លោក ឃែ​រី​ស្កាត់​ជួប​លោក ពូ​ទីន ជជែក​ពី​អនាគត​មេដឹកនាំ​ស៊ី​រី អាសាដ

​ថ្ងៃ ពុធ​ទី ២៤​មីនា​ម្សិលមិញ ក្រោយ​ចាក​ចេញពី​គុយបា ប្រមុខ​ការទូត​អាមេរិក លោក ច​ន ឃែ​រី (John Kerry )​មិនបាន​បង្អង់​យូរ​ឡើយ​ដោយ​លោក​បន្តដំណើរ​ទៅកាន់​ប្រទេស​រុស្ស៊ី​បន្តទៀត​។ មន្ត្រីជាន់ខ្ពស់​អាមេរិក នឹង​ជជែក​ជាមួយ​ប្រធានាធិបតី​រុស្ស៊ី​ដើម្បី​ជជែក​ពី​ដំណោះស្រាយ​នយោបាយ​បញ្ចប់សង្គ្រាម​ស៊ីវិល​ស៊ី​រី​ជាពិសេស​ជោគវាសនា បា​សា អាល់​អាសាដ​។ នេះ​បើ​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters ។​

​រដ្ឋមន្ត្រីការបរទេស​អាមេរិក លោក ច​ន ឃែ​រី នឹង​ជួប​ជជែក​ពិភាក្សា​ជាមួយ​ប្រធានាធិបតី​រុស្ស៊ី​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន នៅ​ថ្ងៃ ព្រហស្បតិ៍​នេះ​ជុំវិញ​បញ្ហា​ជម្លោះ​នៅ​ស៊ី​រី​។   គេ​ដឹង​ច្បាស់​ថា វត្តមាន​របស់លោក ឃែ​រី នៅ​រុស្ស៊ី​នៅពេលនេះ គឺ​ដើម្បី​បញ្ចុះបញ្ចូល​រុស្ស៊ី ឲ្យ​ឯកភាពគ្នា​លើ​គាំទ្រ​ដំណោះស្រាយ​នយោបាយ ដែល​បង្ខំ​ឲ្យ​លោក បា​សា អាល់​អាសាដ​ចេញពី​តំណែង​។

​បញ្ហា​ចម្រូង​នៅ​បន្ត​កើតមានឡើង​ឲ្យ​តែ​និយាយ​ដល់​ដំណោះស្រាយ​នយោបាយ​និង​បញ្ហា​អនាគត​លោក អាសាដ តែ​បច្ចុប្បន្ន​បទ​ឈប់​បាញ់​នៅ​ស៊ី​រី​នៅតែ​បន្ត​នៅ​ជា​ធរមាន​នៅឡើយ​ទេ ទោះ​វា​ផុយស្រួយ​បន្តិច​មែន​។ ចំណែក​ការចរចា​គ្នា​នៅ​ទីក្រុង​ហ្សឺ​ណែវ​នឹងត្រូវ​ស្លេះ​នៅថ្ងៃនេះ​សិន ហើយ​គេ​រំពឹងថា​វា​នឹង​ចាប់ផ្តើម​បន្តដំណើរ​ការឡើង​វិញ​នៅ​ខែមេសា​។

 បេសកជន​ពិសេស​អង្គការសហប្រជាជាតិ​លោក Staffan de Mistura បង្ហាញ​ក្តី​រំពឹងថា ការជជែក​ពិភាក្សា​រវាង​មន្ត្រីការទូត​អាមេរិក​និង​ប្រមុខរដ្ឋ​រុស្ស៊ី​នឹងមាន​ឥទ្ធិពល​និង​សារសំខាន់​សម្រាប់​ការចរចា​នៅ​ហ្សឺ​ណែវ​ផងដែរ​។

​វា​ប្រាកដ​ណាស់​ថា លោក ឃែ​រី នឹង​ថ្លែងប្រាប់​ប្រមុខរដ្ឋ​រុស្ស៊ី​ជាថ្មីទៀត​ពី​ជំហរ​របស់​អាមេរិក​ដែល​ចង់​ឲ្យ លោក អាសាដ ចុះ​ចេញពី​តំណែង ដើម្បី​បង្កើត​សម័យ​អន្តរកាល​នយោបាយ​និង​បោះឆ្នោត​សារ​ថ្មី​។ ប៉ុន្តែ​គេ​ដឹង​ស្រាប់​ថា ភាគី​រុស្ស៊ី​នឹង​បន្ត​ពន្យល់​ជាថ្មី​ថា ជោគវាសនា​របស់​អាសា​ដ មិនមែន​ត្រូវ​សម្រេច​ដូច​មហាអំណាច​ដូច​អាមេរិក​ឬ​រុស្ស៊ី​ទេ តែ​គួរ​ទុក​ឲ្យ​ប្រជាជន​ស៊ី​រី​ជា​អ្នកកំណត់​ចុះ​។ 

