​ឆ្មក់​ចូល​ផ្ទះសំណាក់​«​ផ្កាយ​មាស​៩» ​​ឃាត់ខ្លួន​​​ជន​សង្ស័យ​ពាក់​ព័ន្ធ​​គ្រឿង​ញៀន​៣៤​នាក់

​រាជ​ធានីភ្នំពេញ​ ៖ ​កម្លាំង​កង​រាជ​​អាវុធហត្ថ​ខណ្ឌដូនពេញ​ សហការ​ជាមួយ​​កងរាជ​​អាវុធហត្ថ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ បាន​ឆ្មក់​ចូល​ផ្ទះសំណាក់​យីហោ«​ផ្កាយ​មាស​៩» ​កាលពី​វេលា​ម៉ោង​២​​រំលង​អធ្រាត្រ​​ឈាន​ចូល​ថ្ងៃ​ទី​២៥ ​មីនា ​​ដែល​មាន​ទីតាំង​ផ្លូវ​លេខ​៨១ សង្កាត់​ផ្សារ​ថ្មី​២ ខណ្ឌដូនពេញ ​​​ដក​ហូត​បាន​​គ្រឿង​ញៀន​ និង​ឃាត់ខ្លួន​មនុស្ស​ប្រុស​ស្រី​​១៩​នាក់ (​ស្រី​៧​នាក់​) ​។

​មន្ត្រី​​សមត្ថកិច្ច​​កង​រាជ​អាវុធហត្ថ​ខណ្ឌដូនពេញ ​បាន​ឲ្យ​ដឹង​ថា ជា​លទ្ធផល​ក្នុង​កិច្ច​ប្រតិបត្តិការ​បង្ក្រាប​ការ​ចែកចាយ ​និង​ប្រើប្រាស់​គ្រឿងញៀន​ក្នុងផ្ទះ​សំណាក់​​​ខាង​លើ​ ​មាន​វត្តមាន ​លោក​ គួ​ច ចំរើន អភិបាល​ខណ្ឌដូនពេញ​ ដែល​បាន​ចូលរួម​ផង​នោះ​ ​​សមត្ថកិច្ច​ឃាត់ខ្លួន​មនុស្ស​​១៩​នាក់ (​ស្រី​៧នាក់​) ដកហូត​ក្រាម​ថ្លា​​៦​កញ្ចប់​ធំ​ និង​១៦​កញ្ចប់​តូច​ ម្សៅ​ដុំ​ពណ៌​ស​១​កញ្ចប់​ធំ​ ​ម្សៅ​ដុំ​ពណ៌​លឿង​២​កញ្ចប់​ធំ​ ​ថ្នាំ​គ្រាប់​WY១១​គ្រាប់​ និង​​សម្ភារ​​ប្រើប្រាស់​គ្រឿងញៀន​មួយ​ចំនួន​ទៀត​ ។​ ជាមួយ​គ្នា​នេះ​ដែរ កម្លាំង​​កង​រាជ​អាវុធ​ហត្ថ​​​បាន​​ឃាត់ខ្លួន​ម្ចាស់ផ្ទះ​សំណាក់​​​ខាង​លើ​ ​ឈ្មោះ ​សឹង សុ​វ​ណ្ណា​រ័​ត្ន ភេទ​ស្រី អាយុ​៣៦​ឆ្នាំ​ផង​ដែរ ។

ដោយឡែក​ ​កាល​ពី​វេលា​​ម៉ោង​​១១​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២៤ ​​មី​នា ​​កង​រាជ​អាវុធហត្ថ​ខណ្ឌដូនពេញ​សហការ​ជាមួយ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ​បាន​ចុះ​បង្ក្រាប​ទីតាំង​ប្រើប្រាស់​ និង​ចែកចាយ​គ្រឿងញៀន​នៅ​ប្លុក​រោងចក្រ​ឆ្នាំង​ ស្ថិត​ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ​ ។ ជា​លទ្ធផល​ឃាត់​មនុស្ស​ចំនួន​១៥​នាក់​ (ស្រី​៥​នាក់​) និង​ដកហូត​ថ្នាំ​ញៀន​ក្រាម​ស​ថ្លា​ចំនួន​៤៤​កញ្ចប់​តូច​ និង​ម៉ូតូ៥​គ្រឿង​ ។

ការ​ចុះ​បង្ក្រាប​ចែកចាយ ​និង​ប្រើប្រាស់​គ្រឿងញៀន​ទាំង​២ទីតាំង​​ ​​ឃាត់ខ្លួន​ជន​សង្ស័យ​​ប្រុស​ស្រី​​សរុប​ចំនួន​៣៤​នាក់​ ​​ដកហូត​បាន​ថ្នាំ​ញៀន​មួយ​ចំនួន​ធំ​ ​និង​បាន​បញ្ជូន​ទៅ​ទីបញ្ជាការ​​ដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ ដើម្បី​សាកសួរ​បន្ត​ ៕