អំពើហិង្សា​ក្នុង​គ្រួសារ​មាន​ជាប់ពាក់ព័ន្ធ​នឹង​បញ្ហា​មាន​គភ៌

អំពើហិង្សា​ក្នុង​គ្រួសារ​មាន​ជាប់ពាក់ព័ន្ធ​នឹង​បញ្ហា​មាន​គភ៌

រូបឯកសារ៖ ជា​រៀងរាល់​ឆ្នាំ ស្រ្តី​ប្រហែល​១.៣លាន​នាក់​នៅ​សហរដ្ឋ​អាមេរិក​ ត្រូវ​បាន​បំពាបំពាន​ដោយ​ស្វាមី ឬ​មិត្ត​ប្រុស។ នេះ​បើ​យោង​តាម​សម្ព័ន្ធ​ជាតិ​ប្រឆាំង​នឹង​អំពើហិង្សា​ក្នុង​គ្រួសារ។ការ​សិក្សា​ថ្មី​មួយ​រក​ឃើញ​ថា​ អំពើហិង្សា​ក្នុង​គ្រួសារ​ក្នុង​ពេល​មាន​ផ្ទៃ​ពោះ​ បាន​បង្កើន​ហានិភ័យ​ចំពោះ​ទារក​ដោយ​​ការកើត​មិន​គ្រប់​ខែ​​ ការកើត​មក​មិន​គ្រប់​គីឡូ និង​បញ្ហា​ផ្សេងៗ​ទៀត​។
វ៉ាស៊ីនតោន—

អ្នក​ស្រាវជ្រាវ​នៅ​សាកល​វិទ្យាល័យ​រដ្ឋ Iowa បាន​វាយ​តម្លៃ​លើ​ការ​រក​ឃើញ​ក្នុង​របាយការណ៍​សិក្សា​ជាង​៥០​ ស្តី​ពី​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ដែល​ប្រព្រឹត្តិ​ឡើង​ដោយ​ដៃគូ ឬ​អតីត​ដៃ​គូ។ លោក​ស្រី​ Audrey Saftlas សាស្ត្រាចារ្យ​ផ្នែក​វេជ្ជសាស្ត្រ​រោគ​ឆ្លង​ គឺ​ជា​អ្នក​ដឹកនាំ​ក្នុង​ការសិក្សា​អំពី​បញ្ហា​នេះ។ លោក​ស្រី​និយាយ​ថា៖​

«យើង​ដឹង​ថា ​អំពើ​ហិង្សា​ដោយ​ដៃ​គូ​ជិត​ស្និទ្ធ​ប៉ះពាល់​ជា​ចម្បង​ដល់​ស្ត្រី​ក្នុង​ដំណាក់​កាល​បង្ក​កំណើត។ ស្ត្រី​ដែល​មាន​អាយុ​តិច​ក្នុង​វ័យ​បន្ត​ពូជ​ កាន់​តែ​ទទួល​រង​ការ​ប៉ះពាល់​ខ្លាំង​ជាង​ស្រ្តី​ដែល​មាន​អាយុ​ច្រើនក្នុង​វ័យ​បន្តពូជ។​ ដូច្នេះ​ ស្រ្តី​ដែល​មាន​អាយុ​តិច​ជាង​២៥​ឆ្នាំ​ និង​ស្ត្រី​ដែល​មាន​អាយុ​តិច​ជាង​២០​ឆ្នាំ​ប្រឈម​មុខ​នឹង​គ្រោះ​ថ្នាក់​កាន់​តែ​ខ្លាំង​ពី​អំពើ​ហិង្សា​ប្រព្រឹត្តិ​ដោយ​ដៃ​គូ​ជិត​ស្និទ្ធ»។​

អ្នក​ស្រី​បាន​គូស​បញ្ជាក់​អំពី​ផល​វិបាក​មួយ​ចំនួន​លើ​ជន​រងគ្រោះ​ដោយ​សារ​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ក្នុង​អំឡុង​ពេល​មាន​ផ្ទៃ​ពោះ។

«ជា​ពិសេស​ យើង​រក​ឃើញ​ថា​ មាន​គ្រោះ​ថ្នាក់​ទ្វេ​ដង​នៃ​ការមាន​ទារក​ដែល​កើត​មុន​ពេល​កំណត់។​ ដូច្នេះ​ ទារក​ទាំង​ឡាយ​ដែល​មិន​គ្រប់​ខែ​បាន​កើត​ គឺ​កើត​មុន​ពេលឈាន​ដល់​អាយុ​៣៧​សប្តាហ៍​នៃ​គភ៌។​ ហើយ​យើង​រក​ឃើញថា​ ​មាន​គ្រោះ​ថ្នាក់កើន​ឡើង​សម្រាប់​ការ​សម្រាល​កូន​ដែល​មាន​ទម្ងន់​ស្រាល​នៅ​ពេល​កើត ឬ​មាន​ទម្ងន់​តិច​ជាង​២គីឡូកន្លះនៅ​ពេល​កើត។ យើង​ក៏​រក​ឃើញ​ដែរ​ថា​ គ្រោះ​ថ្នាក់​មាន​កាន់​តែ​ខ្លាំង​សម្រាប់​ការ​មាន​ទារក​ដែល​មាន​មាឌ​តូច​ក្នុង​ពេល​ពួក​គេ​នៅ​ជា​គភ៌​នៅ​ឡើយ»។

