​អា​ការៈដែល​បញ្ជាក់​តម្រង​នោម​កំពុងតែ​ជួប​គ្រោះថ្នាក់​

​អា​ការៈដែល​បញ្ជាក់​តម្រង​នោម​កំពុងតែ​ជួប​គ្រោះថ្នាក់​

​ខណៈពេល​ដែល​យើង​បារម្ភ​ខ្លាំង​អំពី​របៀប​រស់នៅ​ផ្សេងៗ​ដែល​ជំរុញ​ឲ្យ​កើត​ជំងឺ​ដូចជា លើស​សម្ពាធ​ឈាម ឬ​ទឹកនោមផ្អែម​នោះ យើង​ច្រើន​តែ​ភ្លេច​អំពី​សរីរាង្គ​សំខាន់ៗ​ដែល​ត្រូវការ​ការយកចិត្តទុកដាក់​ដូចគ្នា​ដែរ​។ អាការៈ​មួយចំនួន​នៃ​សរីរាង្គ​ណាមួយ​ខ្សោយ​នោះ​ពិតជា​រឿង​មួយ​ដែល​យើង​គួរតែ​យកចិត្តទុកដាក់​ខ្លាំង​ផង ជាពិសេស​ករណី​តម្រងនោម​តែម្តង ព្រោះ​ការ​ខ្សោយតម្រងនោម​ច្រើន​តែ​រក​ឃើញ​ក្នុង​ដំណាក់កាល​មួយ​យឺត​ពេល​រហូត​។ យ៉ាងណាមិញ រាងកាយ​នឹង​បញ្ជូន​សញ្ញា​ប្រកាសអាសន្ន​ច្រើន​មុន​ពេល​វា​ទៅ​ជា​អាការៈ​ធ្ងន់ធ្ងរ​ដូចជា​៖

ប្រែប្រួល​លក្ខណៈ​ទឹកនោម​
សញ្ញា​ខ្សោយតម្រងនោម​ដំបូង​គេ​គឺ​ទាក់ទង​នឹង​លក្ខណៈ​ទឹកនោម ឬ​ការ​នោម​តែម្តង​។ សញ្ញា​ដំបូង​គេ​ដែល​បញ្ជាក់ថា​តម្រងនោម​ធ្វើការ​មិន​បាន​ល្អ​អាច​ចាប់ផ្តើម​ជាមួយនឹង​ការ​នោម​ញឹក​នៅពេល​យប់ នោម​កាន់តែច្រើន ឬ​កាន់តែ​តិច ទឹកនោម​ទៅជា​ខា​ប់ ចេះ​តែ​ចង់​នោម​ជាដើម​។ ចំពោះ​អាការៈនោម​ឈើ​អាច​បញ្ជាក់​ថា​មាន​ការបង្ក​រោគ​នៅ​ផ្លូវទឹក​ម៉ូ​ត្រដែរ​។ ចំណែកឯ​ការ​នោម​ឈាម​ក៏​ជា​រឿង​ត្រូវ​ព្រួយបារម្ភ​ណាស់ដែរ​។

ហើម​
មុខងារ​ដ៏​សំខាន់​របស់​តម្រងនោម​គឺ​ច្រោះ​ជាតិពុល និង​ច្រោះ​ឈាម និង​លាង​សម្អាត​សរីរាង្គ​ទាំងអស់​ក្នុង​រាងកាយ​។ យ៉ាងណាមិញ សរសៃឈាម​អាក់ទែ និង​កា​ពី​ឡា​រី​ក្នុង​តម្រងនោម​ដែល​ខូច​នោះ ដូច្នេះ​វា​ពិតជា​មិន​អាច​ធ្វើការ​ច្រោះ​ជាតិពុល​បាន​ទៀត​ឡើយ​។ ដូច្នេះ​វា​អាច​នឹង​កើនឡើង​ជាតិ​ទឹក និង​អំបិល​ក្នុង​ខ្លួន​ចូល​ទៅ​កន្លែង​ផ្សេងៗ​នៃ​រាងកាយ ដែល​បង្ក​ជា​ការ​ហើម​កើតឡើង​នៅ​ប្រអប់ជើង ប្រអប់​ដៃ និង​ក្រោម​ភ្នែក​។

