ទឹកជ្រោះ​កា​ទៀង​និង​កាចា​ញ​អត់​សូវ​មាន​អ្នក​ទៅ​លេង​ព្រោះ​ផ្លូវ​មិនល្អ

រាជធានី​ភ្នំពេញ ៖ រមណីយដ្ឋាន​២​ដែល​មាន​ទឹកធ្លាក់​មិន​ដាច់​នោះ​មាន​អ្នកទេសចរ​ជាតិ និង​អន្តរជាតិ​ទៅ​កម្សាន្ត​តិចតួច ព្រោះតែ​ផ្លូវ​ខូចខាត​ច្រើន​កន្លែង​ពិបាកធ្វើ​ដំណើរ ។
អាជីវករ​អ្នក​លក់ដូរ​ម្ហូបអាហារ​ចំណី​នៅ​រមណីយដ្ឋាន​ទឹកជ្រោះ​កា​ទៀង និង​រមណីយដ្ឋាន​ទឹកជ្រោះ​កាចា​ញ​បាន​ត្អូញត្អែរ​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា រមណីយដ្ឋាន​ទាំង​ពីរ​មាន​សភាព​ស្ងប់ស្ងាត់​ដោយសារ​ផ្លូវ​ខូចខាត​ពិបាក​ចូល​ទៅ​កម្សាន្ត ពិសេស​ផ្លូវ​ចូល​ទៅ​រមណីយដ្ឋាន​ទឹកជ្រោះ​កា​ទៀង​តែ​ម្តង ។ ផ្លូវ​ទៅ​រមណីយ​ទឹកជ្រោះ​កាចា​ញ​ខូចខាត​បន្តិចបន្តួច​ប៉ុណ្ណោះ រថយន្ត​អាច​ចូល​ទៅ​ដល់​បាន ។

បើ​តាម​ការ​ឲ្យ​ដឹង​ពី​ស្រី្ត​អ្នកលក់​សំបុត្រ​ជូន​អ្នកទេសចរ​ឱ្យ​ដឹង​ថា មាន​អ្នកទេសចរ​ទៅ​កម្សាន្ត​នៅ​រមណីយដ្ឋាន​ទឹកជ្រោះ​កាចា​ញ​ចំនួន​៧០​ទៅ​៨០​នាក់ សម្រាប់​ថ្ងៃ​សៅរ៍ និង​ថ្ងៃអាទិត្យ រីឯ​ថ្ងៃ​ចន្ទ​ដល់​ថ្ងៃ​សុក្រ​មាន​ប្រមាណ​តែ​១០​ទៅ​១៥​នាក់​ប៉ុណ្ណោះ ។

ចំណែក​រមណីយដ្ឋាន​ទឹកជ្រោះ​កា​ទៀង​វិញ​គឺ​អ្នកទេសចរ​ជាតិ និង​អន្តរជាតិ​ទៅ​កម្សាន្ត​តែ​២០​ទៅ​៣០​នាក់​ប៉ុណ្ណោះ​ចំពោះ​ថ្ងៃ​សៅរ៍ និង​ថ្ងៃអាទិត្យ រីឯ​ថ្ងៃ​ចន្ទ​ដល់​ថ្ងៃ​សុក្រ មិន​មាន​ទេ​អ្នក​ទៅ​កម្សាន្ត​ទេ ។

កត្តា​ដែល​បណ្តាល​ឱ្យ​អ្នកទេសចរ​ជាតិ​និង​អន្តរជាតិ​មិន​ទៅ​កម្សាន្ត​ដោយសារ​ផ្លូវ​ពិបាក​ខ្លាំង​ពេក រថយន្ត​មិន​អាច​ទៅ​ដល់​ធ្វើ​ឱ្យ​ការ​ចំណាយ​ប្រាក់​របស់​អ្នកទេសចរ​អស់​ច្រើន។ បញ្ហា​នោះ​ធ្វើ​ឱ្យ​ចំណូល​ចូល​រដ្ឋ និង​អ្នក​ប្រកប​របរ​បម្រើ​វិស័យ​ទេសចរណ៍​ក៏​បាន​តិចតួច​ដែរ ។

អាជីវករ​លក់ដូរ និង​អ្នកទេសចរ​បាន​សំណូមពរ​ដល់​ក្រសួង​ពាក់ព័ន្ធ​ឱ្យ​ស្ថាបនា​ផ្លូវ​ចូល​ទៅ​រមណីយដ្ឋាន​ទាំងនោះ​ឱ្យ​ស្អាត​ដើម្បី​ទាក់ទាញ​អ្នកទេសចរ​ច្រើន​ទៅ​កម្សាន្ត ៕