ជន​ទុច្ចរិត​បំផ្លាញ​ភ្នែក​តោ​តំណាង​ក្រុង​មាត់សមុទ្រ

ខេត្ត​ព្រះ​សីហ​នុ ៖ អ្នក​ក្រុងព្រះសីហនុ​ក៏​ដូច​ជា​ភ្ញៀវ​ទេសចរ​ជាតិ អន្តរជាតិ ដែល​បាន​មក​កំសាន្ត​នៅ​ខេត្ត​មាត់សមុទ្រ​ដ៏​មាន​សក្តានុពល​ពេល​ធ្វើ​ដំណើរ​តាម​បណ្តោយ​វិ​ថី​ឯករាជ្យ ដល់​ត្រង់​ចំណុច​រង្វង់​មូល​តែងតែ​គយគន់ មើលរូប​សំណាក​តោ​មួយគូ​គ្រប់​គ្នា ដែល​តោ​ញី​ដេក​ក្នុង​ទឹកមុខ​ស្ងប់ស្ងាត់ រីឯ​តោ​ឈ្មោល​វិញ បញ្ចេញរាង​ហាក់​មាន​ម​ហិ​ឫ​ទ្ឋិ​ខ្លាំងក្លា ពោរពេញ​ដោយ​អំណាច​ដែល​គេ​ចាត់​ទុក​ថា ជា​ស្តេចសត្វ​ម្រឹ​​គី​ម្រឹ​​គា ។

ប៉ុន្តែ​អ្វី​ដែល​គួរ​អោយ​សោកស្តាយ​ពន់ពេក និង​រក​ពាក្យ​អ្វី​មក​ថ្លែង​ស្ទើរ​មិន​បាន​នោះ ដោយសារ​តែ​រូបសំណាក​តោ​មួយគូ​ដែល​ជា​ស្តេចសត្វ និង​ជា​តំណាង​អោយ​ខេត្ត​ព្រះ​សីហ​នុ ត្រូវ​បាន​ជន​ទុ​ច្ច​រឹត​ខ្វេះ​បំបែក​គ្រាប់ភ្នែក​តោ​ទាំង​ទ្វេ​ចោល បន្សល់​ទុក​តែ​រន្ធ​ភ្នែក​ក្រហេងក្រហូង ។ រឿងអាស្រូវ​នេះ​កើត​មាន​អស់​រយៈពេល​ជា​ច្រើន​ខែ​មក​ហើយ ដែល​អាជ្ញាធរ​ដែនដី ក៏​ដូច​ជា​សមត្ថកិច្ច សុទ្ធតែ​បានដឹង​ឮ ឬ​ធ្វើ​មិន​ខ្វល់ ។ មក​ដល់​ថ្ងៃនេះ អាជ្ញាធរ​ក្រុង​និង​ខេត្ត មិន​ទាន់​មានការ​រៀបចំ​ជួសជុល​រូបសំណាក តោ​ញី​ឈ្មោល​មួយគូ​ដ៏​កំសត់​នេះ​ឡើង​វិញ​នៅឡើយ​ទេ ។

