​​ម៉ូតូ​បុក​ម៉ូតូ​ផ្លោង​ចូល​ប៉ុស្តិ៍​នគរបាល​ស្រះ​ចក

រាជ​ធានី​ភ្នំពេញ ៖ យុវជន​២​នាក់​ជិះ​ម៉ូតូ​មិន​គោរព​ភ្លើង​សញ្ញា​ចរាចរណ៍​បើក​ទៅ​បុក​ម៉ូតូ​ហុងដា​ឌ្រី​ម​មួយគ្រឿង​​ ​រួច​ផ្លោង​ចូល​ប៉ុស្តិ៍​នគរបាល​ស្រះ​​ចក​ទៅ​បុក​ម៉ូតូ​នគរបាល​​​ក្នុង​ប៉ុស្តិ៍​មួយ​គ្រឿង​ទៀត សំណាងល្អ​រង​របួសស្រាល​ទាំង​សងខាង ​កាល​ពី​វេលា​ម៉ោង​៩​និង​៤០​នាទី​យប់​ថ្ងៃ​ទី​២៤ ​មីនា ​នៅ​ចំណុច​ស្តុ​ប​ដេ​កា​សេ មុខ​ប៉ុស្តិ៍​នគរបាល​ស្រះ​ចក តាម​​បណ្ដោយ​​មហាវិថី​​ព្រះ​មុនី​វង្ស​កែង​នឹង​​ផ្លូវ​សហព័ន្ធ​រុ​ស្ស៊ី ស្ថិត​ក្នុង​សង្កាត់​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ ។

ម៉ូតូ​បង្ក​ម៉ា​កលេត ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​1FM-0130 ជិះ​គ្នា​២​នាក់​ជា​យុវជន​វ័យក្មេង បើកបរ​តាម​បណ្ដោយ​ផ្លូវ​សហព័ន្ធ​រុ​ស្ស៊ី​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ចំណែក​ម៉ូតូ​រង​គ្រោះ​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​​២០១៦ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​1FQ-0164 ជិះ​ម្នាក់ឯង​តាម​​មហាវិវី​ព្រះ​មុនី​វង្ស ពី​ត្បូង​ទៅ​ជើង ។

​ក្រោយ​ពេល​កើតហេតុ​ ម៉ូតូ​របស់​មន្ត្រី​នគរបាល​ប៉ុស្តិ៍​ស្រះ​ចក​​​​មិន​​​រង​ការ​​ខូចខាត​មិន​បាន​ទាមទារ​សំណង​ទេ ទុក​ឲ្យ​ភាគី​ទាំង​ពីរ​ធ្វើការ​ចរចា​គ្នា​ដោយ​ជន​បង្ក​​ទូរស័ព្ទ​ហៅ​ឪពុក​ម្តា​យមក​ជួយ​ដោះស្រាយ​សង​សំណង​ទៅ​ម៉ូតូ​រង​គ្រោះ​ដែល​រង​ការខូចខាត​ចំនួន​១២០​ដុល្លារ ​ដើម្បី​បញ្ចប់រឿង ៕