ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ លើក​ទី​៤ សម្រេច​គោលដៅ ​បាន​ជាង​ ៦០%​ ហើយ

ខេត្តសៀមរាប ៖ សំណង់​ភូមិ​ខ្ញុំ ដែល​ជា​ផ្នែក​មួយ​នៃ​ហេដ្ឋារចនាសម្ព័ន្ធ ក្នុង​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត ពស​២៥៦០ ជា​លើក​ទី​៤ កំពុង​ធ្វើ​ដំណើរ​ឆ្ពោះទៅ​រក​គោលដៅ បាន​ជាង​៦០%​ហើយ គឺជា​សំណង់​និមិត្ត​កម្មនា​សម័យកាល​បច្ចុប្បន្ន ដែល​មាន​ឥទ្ធិពល អាច​ផ្តល់​ឱកាស​ឱ្យ​អ្នកចូលរួម​រីករាយ​ក្នុង​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​សហស្ស​វត្សរ៍​ថ្មី​នេះ បាន​ស្ថិត​ក្នុង​ការ​ស្វែង​យល់ អំពី​ប្រពៃណី វប្បធម៌​នៃ​ការ​រស់នៅ​របស់​ដូនតា​ខ្មែរ សម័យកាល​មុន​។ 

ប្រធាន​ក្រុមការងារ​ទំនាក់ទំនង​សាធារណៈ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត លោក សោម រតនា បាន​លើក​បង្ហាញ​ប្រាប់​បណ្តាញ​ភ្នាក់ងារ​កោះសន្តិភាព​តាម​ទូរស័ព្ទ​នៅ​រសៀល​ថ្ងៃ​ទី​២៤ ខែមីនា​នេះ​ថា ឥទ្ធិពល​នៃ​សំណង់​និម្មិត​កម្ម​ភូមិ​ខ្ញុំ ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត សហស​វត្សរ៍​ថ្មី ជា​លើក​ទី​៤​បាន​មក​ដល់​នៅ​ពេល​ខាង​មុខ​នេះ គឺជា​ទីក្រុង​ប្រវត្តិសាស្ត្រ​នៃ​ខេត្តសៀមរាប ។

លោក​បាន​បន្ត​ឱ្យ​ដឹង​ថា សំណង់​និម្មិត​កម្ម​ភូមិ​ខ្ញុំ ដែល​ស្ថិត​នៅ​ខាងជើង​ប្រាសាទបាយ័ន បាន​ចាប់ផ្តើម​សាងសង់​កាលពី​ថ្ងៃ​ទី​១៣ ខែមីនា ឆ្នាំ​២០១៦ ហើយ​ដែល​គ្រោង​និង​បញ្ចប់​ការ​សាងសង់​នេះ​ឱ្យ​រួចរាល់​ជា​ស្ថាពរ មុន​១​ស​ប្តា​ហ៍ នៃ​ការ​ចូល​មក​ដល់​ព្រឹ​ត្ត​ការណ៍​អង្គរ​សង្ក្រាន្ត ថ្ងៃ​ទី​១៣ ខែមេសា ឆ្នាំ​២០១៦​ខាង​មុខ ។

លោក​បាន​បញ្ជាក់​ថា កិច្ចការ​ទាំងនេះ ត្រូវ​បាន​ដាក់បន្ទុក​ទទួលខុសត្រូវ សាងសង់ ដោយ​អាជ្ញាធរ​ជាតិ​អប្សរា ។

លោក សោម រតនា បាន​បញ្ជាក់​ទៀត​ថា សំណង់​នានា​ដែល​មាននៅ​ក្នុង​និម្មិត​ដ្ឋា​ន​ភូមិ​ខ្ញុំ រួម​មាន​២៤​ខ្នង​ដូច​ជា ផ្ទះ​សេដ្ឋី លំនៅ​ដ្ឋា​ន​ប្រពៃណី​អ្នកនេសាទ ផ្ទះ​ព្នង រោង​សិប្បកម្ម ឆាក​សម្តែង​សិល្បៈ ផ្ទះ​លំហែ​របស់​មន្ត្រី​អ្នកមុខអ្នកការ​នា​សម័យ​ដើម តូប​ផ្សារ​លក់ដូរ ជាដើម ។​ល​។ ផ្ទះ​កូន​ក​ម្លោះ កូនក្រមុំ នៃ​ជនជាតិភាគតិច​(​គ្រឹ​ង​) នឹង​នាំ​មក​ពី​ខេត្ត​រតនគីរី កសាង​នៅ​ក្នុងភូមិ​ខ្ញុំ​នេះ ហើយ​ជនជាតិ​គ្រឹ​ង​ប្រមាណ​ជា​ជាង​១០​នាក់ នឹង​មាន​វត្តមាន​បង្ហាញ​ប្រពៃណី​រស់នៅ​របស់​ពួក​គេ នៅ​ក្នុង​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​នេះ ផង​ដែរ ។ គួរ​រម្លឹក​ដែរ​ថា នេះ​គឺជា​លើ​ទី​៤​ហើយ ដែល​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា បាន​សហការ​ជាមួយ​អាជ្ញាធរ​ជាតិ​អប្សរា និង​អាជ្ញាធរ​ពាក់ព័ន្ធ បាន​រួម​គ្នា​រៀបចំ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​នៅ​លើ​ទឹកដី​ដ៏​ពិសិដ្ឋ​នៃ​ខេត្តសៀមរាប​។ 

មរតក​ជោគជ័យ​ជា​ប្រវត្តិសាស្ត្រ​នៃ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ទាំង ០៣ លើក​កន្លង​ទៅ បាន​ញ៉ាំង​ឱ្យ​ព្រឹត្តិការណ៍​នេះ បន្ត​សម្រេច​បាន​នូវ​គោលដៅ​ចម្បង​ៗ​ជា​ច្រើន ដែល​ក្នុង​នោះ​ព្រឹត្តិការណ៍​នេះ ក៏​បាន​ផ្តល់​ឱកាស​ឱ្យ​កម្ពុជា​បាន​ផ្សព្វផ្សាយ និង​លើកតម្កើង​ពី​អរិយធម៌ វប្បធម៌ ព្រមទាំង​ស្នាដៃ​ដ៏​វិសេសវិសាល​របស់​ខ្លួន​ទៅ​លើ​ឆាក​អន្តរជាតិ​។ 

ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត ពស ២៥៦០ ត្រូវ​នឹង គ​ស ២០១៦ ត្រូវ​បាន​រៀបចំ​ជា​ថ្មី​ម្តងទៀត​នេះ គឺ​ដោយ​ផ្អែក​លើ​ភាព​ជោគជ័យ​ដ៏​ត្រចះត្រចង់ នៃ​ព្រឹត្តិការណ៍​នេះ នា​បណ្តា​ឆ្នាំ​កន្លង​ទៅ​ផង​ដែរ​៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត