ដេវីត បញ្ចេញ​កំហឹង​ជួស ​​ពេជ្រ សោភា​

ទន្ទឹម​នឹង​​មានការ​​​រិះ​គន់​ ទៅ​លើ​​តារា​ចម្រៀង​ ពេជ្រ សោភា ថា​មិន​សម​ជា​គណៈកម្មការ​ក្នុង​កម្ម​វិធី​​លំដាប់​ថ្នាក់​ពិភព​លោក​ The Voice Cambodia ដោយ​បុរស​ម្នាក់​នោះ ​ដៃ​គូ​នាង​លោក​ ងួន​ ចាន់​ដេវីត បាន​បញ្ចេញ​យោបល់​តាម​រយៈ​ Sabay​ ថា​​ រាល់​ការ​រិះ​គន់​តែង​តែ​មាន​ ប៉ុន្តែ​បើ​រិះ​គន់​​ក្នុង​​ន័យ​ជាន់​ពន្លិច​ លោក​ត្រូវ​មាន​ការ​តប​ត​ខ្លះ​ហើយ​។​

 

គណនេយ្យ​ហ្វេស​ប៊ុក​មួយ​ឈ្មោះ​ថា G-Devith SP​ បាន​តប​ត​ទៅ​បុរស​ម្នាក់​ដែល​រិះគន់​ធ្ងន់​ៗ​លើ សោភា ថា ៖ ​”អ្នក​ដែល​គាត់(ពេជ្រ សោភា)​ចុច​ម្នាក់​ឯង ​ក៏​ច្រៀង​ពីរោះ​ដែរ ​គ្រាន់​តែ​ Coach ​ផ្សេង​ទៀត​អត់​បាន​ចុច​ ហើយ​ Coach ផ្សេង​ទៀត​ចុច​ម្នាក់​​ឯង​ដែរ។ទោះ​បី​គាត់​ឆ្កួត ​ក៏​ឆ្កួត​ក្នុង​ន័យ​សិល្បៈ មាន​ទស្សនិកជន​ពេញ​ចិត្ត​ហើយ​បង្ក​ភាព​សប្បាយ​រីក​រាយ​ដល់​កម្ម​វិធី​ទាំង​មូល​ បើ​ងាក​មក​ពូ​វិញ​ឆ្កួត​បែប​ភ្លាវ​ ចឹង​បែប​សង្ស័យ​ ត្រូវ​ជួប​គ្រាប់​ធំៗ​តិច​ទៀត​ហើយ”។

 

ដេវីត បញ្ចេញ​កំហឹង​ជួស ​​ពេជ្រ សោភា​

 

គណនេយ្យ​ខាង​លើ​បន្ថែម​៖​​” មួយ​ទៀត​ពូ​ថា​ ពេជ្រ សោភា​ មិន​ដែល​បាន​កូន​ក្រុម​ដែល​​​មាន​Coach ផ្សេង​ទៀត​ចុច​យក​ បើ​ពូ ជា​ពេជ្រ សោភា​ខ្មាស​គេ​ណាស់។ ពេជ្រ សោភា​ អត់​ខ្មាស​គេ​ទេ គេ​មិន​ជ្រើស​យក​គាត់​ ជា​រឿង​គេ​ទេ​ពូ​ ​”។

 

បើ​ទោះ​ជា​យ៉ាង​នេះ​ក្ដី សាមី​ខ្លួន ងួន​ ចាន់​ដេវីត ដែល​ជា​គូ​ចម្រៀង​របស់​ ពេជ្រ សោភា ​អះ​អាងមក​កាន់​ Sabay​ ​ថា នោះ​​​មិន​មែន​ជា​គណនេយ្យ​​របស់​លោក​ឡើយ។ ​ប៉ុន្តែ​រាល់​សម្ដី​ដែល​​គេ​បាន​សរសេរ​តប​ត​ទៅ​បុរស​នោះ​ គឺ​ដូច​អ្វី​ដែល​លោក​ចង់​បកស្រាយ​ដែរ។

 

ដេវីត បញ្ចេញ​កំហឹង​ជួស ​​ពេជ្រ សោភា​

 

ដេវីត ថ្លែង៖ ​“ពួក​ខ្ញុំ​មិន​អាច​ហាមឃាត់​អ្នក​ដទៃ​មិន​អោយ​រិះគន់​យើង​បាន​ទេ​ មនុស្ស​ម្នាក់ៗ​មាន​សិទ្ធិ​នៅ​ក្នុង​ការ​បញ្ចេញ​មតិ​ តែ​ពួក​យើង​ក៏​មាន​សិទ្ធិ​នៅ​ក្នុង​ការ​បកស្រាយ​នឹង​ការពារ​ខ្លួន​ដូចគ្នា​ តែ​បុរស​នោះ​សរសេរ​ក្នុង​ន័យ​​ដៀមដាម​មិន​មែន​រិះគន់​ទេ”។​

 

បែប​នេះ​ក្តី​តារា​ចម្រៀង​ចាស់​វស្សា​ប្រចាំ​ផលិត​កម្ម​ហង្ស​មាស ពេជ្រ សោភា​ បាន​ធ្វើ​ការ​បក​ស្រាយ​កាល​ពី​ម្សិល​មិញ​​តាម​រយៈ​ Sabay រួច​ហើយ​ថា ​រាល់​ការ​សម្រេច​ចិត្ត​ជ្រើសរើស​បេក្ខជន​ណាមួយ​នោះ Coach មាន​ទស្សនៈ​ផ្សេងៗ​គ្នា ហើយ​ការ​សម្រេច​ចិត្ត​របស់​នាង ព្រោះ​យល់​ថា ជា​រឿង​ត្រឹមត្រូវ​សម្រាប់​ខ្លួន​ឯង​ផ្ទាល់។ ​​

 

“គ្រាន់​តែ​ខ្ញុំ​ដឹង​ថា បេក្ខជន​នីមួយៗ​ដែល​ខ្ញុំ​ជ្រើសរើស​គាត់​មាន​សំឡេង​ប្លែក ហើយ​ជា​សំឡេង​មាន​មនោសញ្ចេតនា និង​មាន​ទឹក​ដម ហើយ​ខ្ញុំ​នឹង​យក​គាត់​ហើយ។ តម្រូវ​ការ​ក្នុង​ចិត្ត​របស់​ខ្ញុំ មិន​ចាំ​បាច់​ស្រែក​ខ្លាំង​ពេក​ ឬ​ស្រែក​ដូច​ទៅ​នឹង​ម្ចាស់​ដើម​នោះ​ទេ”។ ពេជ្រ សោភា ថ្លែង​មក​កាន់ Sabay។

 

ចុង​ក្រោយ​នាង បញ្ជាក់​ថា នៅ​តែ​ត្រៀម​ទទួល​ការ​រិះគន់ក្នុង​ន័យ​ស្ថាបនា មិន​មែន​ជាន់​ពន្លិច​នោះ​ឡើយ៕

 

អត្ថបទ​៖ ថា ម៉ាលីដា