រឿង​​​​៨​​យ៉ាង​ងាយ​ៗ​ ដែល​បុរស​អាច​ធ្វើ​ឲ្យ​ភរិយា​​សប្បាយ​ចិត្ត​

អ្នក​ទើប​រៀប​ការ​ថ្មី​ៗ​ ក៏​ដូច​ជា​​​គូ​ស្រករ​ជា​ច្រើន​ឆ្នាំ​ តែង​ប្រាថ្នា​ចង់​បាន​​សុភមង្គល​​ក្នុង​ជីវិត​គ្រួសារ។ ​ ការ​បង្ក​បរិយាកាស​​​​​ឲ្យ​សប្បាយ​រីក​រាយ ជា​ចំណែក​មួយ​​ក្នុង​ការ​រក្សា​ទំនាក់​ទំនង​​​អ្នក​ទាំង​ពីរ​​​ឲ្យ​ស្រស់​បំព្រង​​ ជា​ពិសេស​​ភាគី​ខាង​បុរស​​ជា​ស្វាមី​​​​ចង់​ឲ្យ​ភរិយា​ខ្លួន​រីក​រាយ​រាល់​ថ្ងៃ។ ដូច​នេះ​​ពួក​គេ​អាច​ធ្វើ​តាម​វិធី​សាមញ្ញ​​មួយ​ចំនួន​ដែល​អាច​ធ្វើ​ឲ្យ​នាង​រីក​រាយ​បាន៖

១. ជួយ​ធ្វើ​កិច្ចការ​ផ្ទះ​ជា​មួយ​នាង​

មាន​តួ​នាទី​ជា​ស្វាមី​​​ អ្នក​ក៏​គួរ​មិន​ប្រកាន់​ថា​កិច្ច​ការងារ​​​​មួយ​ចំនួន​ដូច​ជា​ការងារ​ក្នុង​ផ្ទះ​ ​​ថា​ជា​ការងារ​របស់​​នារី​​ៗ​​​នោះ​ទេ។ ពេល​ទំនេរ​ៗ អ្វី​ដែល​អាច​ធ្វើ​បាន ដូច​ជា​បោស​ជូត​ផ្ទះ ជួយ​មើល​កូន​​ក្មេង ឬ​ជួយ​នាង​ចម្អិន​ម្ហូប​​ ទាំង​នោះ​សុទ្ធ​តែ​បង្កើត​ជា​បរិយាកាស​រីករាយ​ និង​ធ្វើ​​ឲ្យ​អ្នក​ទាំង​ពីរ​ស្រលាញ់​គ្នា​កាន់​​តែ​ខ្លាំង​។

២. ​ស្ដាប់​​​​ពី​បញ្ហា​របស់​នាង​​​​​​​​​

មនុស្ស​ស្រី​តែង​មាន​ការ​បារម្ភ​ច្រើន​ជាង​មនុស្ស​ប្រុស​ ហេតុ​នេះ​​​​នៅ​ពេល​​នាង​មាន​បញ្ហា​​អ្វី​មួយ​ក្នុង​ចិត្ត​​ នាង​​ច្រើន​តែ​​​ចែក​រំលែក​​​ប្រាប់​​ពី​អារម្មណ៍​​​ឬ​ពិភាក្សា​ជា​មួយ​ដៃ​គូ​របស់​ខ្លួន។ ដូច​នេះ​​អ្វី​ដែល​សំខាន់​​​គឺ​អ្នក​​គួរ​​ចំណាយ​ពេល​ស្ដាប់​​ពី​​បញ្ហា​​នាង​​ដោយ​យក​ចិត្ត​ទុក​ដាក់ ហើយ​នោះ​​ជា​ការ​ជួយ​សម្រួល​អារម្មណ៍​នាង​ឲ្យ​ធូរ​ស្បើយ​ខ្លះ​ផង​ដែរ។