ជន​ទុច្ចរិត​បំផ្លាញ​ភ្នែក​តោ​តំណាង​ក្រុង​មាត់សមុទ្រ

ប្រជាពលរដ្ឋ​ដែល​ជា​អាជីវករ​លក់ដូរ ជា​ច្រើន​នាក់​នៅ​ក្នុង​ផ្សារ​រាត្រី ក្បែរ​រង្វង់​មូល តោ​មួយគូ​ខាងលើ ដោយ​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​បង្ហើប​អោយ​ដឹង​ថា បើ​ផ្អែក​ទៅ​តាម​បែប​អបិយ​ជំនឿ​ថា ការ​ធ្វើ​សកម្មភាព​ខ្វេះ​យក​គ្រាប់ភ្នែក​សត្វ​តោ​មួយគូ​ខាងលើ​នេះ ពិតជា​មាន​អ្នក​នៅ​ពីក្រោយ​ខ្នង​ជន​ដៃដល់ ដែល​អ្នក​ទាំងនោះ​អាច​មាន​ដី ឬ​លំនៅ​ឋាន​នៅ​ខាង​មុខ ឬ​ខាងក្រោយ​រូបសំណាក​តោ ។ ព្រោះ​តាម​អបិយ​ជំនឿ​ថា បារមី​ស្តេច​តោ​ទាំង​ពីរ​នេះ​ខ្លាំងក្លា​ណាស់ អ្នក​ដែល​មាន​លំនៅ​ឋាន​នៅ​ចំ​ពីមុខ និង​ខាងក្រោយ រូបសំណាក រស់នៅ​មិន​បាន​សេចក្តីសុខ និង​បង្ក​ការ​លំបាក​ដល់​ការ​ប្រកប​របរ​ចិញ្ចឹមជីវិត ចង់​លក់ដូរ​លក់​មិន​ដាច់ ស្តេច​តោ​ចេះ​តែ​សម្លឹង​ដាក់​ពេក គេ​ខ្លាច ។ ប្រភព​ខាងលើ​បាន​បន្ថែម​ទៀត​ថា ហេតុ​ដូចនេះ​ហើយ ទើប​បង្កើត​អោយទៅ​ជា​មានការ​ខ្វេះ​យក​គ្រាប់ភ្នែក​ស្តេចសត្វ​តោ​ចោល​បែប​នេះ ។

ទោះបីជា​បែប​ណា​នោះ វា​គ្រាន់តែ​ជា​អបិយ​ជំនឿ​ដែល​គ្មាន​ភាព​ប្រាកដនិយម ។ គេ​គួរ​គិត​ថា វា​បាន​ធ្វើ​ស្តេច​តោ​ដែល​មាន​ឬ​ទ្ធិ លើស​សត្វ​នានា ជា​ការ​លើករាសី​ឲ្យ​ខេត្ត​មាត់សមុទ្រ កាន់​តែ​មាន​សក្តានុពល​ប៉ុណ្ណោះ គ្មាន​ហេតុការណ៍​ណាមួយ​ដូច​ការ​យល់​ផ្តេសផ្តាស​នោះ​ទេ ។

លោក ដេ​ត ណូ ប្រធាន​មន្ទីរ​វប្បធម៌​ខេត្ត បានអោយ​ដឹង​តាម​ទូរស័ព្ទ​កាលពី​រសៀល​ថ្ងៃ​ទី​២៣ មីនា ថា លោក​ហាក់បីដូចជា មិន​មានការ​គ្រប់គ្រង និង​ទទួលខុសត្រូវ​លើ​បញ្ហា​នេះ​ទេ ។ លោក​ប្រធាន​មន្ទីរ​បាន​បញ្ជាក់​ទៀត​ថា មិន​មាន​អ្នក​ណា​ខ្វេះ​យក​គ្រាប់ភ្នែក​សត្វ​តោ​ខាងលើ​នេះ​ទេ ព្រោះ​ពេល​ចាប់ផ្តើម​កសាង​រូបសំណាក​នេះ ស្ថាបត្យករ មិន​បាន​ដាក់​គ្រាប់ភ្នែក​តាំងពី​ដំបូង​មក​ម្លេះ ដោយ​គ្រាន់តែ​ចម្លាក់​ជា​រង្វង់​ភ្នែក ហើយ​លាបថ្នាំ​ធ្វើ​ដូច​ភ្នែក ។

លោក ដេ​ត ណូ បានអោយ​ដឹង​បន្ថែម​ទៀត​ថា ការ​កសាង​រូបសំណាក​នេះ គឺជា​និមិត្តរូប​របស់​សម្តេចព្រះ​បិតា​ជាតិខ្មែរ សម្តេចព្រះ​បរម​រតន​កោដ្ឋ​ព្រះ​នរោត្តម សីហ​នុ ដែល​ព្រះ​អង្គ​មាន​ស្នា​ព្រ​ហ​ស្ថ ក្នុង​ការ​អភិវឌ្ឍ​ទីក្រុង​កំពង់សោម ។ បន្ទាប់​ពី​បាន​សាងសង់​រូបសំណាក ដែល​តំណាង​អោយ​សត្វ​សឹ​ង្ហ ឬ ក៏​ស្តេចសត្វ​សីហៈ ស្រប​ពេល​ដែល​ទីក្រុង​កំពង់សោម ត្រូវ​បាន​ប្តូរ​ឈ្មោះ​មក​ជាទី​ក្រុងព្រះសីហនុ​វិញ និង​មាន​រូបសំណាក​ខាងលើ​ជា​និមិត្តរូប​សំរាប់​ខេត្ត​ព្រះ​សីហ​នុ ។

លោក អ៊ី សុខ​ឡេ​ង អភិបាល​ក្រុងព្រះសីហនុ មាន​ប្រសាសន៍ កាលពី​ព្រឹក​ថ្ងៃ​ទី ២៤ មីនា ក្នុង​ន័យ​រុញច្រាន​ថា បញ្ហា​រូបសំណាក​ធំ​ៗ​យ៉ាងដូច​នេះ គឺ​ហួស​ដែន​សមត្ថកិច្ច​របស់​លោក ថ្វី​ត្បិត​តែ​រូប​ខាងលើ​នេះ ស្ថិត​នៅ​ក្នុង​ក្រុងព្រះសីហនុ ក៏​ដោយ តែ​វា​ជា​ដែន​សមត្ថកិច្ច​គ្រប់គ្រង​ដោយ​មន្ទីរ​ជំនាញ និង​អាជ្ញាធរ​ខេត្ត​ជា​អ្នក​ទទួលខុសត្រូវ ។ លោក​បាន​បញ្ជាក់​ទៀត​ថា បញ្ហា​នេះ មន្ទីរ​វប្បធម៌ និង​អាជ្ញាធរ​ខេត្ត ត្រូវ​តែ​គិតគូ​ធ្វើការ​ជួសជុល​ឡើង​វិញ ។ ប៉ុន្តែ​ត្រូវ​រក​ពេលវេលា​ណាមួយ​អោយ​បាន​សម​ស្រប ដើម្បី​រៀបចំ​ទៅ​តាម​បែប​អបិយ​ជំនឿ ដូច​ជា​ធ្វើ​ពិធីសែនក្រុងពាលី ដើម្បី​សុំ​បារមី​អ្នក​ថែរក្សា​រូបសំណាក ទើប​ឈាន​ដល់​ការ​ជួសជុល​បាន មិនមែន​ដូច​ការ​លើក​ឡើង​របស់​ប្រជាពលរដ្ឋ ចេះ​តែ​យក​គ្រាប់ភ្នែក​ទៅ​បិទ​ភ្នែក​នោះ​ទេ ។

លោក យន្ត មីន អភិបាលខេត្ត​ព្រះ​សីហ​នុ បានអោយ​ដឹង​តាម​ទូរស័ព្ទ កាលពី​ព្រឹក​ថ្ងៃ​ទី​២៤ មីនា​ថា ជុំវិញ​ព្រឹត្តិការណ៍​កើតឡើង​ខាងលើ​នេះ លោក​បាន​ជំរាប​ជូន​ទៅ​លោក ដេ​ត ណូ ប្រធាន​មន្ទីរ​វប្បធម៌ ខេត្ត​ព្រះ​សីហ​នុ អោយ​រៀបចំ​ធ្វើការ​ជួសជុល​អោយ​បាន​ឆាប់​នា​ពេល​ដ៏​ខ្លី​ខាង​មុខ ។ បន្ទាប់​ពី​ធ្វើការ​ជួសជុល​រួច ត្រូវ​ប្រគល់​រូបសំណាក​ខាងលើ អោយទៅ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​៤ ជា​អ្នកគ្រប់គ្រង និង​ទទួលខុសត្រូវ ដើម្បី​ទប់ស្កាត់​ជន​ទុ​ច្ច​រឹត​អគតិ គ្មាន​តម្លៃ​ជា​មនុស្ស ធ្វើ​នូវ​អំពើ​មិន​គប្បី​បែប​នេះ​តទៅ​ទៀត ៕