណើន​យានយន្ត​កើន​ឡើង​ដែរ ដែល​ទាមទារ​ឲ្យ​មាន​កន្លែង​ចំណត​ឡាន​ត្រឹមត្រូវ ដើម្បី​រំដោះ​ការ​កាក​ស្ទះ​ចរាចរណ៍​ តាម​រយៈ​ការ​ចត​ ពាសវាលពាសកាល​ ជាដើម។

 

អាជីវកម្ម​ចំណត​ឡាន​បង់​ប្រាក់​ នឹង​កើត​មាន​ឡើង​នៅ​អំឡុង ៣-៥ ឆ្នាំ ទៀត

 

លោក​ច្រឹក សុខនីម ​​អគ្គនាយក​​ក្រុមហ៊ុន ​​Century 21 Mekong ​ជា​​ក្រុមហ៊ុន​​ធ្វើ​​ការងារ​​ជំនាញ​​ខាង​​អចលន​ទ្រព្យ​​នៅ​​ប្រទេស​កម្ពុជា បាន​ប្រាប់​ Sabay ថា នៅ​ប៉ុន្មាន​ឆ្នាំ​នេះ វិស័យ​អចលនទ្រព្យ​បាន​កើន​ឡើង​ឥត​ឈប់ឈរ​ ជា​ពិសេស​នោះ គឺ​អគារ​ខ្ពស់ៗ ខុនដូ ជាដើម។ ដូច្នេះ នៅ​ពេល​កើន​ឡើង​អគារ​ខ្ពស់ វិបត្តិ​កន្លែង​ចត​ឡាន​នឹង​កើត​មាន​ ម៉្លោះហើយ អំឡុង​៣-៥ ឆ្នាំ​ទៀត អាច​នឹង​កើត​មាន​មុខ​របរ​ថ្មី​មួយ​ទៀត​ គឺ កន្លែង​ចត​ឡាន​បង់​ប្រាក់​ស្តង់ដារ​ ដូច​នៅ​បណ្ដា​ប្រទេស​ជឿនលឿន។

 

“ឥឡូវ​នៅ​មិនទាន់​មាន​វិបត្តិ​ខ្លាំង​នៅ​ឡើយ តែ​អនាគត​ដ៏​ខ្លី អគារ​កើត​ច្រើន​ យាន​យន្ត​កើន​ឡើង​​ច្រើន គឺ​ចង់​មិន​ចង់ គេ​នឹង​ដោះស្រាយ​វិបត្តិ​នេះ អីចឹង គឺ​នឹង​មាន​ក្រុមហ៊ុន​មក​បើក​ធ្វើ​អាជីវកម្ម​ ដោយ​សង់​អគារ​សម្រាប់​ទទួល​ចត​ឡាន​ស្តង់ដារ ខុស​ពី​បច្ចុប្បន្ន​ការ​ចត​ឡាន​មិន​ទាន់​ស្តង់ដារ​នៅ​ឡើយ ខ្លះ​ដាក់​តាម​របង​វត្ត សាលា​រៀន​ជាដើម”។ លោក សុខនីម មាន​ប្រសាសន៍។

 

ផ្អែក​តាម​របាយការណ៍​ក្រសួង​ដែន​ដី​នគរូប​នីយកម្ម​ និង សំណង់​ បាន​បង្ហាញ​កាល​ពី​ឆ្នាំ ២០១៥ ឲ្យ​ដឹង​ថា ក្រសួង​បាន​ផ្ដល់​លិខិត​អនុញ្ញាត​ការ​កសាង​សង់​សរុប​ចំនួន ២ ៣០៥ គម្រោង ស្មើ​នឹង​ទុន​វិនិយោគ​សរុប​ចំនួន ៣ ៣៣៨ លាន​ដុល្លារ ធៀប​នឹង​ឆ្នាំ ២០១៤ កើន​ឡើង ៣៣.១៤ %។

 

