ប្រិមប្រិយ​កាន់តែ​ល្អូកល្អឺន​ជាមួយ​គូស្នេហ៍​នៅលើ​ទឹកដី​អាមេរិក

ប្រិមប្រិយ​កាន់តែ​ល្អូកល្អឺន​ជាមួយ​គូស្នេហ៍​នៅលើ​ទឹកដី​អាមេរិក



ភ្នំពេញ ​៖ ​តារា​កំប្លែង​និង​ចម្រៀង​ នាង​ប្រិមប្រិយ​បាន​ចេញទៅ​ច្រៀង​រាំ​នៅ​លើ​ទឹកដី​មហាអំណាច​សហរដ្ឋ​អាមេរិក​អស់​រយៈពេល​ជាច្រើន​ខែ​មក​ហើយ ហើយ​បើ​តាម​ដឹង​នៅ​ពេល​នេះ​នាង​កំពុងតែ​សាង​នៅ​ភាព​ផ្អែមល្ហែម​បេះ​មិន​ចេញ​ជាមួយ​បុរស​ជា​គូស្នេហ៍​ឈ្មោះ​រ៉ានី​ត​ យ៉ាង​បើកចំហ​នៅ​លើ​ទឹកដី​ចាយ​ប្រាក់​ដុល្លារ។

ប្រភព​ពី​បងប្អូន​ខ្មែរ​រស់នៅ​អាមេរិក​និយាយថា ចំណង​ស្នេហ៍​ក្នុង​រយៈពេល​ខ្លី​របស់​នាង​ប្រិមប្រិយ​ជាមួយនឹង​បុរស​ពោះម៉ាយ​ឈ្មោះ​រ៉ានី​ត​នោះ ពេលនេះ​កំពុង​តែមាន​ភាព​ស្អិតរ​មួ​ត​ខ្លាំងណាស់​។ ក្នុង​រយៈ​ប៉ុន្មាន​ខែ​ដែល​តារា​កំប្លែង​នាង​ប្រិមប្រិយ​មក​សម្ដែង​នៅ​អាមេរិក​នេះ​គឺ​ពួកគេ​ទាំងពីរ​តែងតែ​ឆ្លៀតពេល​ជួបគ្នា ញុំាអាហារ​ជាមួយគ្នា និង​ដើរលេង​ជាមួយគ្នា​ដែល​មើលទៅ​គួរ​ឲ្យ​ច្រណែន​។ គេ​និយាយទៀតថា មិន​តែ​ប៉ុណ្ណោះ​បុរស​ពោះម៉ាយ​កូន​មួយ​ឈ្មោះ​រ៉ានី​ត​នោះ​ហាក់បីដូចជា​យកចិត្តយកថ្លើម​ និង​ផ្គាប់ចិត្ត​នាង​ប្រិមប្រិយ​សំបើម​ណាស់​បើ​ទោះ​ជា​នាង​ចង់បាន​អ្វី​ក៏​បុរស​ជា​គូស្នេហ៍​ទិញ​ឲ្យ​នោះ​ដែរ។

នៅ​លើ​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន​របស់​តារា​សិល្បៈ​នាង​ប្រិមប្រិយ​វិញ​គេ​សង្កេត​ឃើញ​ថា​នាង​តែងតែ​បង្ហោះ​រូបភាព​កៀកកើយ​ជាមួយ​គូស្នេហ៍​ឈ្មោះ​រ៉ានី​ត​នោះ​យ៉ាង​បើកចំហ​ដោយ​មិន​ខ្លាច​ការ​និយាយ​អាក្រក់​ពី​នាង​នោះឡើយ​។ ការបង្ហាញ​ឲ្យ​ឃើញ​យ៉ាង​នេះ​នាង​ប្រិមប្រិយ​ហាក់​បីដូច​ជា​មាន​ភាព​ជឿ​ជាក់ ​និង​ទុកចិត្ត​ខ្លាំង​ណាស់​ចំពោះ​ចំណង​ស្នេហ៍​ឆ្លង​ទ្វីប​មួយ​នេះ។ ស្ថិតក្នុង​ស្ថានភាព​បែប​នេះ​គេ​មិនអាច​ប៉ាន់ស្មាន​ដឹង​មុន​ថា តើ​ចំណង​ស្នេហ៍​របស់​អ្នក​ទាំងពីរ​នឹង​វិវត្តន៍​ទៅរក​ភាពជោគជ័យ​ឬ​បរាជ័យ​នោះទេ។ នៅ​រសៀល​ថ្ងៃ​២៤​ ខែ​មីនា​នេះ «​កម្ពុ​ជាថ្មី​»​មិនអាច​ស្វែងរក​ការសួរនាំ​ពី​តារា​កំប្លែង​ប្រិមប្រិយ​បាន​ឡើយ​ទាក់ទង​នឹង​រឿង​នេះ យើង​សូម​ជូនពរ​ឲ្យ​សេចក្តី​ស្នេហា​របស់​អ្នក​ទាំងពីរ​ស្ថិតស្ថេរ​ជា​និរន្ត៕