ពលរដ្ឋ​ជិត​១០០​គ្រួសារ​ នៅ​ជាប់​ព្រំដែន​វៀតណាម​ ព្រួយបារម្ភ​ខ្លាច​បាត់បង់​បឹង​ធម្មជាតិ

ពលរដ្ឋ​ជិត​១០០​គ្រួសារ​ នៅ​ជាប់​ព្រំដែន​វៀតណាម​ ព្រួយបារម្ភ​ខ្លាច​បាត់បង់​បឹង​ធម្មជាតិ



ក្រចេះ​ ៖​ ប្រជាពលរដ្ឋ​ខ្មែរឥស្លាម ប្រមាណ​ជា​ជិត​១០០​គ្រួសារ រស់នៅ​តំបន់​ជុំវិញ​បឹង​ធម្មជាតិ​ត្រពាំង​ស្បែក ​នៅ​ជាប់​ព្រំដែន​វៀតណាម​ បាន​សម្ដែង​ការ​ព្រួយបារម្ភ​ខ្លាច​បាត់បង់​បឹង​ធម្មជាតិ​មួយ​នេះ បន្ទាប់ពី​មាន​អ្នក​មាន​អំណាច​ម្នាក់​កំពុង​រំលោភ​យក​គ្រឿងចក្រ​កាយ​សម្រាប់​ប្រើប្រាស់​ជា​លក្ខណៈ​បុគ្គល​ផ្ទាល់ខ្លួន​នោះ។

បើ​តាម​ការ​ឲ្យ​ដឹង​ពី​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ​ បាន​និយាយ​ថា បឹង​ត្រពាំង​ស្បែក​មាន​ទីតាំង​ចំណុច​ត្រពាំង​ស្បែក ក្នុងភូមិ​ត្រពាំង​ស្បែ​កកើត ឃុំ​២​ធ្នូ ស្រុក​ស្នួល ជាប់​នឹង​តំបន់​ព្រំដែន​វៀតណាម គឺជា​បឹង​មួយ​ដែល​អ្នកភូមិ​ចាត់ទុកថា មាន​សក្ដានុពល​ធំធេង យ៉ាង​សម្បូរបែប​នៃ​ធនធានធម្មជាតិ ដែល​មាន​ផ្ទៃដី ទំហំ​២៧​ហិកតា និង​ក៏​ជា​អាង​ស្តុក​ទឹក​ដ៏​សំខាន់​សម្រាប់​ពលរដ្ឋ ​ដែល​តាំង​លំនៅ​ជុំវិញ​បឹង​មួយ​នេះ សម្រាប់​ប្រើប្រាស់​តាម​តម្រូវការ​ប្រចាំថ្ងៃ​ដូចជា ការ​នេសាទ​ជា​លក្ខណៈ​គ្រួសារ ការ​ចិញ្ចឹម​សត្វ​ពាហនៈ និង​ទឹក​សម្រាប់​អាស្រ័យ​ផល​កសិកម្ម​ផ្សេងៗ។

ពលរដ្ឋ​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ឲ្យ​​ដឹង​ថា បងប្អូន​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ​ ​សុទ្ធតែ​ខ្លាច​ ​​អំណាច​បុគ្គល​ម្នាក់​នេះ ព្រោះ​គេ​ជា​មន្ត្រី​មានបុណ្យ​សក្ដិ​ធំ ឈ្មោះ ធឹ​ម ធឿន ជា​មន្ត្រី​នគរ​វរៈ​ការពារ​ព្រំដែន​ ដែល​មាន​តួនាទី​ជា​ប្រធាន​​ប៉ុស្តិ៍​ច្រក​របៀង​ចំនួន​បី​កន្លែង​ នៅ​ក្នុង​ឃុំ​២​ធ្នូ ​ចាប់ពី​ព្រំប្រទល់​ស្រុក​កែវ​សីមា ដែល​ជា​ច្រក​សំខាន់​មួយ​ដែរ​ ក្នុង​ការ​នាំ​ឈើ​ចេញ​ទៅ​ប្រទេស​វៀតណាម​កាលពី​ពេល​កន្លង​ទៅ។