​ជំនួប​លើកដំបូង​បំផុត​រវាង​មេដឹកនាំ​អាមេរិក​និង​រុស្ស៊ី​កើតឡើង​ក្រោយ​ពេលដែល​លោក ពូ​ទីន បញ្ជា​ឲ្យ​ក្រសួងការពារជាតិ​រុស្ស៊ី​ដក​ទ័​ជាពិសេស​យន្តហោះ ចម្បាំង​រុស្ស៊ី​ជាច្រើន​គ្រឿង​ចេញពី​ទឹកដី​ស៊ី​រី​ថ្ងៃ ១៤​មីនា​កន្លងទៅ​។ រុស្ស៊ី​ពន្យល់ថា ការ​ដកទ័ព​មួយចំនួនធំ​នេះ បង្ក​ភាព​វិជ្ជមាន​ដល់​ដំណើរការ​នៃ​ការចរចា ហើយ​ការសម្រេចចិត្ត​ក៏​ត្រូវបាន​ក្រុមប្រឆាំង​រដ្ឋាភិបាល​ស៊ី​រី​ស្វាគមន៍​ផងដែរ​។​

​ក្រៅពី​ដំណោះស្រាយ​នយោបាយ បើតាម​ក្រសួងការបរទេស​អាមេរិក ជំនួប​ពិសេស​រវាង​ប្រមុខ​ការទូត​អាមេរិក​ជាមួយ​លោក ពូ​ទីន និង​រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី Sergei Lavrov ក៏​នឹង​ផ្តោត​សំខាន់​លើ​ការវាយតម្លៃ​បទ​ឈប់​បាញ់​ស៊ី​រី និង​ធ្វើយ៉ាងណា​សហការគ្នា​បញ្ច​ប់​ហិង្សា​និង​ជួយ​សម្រួល​ដល់​ការផ្តល់​ជំនួយ​មនុស្សធម៌​ទៅដល់​ប្រជាជន​ស៊ី​រី​ដែល​កំពុង​ប្រឈម​គ្រោះថ្នាក់​។​

​ដើម​សប្តាហ៍​នេះ រុស្ស៊ី​បាន​ព្រមាន​ថា ខ្លួន​នឹង​ត្រួតពិនិត្យ​និង​អង្កេត​បទ​ឈប់​បាញ់​ស៊ី​រី​ជា​ឯកតោភាគី បើសិន​អាមេរិក​មិន​អើពើ​ចំពោះ​សំណើរ​របស់ខ្លួន​ដើម្បី​បង្កើត​យន្ត​ការរួម​ដើម្បី​ធានា​ពី​ការអនុវត្ត​បទ​ឈប់​បាញ់​។ រុស្ស៊ី​នឹងមាន​សិទ្ធិ​ប្រើប្រាស់​កម្លាំង​ទ័ព​ដើម្បី​ដាក់ទណ្ឌកម្ម​បណ្តា​កងកម្លាំង​ណាមួយ​ដែល​ហ៊ាន​បំពាន​បទ​ឈប់​បាញ់​ស៊ី​រី​ដែល​កំពុង​នៅ​ជា​ធរមាន​នេះ​៕

បុរស​ពិការ​ដៃ សារី សុខចិត្ត រើស​សំរាមតែ​មិន​សុំទាន​សកម្មភាព​ជិះ​កង់​ដើម្បីលើកស្ទួយ​ផលិតផល​ខ្មែរ និង​ជួយ​មន្ទីរពេទ្យ​គន្ធ​បុ​ប្ឆា​អ្នក​ឆ្លង​អេដស៍ ៣នាក់ សង្ស័យថា ខ្លួន​អាច​ឆ្លង​ដោយសារ​ចាក់​ថ្នាំ​នៅ​ពេទ្យ​ឯកជន​១ ក្បែរ​ភូមិ​