ក្រុម​អ្នក​ស្រាវជ្រាវ​និយាយ​ថា​ ទម្រង់​សាមញ្ញ​បំផុត​នៃ​អំពើ​ហិង្សា​ក្នុង​គ្រួសារ​លើ​ស្ត្រី​គឺ​កើត ​ឡើង​លើ​រាងកាយ​ ផ្លូវ​ភេទ ផ្នែក​ហិរញ្ញវត្ថុ​ លើ​ផ្លូវ​ចិត្ត​ និង​ផ្លូវ​អារម្មណ៍។

«យើង​រក​ឃើញ​ថា​ ស្ត្រី​ដែល​ប្រឈម​មុខ​នឹង​អំពើ​ហិង្សា​យ៉ាង​តិច​២​ឬ​លើស​ពី​នេះ​ មាន​គ្រោះ​ថ្នាក់​កាន់​តែ​ខ្ពស់​ ដោយ​សម្រាល​កូន​មុន​ពេល​កំណត់​និង​មាន​ទារក​ទម្ងន់​ស្រាល​ពេល​សម្រាល​ ជាង​ស្រី្ត​ដែលជួប​ប្រទេះ​អំពើ​ហិង្សា​តែ​មួយ​ទម្រង់។​ ដូច្នេះ​ ជា​ឧទាហរណ៍​ ប្រសិន​បើ​ស្ត្រី​ម្នាក់​បាន​រង​អំពើ​ហិង្សា​ផ្លូវ​កាយ​និង​ផ្លូវ​អារម្មណ៍​ នោះ​គ្រោះ​ថ្នាក់​ចំពោះ​នាង​មាន​កាន់​តែ​ខ្ពស់​ជាង​ស្ត្រី​ដែល​បាន​រង​អំពើ​ហិង្សា​ផ្លូវ​កាយ​តែ​មួយ​មុខ»។

លោក​ស្រី​ Saftlas និយាយ​ថា​ ការសិក្សា​នេះ​មិន​មាន​ព័ត៌មាន​លម្អិត​អំពី​ហ្វ្រេកង់​ ឬ​ពេល​វេលា​នៃ​អំពើ​ហិង្សា​ទាំង​នោះ​ទេ។ ប៉ុន្តែ​វា​បាន​បង្ហាញ​ថា អំពើ​ហិង្សា​ក្នុង​គ្រួសារ​និង​ផល​ប៉ះពាល់​របស់​វា​គឺ​ មាន​ដូច​គ្នា​ មិន​ថា​នៅ​ប្រទេស​អ្នក​មាន​ ប្រទេស​មាន​ប្រាក់​ចំណូល​ទាប ឬ​មធ្យម​នោះ​ទេ។

«ដើម្បី​ធ្វើ​ឲ្យ​ការ​រក​ឃើញ​របស់​យើង​ អាច​យកទៅអនុវត្ត​ជាក់​ស្តែង​បាន​ វា​ចាំបាច់​ណាស់​សម្រាប់​គ្រូពេទ្យសម្ភព​ អ្នកជំនាញ​វេជ្ជសាស្ត្រ​ផ្នែក​បង្កកំណើត​ ពេទ្យ​ព្យាបាល​ជំងឺ​ដែល​មើល​ថែ​ស្រ្តី​ក្នុង​អំឡុង​ពេល​មាន​ផ្ទៃពោះ​ ត្រូវ​ស្វែង​យល់​និង​មាន​លទ្ធភាព​បញ្ជាក់​ពី​សញ្ញា​នៃ​ការ​រំលោភ​បំពាន​ និង​មាន​លទ្ធភាព​និង​ការ​ហ្វឹកហាត់​ ដើម្បី​ធ្វើ​ឲ្យស្ត្រី​រងគ្រោះ​ទទួល​បាន​ធនធាន​ផ្សេងៗ​ដែល​អាច​ជួយ​នាង​បាន»។

លោក​ស្រី​និយាយ​ថា​ សញ្ញា​នៃ​ការ​រំលោភ​បំពាន​ក្នុង​គ្រួសារ​ខ្លះ​អាច​នឹង​មើល​ឃើញ​យ៉ាង​ងាយ​ ប៉ុន្តែ​ខ្លះ​ទៀត​មិន​ងាយ​មើល​ឃើញ​ឡើយ។

«មាន​ស្លាកស្នាម​លើ​រាងកាយ​ដោយអំពើ​ហិង្សា​ ហើយ​ពេល​ខ្លះ​ក៏​មាន​សញ្ញា​បង្ហាញ​ពី​អំពើ​ហិង្សា​ផ្លូវ​ភេទ​ដែរ។ ជា​ឧទាហរណ៍​ ស្ត្រី​ដែល​មាន​ទំនាក់​ទំនង​ជាមួយ​ដៃ​គូ​ប្រើ​អំពើ​ហិង្សា​ ទំនង​ជា​ត្រូវ​បាន​វិភាគ​ឃើញ​ថា​ មាន​ជំងឺ​ដែល​ឆ្លង​តាម​ការ​រួម​ភេទ​ផ្សេងៗ។ លក្ខខណ្ឌ​ចង្អុល​បង្ហាញផ្សេង​ទៀត​ដែល​លើក​ឡើង​ថា ​មាន​អំពើ​ហិង្សា​ដោយដៃ​គូ​ជិតស្និទ្ធ​ ​រួម​មាន​ការ​បង្ហាញរោគ​សញ្ញា​ការ​ឈឺចាប់​មិន​ជាក់​លាក់​ណា​មួយ​ វិបត្តិ​ផ្នែក​ចិត្តសាស្ត្រ​និង​ផ្លូវ​ចិត្ត​ ដូច​ជា​ជំងឺ​បាក់​ទឹក​ចិត្ត​ជា​ដើម»។

លោក​ស្រី​បាន​ឲ្យ​ដឹង​ដែរ​ថា​ ចំពោះ​ស្ត្រី​ជាច្រើន​ដែល​ស្ថិត​នៅ​ក្នុង​ទំនាក់​ទំនង​ដែល​រង​ការរំលោភ​បំពាន​ មតិយោបល់​របស់​ពួក​គេ​ត្រូវ​បាន​បដិសេធ​ឬ​បំភ្លេច​ចោល។ ពួក​គេ​ថែម​ទាំង​ត្រូវ​បាន​គេ​ប្រាប់​ថា​ អ្វី​ដែល​ពួក​នាង​និយាយ​ស្តាប់​ទៅ​ដូច​ឆ្កួត។ លោក​ស្រី​បន្ថែម​ថា​ កន្លងមក​ អ្នកខ្លះ​ជឿ​ថា​ ពួក​គេ​មាន​ជំងឺ​ផ្លូវ​ចិត្ត។

អ្នកស្រី​សាស្ត្រាចារ្យ​សាកលវិទ្យាល័យ​រដ្ឋ Iowa ​ថ្លែង​បន្ត​ថា​ បើ​សិន​ជា​សញ្ញា​នៃ​ការ​រំលោភ​បំពាន​ក្នុង​គ្រួសារ​ត្រូវ​បាន​គេ​កត់​សម្គាល់​ ការ​ធ្វើ​អន្តរាគមន៍​គួរ​តែ​ត្រូវ​បាន​ធ្វើ​ឡើង។ ការ​ធ្វើ​អន្តរាគមន៍​ទាំង​នេះ​រួម​មាន​ការ​ទៅ​ជួប​ផ្ទាល់​ដល់​គេហដ្ឋាន​និង​កម្មវិធី​ពិគ្រោះ​យោបល់​ ក៏​ដូច​ជា​កម្មវិធី​គាំពារ និង​កម្មវិធី​គាំទ្រ​ដល់​ផ្នែក​ផ្លូវ​ចិត្ត។

«កម្មវិធី​ទាំង​នេះ​ អាច​នឹង​មាន​ប្រសិទ្ធភាព ប៉ុន្តែវា​សំខាន់​ណាស់​ដែល​ត្រូវ​មាន​ការ​សិក្សា​បន្ថែម​ទៀត​ ដើម្បី​ធ្វើ​តេស្ត​ឲ្យ​បាន​ជាក់​ស្តែង​ថាតើ​ ការ​ធ្វើ​អន្តរាគមន៍​ទាំង​នេះ​ពិត​ជា​មាន​ប្រសិទ្ធភា​ក្នុង​ការ​រារាំង​និង​កាត់​បន្ថយ​អំពើហិង្សា​បង្ក​ឡើង​ដោយ​ដៃ​គូ​ជិត​ស្និទ្ធ​របស់​ស្ត្រី​ទាំង​នេះ​ដែរ​ឬ​អត់»។

ការ​សិក្សា​លើ​អំពើ​ហិង្សា​ក្នុង​គ្រួសារ​នៅ​ក្នុង​អំឡុង​ពេល​មាន​ផ្ទៃ​ពោះ​ ត្រូវ​បាន​បោះពុម្ព​ផ្សាយ​ក្នុង​ទស្សនាវដ្តី​អន្តរជាតិ​ស្តី​អំពី​វេជ្ជសាស្ត្រ​ឆ្មប និង​ការ​ព្យាបាល​រោគ​ស្ត្រី៕

ប្រែ​សម្រួល​ដោយ​ នៀម ឆេង