លោក ច្រឹក សុខនីម បាន​បញ្ជាក់​ថា សំណង់​ថ្មីៗ​ នៅ​តាម​ជាយ​ក្រុង​ គឺ​មិន​សូវ​ជា​បារម្ភ​រឿង​កន្លែង​ចត​ឡាន​ឡើយ គឺ​សំណង់​មួយៗ មាន​ទីធ្លា​ធំ​ទូលាយ ប៉ុន្តែ បញ្ហា​ខុនដូ នៅ​ក្នុង​រាជធានី​ គឺ​ប្រឈម​បញ្ហា​ចំណត​ ថ្វីបើ​ខុន​ដូ​ នីមួយៗ បាន​បង្កើត​កន្លែង​ចត​ក៏​ដោយ​ ប៉ុន្តែ នៅ​មិន​ទាន់​គ្រប់គ្រាន់​នោះទេ។

 

ចំណត​ឡាន​បង់ប្រាក់ គឺជា អាជីវកម្ម​ថ្មី​ ដែល​នឹង​កើត​ក្នុង​ពេល​ឆាប់​ៗ ក្នុង​ប្រទេស​កម្ពុជា ដែល​មាន​លក្ខណៈ​ស្ដង់ដារ មាន​បំពាក់​កាម៉េរ៉ា សុវត្ថិភាព និង ធានារ៉ាប់រង លើ​យានយន្ដ​ផងដែរ។ ចំពោះ​តម្លៃ គេ​អាច​គិត​ជា​ ការ៉េ ដោយ​ ១ ការ៉េ អាច​ចន្លោះពី ៧-១០ ដុល្លារ សម្រាប់​ឡាន​មួយ​គ្រឿង។ ” ១ ការ៉េ ជិត​ ១០ ដុល្លារ ហើយ​ឡាន​មួយ​ច្រើន​ការ៉េ​ដែរ អាច​ក្នុ​ងអំឡុង​ជិត ១០០ ដុល្លារ​អីហ្នឹង! វា​ថ្លៃ តែ​សុវត្ថិភាព បាត់​គេ​សង ឯយើង​រាល់​ថ្ងៃ ដាក់​ផ្ញើ​តាម​របង​សាលា របង​វត្ត​ អីហ្នឹង​! គឺ​អត់​ទាន់​សុវត្ថិភាព​ទេ តែ​តម្លៃ​ធូថ្លៃ​​ដែរ ចន្លោះ​ពី ៣០-៣៥​ ដុល្លារ​”។

 

កាល​ពី​ឆ្នាំ ២០១៤ ការ​សាងសង់ ​ខុនដូ មាន​​ជាង ៥០ គម្រោង ស្មើ​នឹង​ ១ ៧០០០-១ ៨០០០ បន្ទប់ ហើយ​នៅ​ឆ្នាំ ២០១៦​នេះ គឺ​មាន​ ៧៥ គម្រោង ស្មើ​នឹង​ ២ ម៉ឺន ៥ ពាន់​បន្ទប់ ដែល​បាន​ប្រកាស​ផ្លូវ​ការ។ កំណើន​នេះ នឹង​បន្ត​កើន​ឡើង​ទៀត ដូច្នេះ វិបត្តិ​ចំណត​នឹង​កើន​មាន​ឡើង​មិន​ខាន។ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ អ្នក​ធ្វើ​ការ​ពាក់ព័ន្ធ​នឹង​វិស័យ​សំណង់​សម្លឹង​ឃើញ​ថា អាជីវកម្ម​សង់​កន្លែង​ចត​ឡាន​បង់​ប្រាក់​ ស្តង់ដារ នឹង​កើត​មាន​ឡើង​នៅ​ចន្លោះ​ពេល ៣-៥ ឆ្នាំ​ ខាងមុខ គ្រា​ដែល​ចំនួន​ ខុនដូ កើន​ឡើង​ថែម​ទៀត៕

 

អត្ថបទ៖ ប៊ិន ប៊ុណ្ណា