៣. និយាយ​​ទន់​ភ្លន់​​​​​​និង​​សរសើរ​​​​​​

និយាយ​​ទៅ​កាន់​នាង​ដោយ​ពាក្យ​ទន់​ភ្លន់​រៀង​រាល់​ថ្ងៃ​​ ដូច​ជា​ “ថ្ងៃ​នេះ​ធ្វើ​ម្ហូប​ឆ្ងាញ់​ទៀត​ហើយ អូន​សម្លាញ់​” ឬ​ពាក្យ​ផ្អែមល្ហែម​ជា​ច្រើន​ទៀត ជា​ការ​​​លើក​សរសើរ​ធ្វើ​ឲ្យ​​​​នាង​​សប្បាយ​​ចិត្ត​បាត់​ហើយ​​​​ ។ អ្វី​​​​​មិន​គួរ​ភ្លេច​មួយ​ទៀត​នោះ​​ គឺ​សរសើរ​ពី​រឿង​ល្អ​ៗ​​អ្វី​ដែល​នាង​បាន​ធ្វើ​សម្រាប់​អ្នក​ និង​ស្នាដៃ​ផ្សេង​ៗ​ទៀត​​ជា​ការ​សរសើរ​មួយ​ដែល​នាង​មិន​អាច​បំភ្លេច​បាន​។

​​​​​​​​​៤. គាំ​ទ្រ​​​ក្ដី​ស្រមៃ​របស់​នាង

ឧទាហរណ៍​ថា​​​ភរិយា​របស់​អ្នក​ចង់បើក​​​ហាង​​​​​​​​រក​ស៊ី​លក់​ដូរ​មួយ​ ប្រសិន​បើ​អ្នក​គិត​ថា​​​ល្អ​ស្រប​តាម​ស្ថានភាព​ហើយ ​អ្នកអាច​​​​ជួយ​ផ្ចុងផ្ដើម​​នាង ដោយ​ជួយ​សុំ​យោបល់​ពី​អ្នក​មាន​​បទ​ពិសោធ​​និង​គាំ​ទ្រ​​​​​ថវិកា​​ជូន​នាង។ សកម្មភាព​ទាំង​នោះ​​​​គឺ​​​​​ធ្វើ​​ឲ្យ​នាង​​​​​មាន​ទំនុក​ចិត្ត​ និង​មាន​អារម្មណ៍​​សប្បាយ​រីក​រាយ​ដោយ​មិន​ដឹង​ខ្លួន។

៥. ប្រាប់​​​នាង​រាល់​ថ្ងៃ​​​​ថា​អ្នក​ស្រលាញ់​​​​​​​នាង

ពាក្យ​​​ស្នេហា​​ធម្មតា​ៗ ដូច​ជា​​ការ​​និយាយ​ថា​ “បង​ស្រលាញ់​អូន” រំលឹក​​ប្រាប់​​ទៅ​នាង​រៀង​រាល់​ថ្ងៃ​ អាច​បង្ក​ជា​​ភាព​រីក​រាយ​ស្និទ្ធស្នាល​ប្រសើរ​ជាង​​​​​មិន​បាន​និយាយ​អ្វី​សោះ​​។ កុំ​ខ្មាស​អៀន​អី​​​និយាយ​ប្រាប់​​នាង​រៀង​រាល់​ថ្ងៃ​ ហើយ​​ការ​បង្កើត​ភាព​រីក​រាយ​បែប​នោះ​ក៏​​ជា​កាតព្វកិច្ច​​របស់​ស្វាមី​​​​ត្រូវ​ធ្វើ​​ចំពោះ​ភរិយា​ផង​ដែរ។

៦. មិន​​ខ្លាច​​​ទទួល​កំហុស​​​ចំពោះ​អ្វី​ដែល​បាន​ធ្វើ​​ឆ្គាំ​ឆ្គង​

ការ​រស់​នៅ​ជា​មួយ​គ្នា​​រវាង​​ស្វាមី​និង​ភរិយា​ ក៏​​​អាច​​មាន​បញ្ហា​ដោយ​សារ​​កំហុស​​ភាគី​ម្ខាង​​​ផង​ដែរ។ ជួន​កាល​អ្នក​​ទៅ​ដើរ​លេង​ជា​មួយ​មិត្តភ័ក្ដិ​ដាច់​យប់​​មិន​​​​បាន​ឆ្លើយ​តប​​ទូរសព្ទ​របស់​នាង​ សាក​គិត​មើល​​នាង​មាន​អារម្មណ៍​បែប​ណា? យ៉ាង​ណា​មិញ​ការ​ទទួល​​កំហុស​​អ្វី​ដែល​បាន​ធ្វើ​​នោះ​​និង​ចេះ​កែ​ប្រែ​វា​តាម​ការ​សន្យា ធ្វើ​ឲ្យ​នាង​ផ្ដល់​​តម្លៃ​ឲ្យ​អ្នក និង​​មាន​ភាព​រីក​រាយ​ឡើង​វិញ​។

៧. ចំណាយ​​​​​​ពេល​​វេលា​មួយ​ចំនួន​សម្រាប់​នាង​

ប្រាកដ​​ណាស់​​អ្នក​​​អាច​បង្កើត​សកម្មភាព​ជា​អនុស្សាវរីយ៍​​​ល្អ​ៗ​មួយ​ចំនួន​​ជា​មួយ​នាង ធ្វើ​ឲ្យ​​នាង​សប្បាយ​រីក​រាយ​​ឡើង​វិញ​​ដូច​កាល​​អ្នក​ទាំង​ពីរ​នៅ​ស្រលាញ់​គ្នា។ ចំណាយ​ពេល​ទំនេរ​ថ្ងៃ​សៅរ៍​ អាទិត្យ​​​​ខ្លះ នាំ​នាង​ទៅ​ដើរ​លេង ឬ​ទៅ​ដើរ​ផ្សារ​ទិញ​អីវ៉ាន់​ពីរ​នាក់។ បើ​អាច​ទិញ​​​អ្វី​មួយ​​ឲ្យ​នាង​ភ្ញាក់​ផ្អើល​​​​ក៏​ជា​​ការ​ល្អ ហើយ​អ្នក​​អាច​ដឹង​ស្រាប់​ថា នាង​ចូល​ចិត្ត​អ្វី​…ប៉ុន្តែ​អ្នក​ក៏​គួរ​ដឹង​ថា​នាង​ចង់​ឲ្យ​អ្នក​​ចំណាយ​ទិញ​ឬ​​​មិន​ចង់​ឲ្យ​អ្នក​​ចំណាយ​ខ្ជះខ្ជាយ​។

៨. ​សួរ​យោបល់​​ពី​​នាង​​​​​​​​​​​​

មុន​​​​សម្រេច​ចិត្ត​​ធ្វើ​រឿង​អ្វី​មួយ​ដែល​សំខាន់​ អ្នក​តែង​​សុំ​ការ​ប្រឹក្សា​​យោបល់​ពី​ភរិយា​។ ​គំនិត​ពីរ​ចូល​ថ្លឹង​​ថ្លែង​​គ្នា​ អាច​​ជា​ដំណោះ​ស្រាយ​មួយ​ដ៏​ល្អ។ ទន្ទឹម​នឹង​នោះ​​​​សកម្មភាព​​​​​ខាង​លើ​​គឺ​ជា​ការ​ឲ្យ​តម្លៃ​នាង ហើយ​អ្នក​ក៏​ទទួល​ការ​គោរព​​​ឲ្យ​តម្លៃ​ពី​នាង​​ដូច​គ្នា​នោះ​ដែរ​ និង​ធ្វើ​ឲ្យ​ទំនាក់​ទំនង​​គ្រួសារ​អ្នក​កាន់​តែ​រឹង​មាំ៕

ប្រភព៖ sabay

  • រឿង​​​​៨​​យ៉ាង​ងាយ​ៗ​ ដែល​បុរស​អាច​ធ្វើ​ឲ្យ​ភរិយា​​សប្បាយ​ចិត្ត​已关闭评论
  • 54 views
  • Hide Sidebar
    A+
Publish on:2016/03/24  Category:ចំនេះដឹង
Tags: