មាន់ និងស៊ុតមាន់ តើមួយណាកើតមុន?

សំណួរ​នេះ​មើល​ទៅគឺពិត​ជា​សំណួរ​មួយ​ដ៏សែនសាមញ្ញ ប៉ុន្តែ ពិបាក​នឹង​ផ្តល់​ចម្លើយមួយ​ឲ្យ​ត្រឹមត្រូវ​ឥត​ខ្ចោះ​ណាស់។ ប្រសិនបើយើង​យក​សំណួរ​នេះ​ទៅ​សួរ​ ប្រាកដ​ជា​មាន​មនុស្ស​មួយ​ចំនួនគិត​ថា យើង​មិន​គ្រប់​ទឹក​ផង​ក៏​មិនដឹង។ ប៉ុន្តែ សំណួរ​ “មាន់ និងស៊ុត​មាន់​មួយណាកើត​មុន” គឺជា​សំណួរ​មួយ​ដែលអ្នកវិទ្យាសាស្ត្រ​បាន​ព្យាយាមធ្វើការ​​ឆ្លើយ​ជាយូរណាស់​មកហើយ។ ដូចនេះ គេហទំព័រ​«គំនិត»​សូម​លើកយក​ប្រធាន​បទ​នេះ​មក​ចែក​រំលែក​មិត្ត​អ្នកអាន អំពី​ការ​រក​ឃើញចុង​ក្រោយ​បំផុត​ពីបញ្ហា​នេះ​របស់​អ្នកវិទ្យាសាស្ត្រ។

សំណួរ​ទាក់​ទង​នឹង​មាន់ និង​ស៊ុត​មាន់ គឺមាន​លើក​ឡើង​តាំង​ពី​ជំនាន់​មុនគ្រឹស្គ​សករាជ​មក​ម្ល៉េះ​ដោយ​អ្នកទស្សនវិទូ​ដ៏ល្បីល្បាញ​ម្នាក់​ឈ្មោះ​អារីស្តូតដែលគាត់​បាន​លើកឡើង​ថា “វាគួរតែមាន​បក្សី​មួយ​ដែល​ផ្តល់​កំណើត​ដល់ស៊ុត​សម្រាប់​បក្សីណា​ដែល​មានកំណើត​ចេញពី​ស៊ុត”។ មិនត្រឹមតែ​ទស្សនវិទូ​អារីស្តូត​នោះទេ មាន​មនុស្ស​ជាច្រើន​ដែល​បាន​ធ្វើការ​ឆ្លើយ​សំណួរ​នេះ តួរយ៉ាង​​អ្នក​រូប​វិទូ​ដ៏ល្បីល្បាញ​ក្នុងសម័យ​បច្ចុប្បន្ន​​បណ្ឌិត ’Stephen William Hawking ក៏បាន​ចូលរួម​ចំណែក​ក្នុង​ការ​ឆ្លើយនូវ​សំណួរ​ខាង​លើ​ផងដែរ។ លោក​បាន​លើក​ឡើង​ថាស៊ុត​មាន់​គឺមាន​កំណើត​មុន។ ចំណែក​ឯ​ទ្រឹស្តីនៃការវិវដ្ដន៍វិញក៏បានលើកឡើងផងដែរ​ថា ស៊ុតត្រូវ​តែមាន​កំណើត​មុន តែ​ទ្រឹស្តី​ក៏បាន​បញ្ចាក់ថា​ ស៊ុត​នោះគឺជា​ស៊ុត​ទូទៅ​មិនមែន​ជា​ស៊ុត​ដែល​ភ្ញាស់​ចេញ​ជា​មាន់​នោះ​ទេ។ សម្រាប់​ទ្រឹស្តី​ដែលចេញ​ពីសាសនា​វិញ​ដូចជា​សាសនា​ព្រះពុទ្ធ និង​សាសនា​ហិណ្ឌូ​ដែលជឿលើ​ការ​ចាប់​ជាតិ​ជាថ្មីនោះ បានកំណត់ថា មាន់ និង​ស៊ុត​មាន់គ្មាន​មួយណា​ដែល​កើត​មុន​នោះទេ។

ទ្រឹស្តី​នៃការវិវដ្តន៍​បានបញ្ចាក់ថា ភាវរស់​គឺមាន​បម្លាស់ប្តូរ​តាម​រយៈពេលវេលាដោយ​ដំណើរ​លាស់​ថ្មី និងការ​បន្ត​ពូជ។ ដោយសារ​តែ​DNA​អាច​ធ្វើការ​ផ្លាស់ប្តូរ​បាន​តែ​នៅ​មុន​នឹង​ការ​ចាប់កំណើត ដំណើរ​លាស់ថ្មីនៃ​ភាវរស់​ត្រូវបាន​បង្កើតឡើង​ដោយ​ភាវរស់មួយប្រភេទ​ដែល​ស្រដៀង​នឹង​សត្វមាន់ ប៉ុន្តែ​មិនមែន​សត្វមាន់នោះទេ ដែលជាអ្នក​បង្កើត​ស៊ុត​មាន់។ ស៊ុតមាន់ទាំងនេះ​ហើយ​ដែល​ជា​អ្នក​បង្កើត​សត្វ​មាន់​ដែលមាន​វត្តមាន​មក​ទល់នឹង​សព្វ​ថ្ងៃ​នេះ​ដោយ​ឆ្លង​តាម​ការ​វិវដ្ដន៍ជាច្រើន​ដំណាក់កាល។ សរុបសេចក្តីមក ឆ្លងតាម​ការ​បន្ត​ពូជ និង​ការវិវដ្តន៍ជា​​បន្តបន្ទាប់​ធ្វើ​ឲ្យ​យើង​ទទួលបាន​ស៊ុត​ដែល​ក្នុង​នោះ​មាន​ផ្ទុក​អំប្រ៊ីយ៉ូ (ទារក​)នៃ​សត្វ​មាន់​ដំបូង​បង្អស់។ ដូច្នេះ ស៊ុតមាន់​ត្រូវ​តែ​មាន​កំណើត​មុន​សត្វមាន់។

ផ្ទុយ​ទៅវិញ នៅឆ្នាំ​២០១០អ្នកវិទ្យាសាស្ត្រ​របស់​ចក្រភព​អង់គ្លេស​ដែលបាន​អះអាង​ពីភាព​ជោគជ័យ​នៃ​ការ​​បំបែក​ប្រស្នា​ស្តី​ពី មាន់​និង​ស៊ុតមាន់​នោះបាន​បញ្ចាក់ថា សត្វ​មាន់​មានកំណើត​មុន។ នេះ​ជា​ការ​លើកឡើង​របស់​អ្នក​ស្រាវជ្រាវ​នៅសាកលវិទ្យាល័យ​ Sheffield និងWarwick​។

អ្នកវិទ្យាសាស្ត្រ​មក​ពី​សាកលវិទ្យាល័យ​ទាំង​ពីរខាងលើ​បាន​រកឃើញ​ថា ប្រូតេអ៊ីនដែល​រកឃើញ​នៅក្នុង​អូវ៉ែរ​របស់សត្វមាន់គឺមាន​សារៈសំខាន់​ណាស់​សម្រាប់​ការ​កកើតឡើង​នៃ​ស៊ុតមាន់ ហេតុនេះ​ហើយ​អ្នកវិទ្យាសាស្ត្រ​ខាង​លើបាន​អះអាង​ថា ស៊ុតមាន់​មាន​វត្តមាន​លុះត្រាណាតែមាន​វត្តមាន​សត្វមាន់​ជាមុនសិន។

ប្រូតេអ៊ីន​នោះគឺជា​ភ្នាក់ងារ​បង្កើន​ល្បឿន​ការវិវដ្តន៍​របស់សំបកស៊ុត​​ ដែលជា​ភ្នាក់​ងារ​ដ៏មានសារៈសំខាន់​សម្រាប់​ការពារពង​ក្រហម និង​អង្គធាតុ​រាវ​ដែល​នៅខាងក្នុង​ស៊ុត​ខណៈពេលដែល​កូន​មាន់កំពុង​តែ​មាន​ការ​វិវដ្តន៍​នៅក្នុង​សំបក។

ឆ្លងតាមការ​លើក​ឡើង​របស់​អ្នកវិទ្យាសាស្ត្រ​នានា យើង​ពិបាក​នឹង​ធ្វើការ​សន្មត​ឲ្យ​បាន​ត្រឹមត្រូវ​១០០%ណាស់ថា​តើ​សត្វ​មាន់ ឬក៏ស៊ុតមាន់​មានកំណើត​មុន។ ប៉ុន្តែ ការលើក​ឡើង​របស់​ទ្រឹស្តី​នៃការ​វិវដ្តន៍​ហាក់​ដូចជា​មាន​ភាព​សមហេតុផល​ច្រើនជាង។ចុះ​ចំណែក​អ្នកវិញ អ្នក​យល់​យ៉ាងណា?

ប្រភព៖ kumnit

  • មាន់ និងស៊ុតមាន់ តើមួយណាកើតមុន?已关闭评论
  • 46 views
  • Hide Sidebar
    A+
Publish on:2016/03/24  Category:ចំនេះដឹង
Tags: