តំណាង​ប្រជាពលរដ្ឋ​លើកគ្នា​តវ៉ា​ដាក់​ញត្តិក្នុង​ជម្លោះដីធ្លី​នៅ​ខេត្តបន្ទាយមានជ័យ

រាជធានី​ភ្នំ​​ពេ​ញ ៖ ប្រជាពលរដ្ឋ​ចំនួន​៥៧​នាក់ ដែល​អះអាង​ថា​ជា​តំណាង​ឱ្យ​ប្រជាពលរដ្ឋ​ចំនួន​២១២​គ្រួសារ មក​ពី​ស្រុក​ចំនួន​៣ គឺ​ស្រុក​ម៉ា​ឡៃ ស្រុក​អូ​ជ្រៅ និង​ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ បាន​យក​ញត្តិ​មួយ​ច្បាប់​មក​ដាក់​ជូន​ក្រសួង​យុ​ត្តិ​ធ៌​ម ដើម្បី​សុំ​ជួយ​ធ្វើ​អន្តរាគមន៍​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ ឱ្យ​ពិនិត្យ​លើ​ការ​ចោទប្រកាន់​និង​ការ​សម្រេច​រក្សា​ការពារ​លើ​ដីធ្លី​របស់​ពួក​គាត់ ។ ការ​ដាក់​ញត្តិ​សុំ​ធ្វើ​អន្តរាគមន៍​នេះ បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី ព្រឹក​ថ្ងៃ​ទី​២៣ ខែមីនា នៅ​មុខក្រសួង​យុត្តិធម៌​(​ទល់មុខ​ព្រះ​បរមរាជវាំង​) ក្នុង​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ ។

តំណាង​ប្រជាពលរដ្ឋ​លើកគ្នា​តវ៉ា​ដាក់​ញត្តិក្នុង​ជម្លោះដីធ្លី​នៅ​ខេត្តបន្ទាយមានជ័យ

យោង​តាម​ខ្លឹមសារ​ញត្តិ បាន​សុំ​លោក​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ ជួយ​ធ្វើ​អន្តរាគមន៍​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ ឱ្យ​ពិនិត្យ​លើ​ការ​ចោទប្រកាន់ និង​ការ​រក្សា​ការពារ​លើ​ដីធ្លី​របស់​ពួក​គាត់ និង​ព​ន្លឿ​ន​ការ​ដោះស្រាយ ព្រោះ​ទំនាស់​នេះ​បាន​អូស​បន្លាយ​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ ។ ខ្លឹម​សារបាន​លើក​ឡើង​ទៀត​ថា ពួក​គាត់​ទាំងអស់​គ្នា​បាន​ទទួល​រង​នូវ​ការ​រំលោភ​បំពាន​ដីស្រែ និង​ដី​លំនៅ​ឋាន​ពី​សំណាក់​ក្រុម​ឈ្មួញ​ទុច្ចរិត ដែល​បាន​បំពាន​យក​ដី​របស់​ពួក​គាត់​ទៅ​លក់​ឱ្យ​អ្នក​ផ្សេង និង​អ្នកមាន​អំណាច​និង​មាន​លុយ​ធ្វើ​ឱ្យ​បាត់បង់​ដីស្រែ​សម្រាប់​ប្រកប​របរ​ចិញ្ចឹមជីវិត និង​ប្រឈម​មុខ​ទៅ​នឹង​ការ​បណ្តេញ​ចេញពី​លំនៅ​ឋាន​ថែម​ទៀត ។

ដោយសារ​តែ​រឿង​ទំនាស់​នេះ បាន​ធ្វើ​ឱ្យ​ពួក​គាត់​ដែល​មាន​ជីវភាព​ក្រលំបាក​ស្រាប់​ទៅ​ហើយ​នោះ​កាន់តែ​ក្រីក្រ​ខ្លាំង​ឡើង​ថែម​ទៀត ដោយសារ​តែ​គ្មាន​ដី​ធ្វើស្រែ ជាប់រវល់​នឹង​ដំណើរការ​ក្តី ព្រមទាំង​ត្រូវ​បាន​តុលាការ​ចោទប្រកាន់​ពី​បទ​ព្រហ្មទណ្ឌ និង​តម្រូវ​ឱ្យ​ឡើង​បង្ហាញខ្លួន​ទៅ​តាម​ការ​ត្រួតពិនិត្យ​តាម​ផ្លូវ​តុលាការ​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ ។

ខ្លឹមសារ​ញត្តិ​បន្ត​ទៀត​ថា អ្នក​ភូមិ​ឈ្មោះ សៀន វី តាំងពី​ឆ្នាំ​២០០៥​មក បាន​ជាប់​បណ្តឹង​ព្រហ្មទណ្ឌ​ចំនួន​៦ ក្នុង​នោះ​ត្រូវ​បាន​ដាក់​ឱ្យ​ស្ថិត​នៅ​ក្រោម​ការ​ត្រួតពិនិត្យ​តាម​ផ្លូវ​តុលាការ​ចំនួន​៣​ករណី ។ ឯ​អ្នក​ភូមិ​ឈ្មោះ ចាន់ ប៊​ន តាំងពី​ឆ្នាំ ២០០៩ មក បាន​ជាប់​បណ្តឹង​ព្រហ្មទណ្ឌ​ចំនួន​៨​ករណី ក្នុង​នោះ​ត្រូវ​បាន​ដាក់​ឱ្យ​ស្ថិត​នៅ​ក្រោម​ការ​ត្រួតពិនិត្យ​តាម​ផ្លូវ​តុលាការ​ចំនួន​៣​ករណី ។ ចំណែក​អ្នក​ភូមិ​គាត់​ដែល​កន្លង​មក ចេញ​មុខជា​តំណាង​ក្នុង​ការ​ប្តឹង​ពី​ការ​រំលោភ​បំពាន​ដីធ្លី​នេះ ក៏​បាន​ជាប់​បណ្តឹង​ព្រហ្មទណ្ឌ​ដូច​គ្នា​ដែរ ។

ផ្ទុយ​ទៅ​វិញ បណ្តឹង​ព្រហ្មទណ្ឌ​ដែល​អ្នក​ភូមិ​គាត់​បាន​ប្តឹង​ពី​អ្នក​រំលោភ​បំពាន​យក​ដី ត្រូវ​បាន​សាលាដំបូង​ខេត្តបន្ទាយមានជ័យ ទុក​ចោល​មិន​លើកយក​មក​ចាត់ការ​ទេ ដែល​ជា​ការ​ផ្តល់​នូវ​ភាព​មិន​យុត្តិធម៌​សម្រាប់​ប្រជាពលរដ្ឋ​ក្រីក្រ​ដូច​ពួក​គាត់ ។

តំណាង​ប្រជាពលរដ្ឋ​លើកគ្នា​តវ៉ា​ដាក់​ញត្តិក្នុង​ជម្លោះដីធ្លី​នៅ​ខេត្តបន្ទាយមានជ័យ

ដោយឡែក ភាគី​ទំនាស់​គេ​បាន​ប្រើប្រាស់​ដីកា​សម្រេច​រក្សា​ការពារ​របស់​តុលាការ ដើម្បី​ប្រឆាំង​នឹង​អ្នក​ភូមិ ហើយ​គេ​មាន​សិទ្ធិ​ចូល​ទៅ​កាន់កាប់​ដី​អាស្រ័យ​ផល​លើ​ដី​ទំនាស់ និង​ប៉ុនប៉ង​បណ្តេញ​ពួក​គាត់​ចេញពី​ដី ។ ចំណែកឯ​អាជ្ញា​ធរមាន​សមត្ថកិច្ច ជា​ពិសេស​គណៈកម្មាធិការ​សុរិយោដី ដែល​មាន​សមត្ថកិច្ច​លើ​អង្គសេចក្តី មិន​ព្រម​ចាប់ផ្តើម​នីតិវិធី​ដោះស្រាយ​រឿង​ក្តី​នេះ​ទេ ទោះបីជា​មានការ​ប្តឹង​សុំ​ឱ្យ​មាន​ចំណាត់ការ​យ៉ាងណា​ក៏​ដោយ ជា​ហេតុ​ធ្វើ​ឱ្យ​ត្រូវ​រង់ចាំ​ការ​ដោះស្រាយ​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ មិនដឹង​ថា​តើ​ពេល​ណា​នឹង​ទទួល​បាន​យុត្តិធម៌​ទេ​។ អាស្រ័យ​ហេតុនេះ សូម​លោក​រដ្ឋមន្ត្រីក្រសួង​យុ​តិ្ត​ធម៌ មេត្តា​ជួយ​អន្តរាគមន៍​ទៅ​តាម​សំណូមពរ​ដោយ​ក្តី​អនុគ្រោះ​ផង ។

ក្នុង​ការ​ដាក់​ញត្តិ​សុំ​ការ​ធ្វើ​អន្តរាគមន៍​នេះ​ក្រសួង​យុ​ត្តិ​ធ៌​ម​បាន​អនុញ្ញាត​ឱ្យ​តំណាង​ចំនួន៣​នាក់​យក​ញត្តិ​ចូល​ទៅ​ដាក់​ផង​ដែរ ។ ការ​ដាក់​ញត្តិ​ទៅ​ក្រសួងយុត្តិធម៌​នេះ គឺ​ក្រោយ​ពី​ដាក់​ញត្តិ​ជូន​ដល់​ខុ​ទ្ទ​ការ​ល័យ​សម្តេច​អគមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​ម្ពុ​ជា ហើយ​ក៏​និង​បន្ត​ទៅ​រក​សុំ​ការ​ធ្វើ​អន្តរាគមន៍​ពី​រដ្ឋសភា និង​ក្រសួងមហាផ្ទៃ ជា​បន្ត​ទៀត​ផង​ដែរ ទើប​ពួក​គាត់​វិល​ត្រឡប់​ទៅ​កាន់​ខេត្តបន្ទាយមានជ័យ​វិញ ។

ជម្លោះដីធ្លី​នៅ​តែ​ជា​បញ្ហា​ក្ដៅ​គគុក និង​កាន់តែ​ស្មុគស្មាញ​នៅ​គ្រប់​ទីកន្លែង ដែល​អ្នកវិភាគ​កំពុង​មើលឃើញ​ថា ការ​ប៉ុនប៉ង​បញ្ចប់​បញ្ហា​ដីធ្លី​របស់​ប្រមុខ​រាជរដ្ឋាភិបាល​រហូត​ចាត់​ឱ្យ​មាន​ក្រុម​និស្សិត​ស្ម័គ្រចិត្ត​ចុះ​វាស់វែង​កាលពី​អំឡុង​ឆ្នាំ​២០១៣ ក៏​នៅ​តែ​មិន​អាច​លុប​បំបាត់​បាន​ដែរ ៕