រមាស់ ឬ​ស្បែក​ស្ងួត​
ចាប់តាំងពី​តម្រងនោម​ជួយ​ច្រោះ​ជាតិពុល​ពី​រាងកាយ​មក វា​ក៏​ជួយ​ឲ្យ​កោសិកា​គ្រាប់​ឈាមក្រហម​មាន​សុខភាព​ល្អ និង​ថែរក្សា​ជីវជាតិ និង​ជាតិ​រ៉ែ​បាន​ត្រឹមត្រូវ​ផងដែរ​។ នៅពេល​មាន​អតុល្យភាព​ជាតិ​រ៉ែ និង​ជីវជាតិ ព្រមទាំង​មាន​កាកសំណល់​ក្នុង​ឈាម​ច្រើន វា​តែងតែ​បង្ក​ជា​ការ​រមាស់​ស្បែក និង​ស្បែក​ស្ងួត​។

មិនសូវ​ឃ្លាន​អាហារ​
វា​ពិតជា​គ្មាន​សញ្ញា​ដំបូង​ណាមួយ​នៃ​ការ​ខ្សោយតម្រងនោម​ឡើយ​នៅ​ពេល​ដែល​រាងកាយ​មាន​ជាតិពុល​លើស ឬ​កាកសំណល់​ក្នុង​ខ្លួន​ច្រើន​។ វា​អាចនឹង​ចេញ​ជា​រោគសញ្ញា​ផ្សេង​ច្រើន ហើយ​ការ​មិន​ឃ្លាន​អាហារ​ក៏​ជា​ផ្នែក​មួយ​ដែរ​។ តាមពិត វា​គ្រាន់តែ​ជា​អាការៈ​មួយ​នៃ​ការ​ខ្សោយតម្រងនោម​ប៉ុណ្ណោះ​។

អស់កម្លាំង​ខ្លាំង​
នៅពេល​តម្រងនោម​ធ្វើការ​មិន​បាន​ល្អ វា​នឹង​ឈប់​បញ្ចេញ​អ័រម៉ូន​មួយ​ឈ្មោះថា Erythroprotein សម្រាប់​ជួយ​ដល់​ការផលិត​កោសិកា​គ្រាប់​ឈាម​ក្រហម​។ កោសិការ​គ្រាប់​ឈាមក្រហម​ទាំងនេះ​នឹង​ជួយ​ដឹកជញ្ជូន​អុកស៊ីសែន និង​ជីវជាតិ​ជាច្រើន​ទៅ​គ្រប់កន្លែង​នៃ​រាងកាយ​ដើម្បី​ថែរក្សា​កម្លាំង​ថាមពល​។ ប៉ុន្តែ​ដោយសារ​តែ​ការ​ខ្សោយតម្រងនោម ទើប​ធ្វើឲ្យ​ការផលិត​កោសិកា​គ្រាប់​ឈាមក្រហម​ថយចុះ ដូច្នេះ​នឹង​បង្ក​ជា​អាការៈ​ស្លេកស្លាំង​ដោយសារ​ខ្វះ​គ្រាប់​ឈាម និង​អស់កម្លាំង​ខ្លាំងក្លា​។

ក្អួតចង្អោ​
រាល់​ជាតិពុល​ទាំងអស់​ដែល​កើន​ឡើង​ក្នុង​ខ្លួន​អាច​នឹង​នាំ​ឲ្យ​ក្អួត និង​ចង្អោ​ច្រើន ដែល​វា​សញ្ញា​មួយ​ទៀត​ដែល​អ្នក​គួរ​ចាប់អារម្មណ៍​បំផុត​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី25 
មីនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។