ពលរដ្ឋ​បន្ត​ថា អ្វី ដែល​ពួកគាត់​បាន​សម្តែង​នូវ​ក្តីបារម្ភ បន្ទាប់ពី​បឹង​ធម្មជាតិ​ដ៏​ធំ​ល្វឹងល្វើយ​មួយ​នេះ សព្វថ្ងៃ​ត្រូវ​បាន​រីង​ហួត​ដល់​បាត​ដី ដោយសារ​តែ​មាន​កាបូប​ទឹក និង​ជីក​កាយ​យក​អាចម៍​ដី​ពី​បាត​បឹង ដឹក​តាម​រថយន្ត​លក់​តាម​កសិកម្ម​ចម្ការ​ម្រេច​នៅ​តំបន់​នោះ និង​បាន​រំលោភ​យក​ដី​បឹង​ទាំងមូល​ដោយ​ប្រើប្រាស់​គ្រឿងចក្រ​ធំៗ ជីក​កាយ​បង្ហូរទឹក​ចេញពី​បឹង​ទៅ​ស្រះ​ដើម្បី​ផ្គត់ផ្គង់​និង​ប្រើប្រាស់​ជា​លក្ខណៈ​បុគ្គល​ទៅវិញ។

តាម​ឲ្យ​ដឹង​ពី​ប្រជាពលរដ្ឋ​ក៏បាន​បញ្ជាក់​ដែរ​ថា បឹង​ធម្មជាតិ​មួយ​នេះ​គឺអាច​ផ្គត់ផ្គង់​ទៅតាម​តម្រូវការ​របស់​ប្រជាពលរដ្ឋ សម្រាប់​ស្រោចស្រព​ដំណាំ​កសិកម្ម និង​សត្វ​ពាហនៈ និង​អាច​រក​ម្ហូបអាហារ​ជាដើម ទើបតែ​រយៈពេល​ពីរ​ឆ្នាំនេះ​បុគ្គល​ម្នាក់​នេះ ​បាន​បូម​ទឹក​នេះ​ ហើយ​ក៏​កាយ​ជីក​យក​អាចម៍​ដី និង​កាយ​ប្រឡាយ​ជ្រៅ​ដើម្បី​ទាញ​យក​ទឹក​ពី​បាត​បឹង​ចូល​ក្នុង​ប្រឡាយ​ដើម្បី​ប្រើប្រាស់​ជា​ប្រយោជន៍​ផ្ទាល់ខ្លួន ដែលជា​មូលហេតុ​បង្ក​ផល​ប៉ះពាល់ គ្មាន​ទឹក​ប្រើប្រាស់ សម្រាប់​ដំណាំ​កសិកម្ម និង​សត្វ​គោ​​ក្របី របស់គាត់។

ពលរដ្ឋ​បន្ត​ថា មន្ត្រី​ខាងលើ​ធ្នាប់​បាន​អះអាង​នៅមុខ​ពួកគាត់​ថា បើ​អាជ្ញាធរ​មិន​អនុញាត​ឲ្យ​កាយ ប្រឡាយ​នេះ​ ក៏​គេ​នៅតែ​បន្ត​កាយ​ប្រើ​ដែរ ពីព្រោះ​ដំណាំ​ម្រេច​របស់​គេ​ជិត​ងាប់​អស់ហើយ កំពុង​ខ្វះខាត​ទឹក។

ទាក់ទិន​នឹង​បញ្ហា​នេះ ​មិន​អាច​សុំ​ការ​ទំនាក់ទំនង​ពី​លោក លោក ធឹ​ម ធឿន ប្រធាន​ប៉ុស្តិ៍ ច្រក​របៀង​ខាងលើ​បាន​ទេ​ ដោយ​ទូរស័ព្ទ​ចូល ប៉ុន្តែ​ពុំ​មាន​អ្នកទទួល៕
ពលរដ្ឋ​ជិត​១០០​គ្រួសារ​ នៅ​ជាប់​ព្រំដែន​វៀតណាម​ ព្រួយបារម្ភ​ខ្លាច​បាត់បង់​បឹង​ធម្មជាតិ