សហគមន៍​ខ្មែរ​​តវ៉ា​នៅ​រដ្ឋ​​​កាលី​​​ហ្វ័រ​ញ៉ា​​ក្នុងការ​អញ្ជើញ​​​​លោក ហ៊ុន ម៉ាណែត

ភាពចម្រូង​ចម្រាស​​បាន​ផ្ទុះឡើងនៅ​​​​​ក្នុង​ចំណោម​​​​​សហគមន៍ខ្មែរក្នុង​ទីក្រុងឡងប៊ិច​ រដ្ឋកាលីហ្វ័រញ៉ា ជុំវិញ​សេចក្តី​សម្រេ​ច​អញ្ជើញ​​​​ លោក ហ៊ុន ម៉ាណែត កូន​ប្រុស​ច្បង​របស់​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ជា​ភ្ញៀវ​​នៅ​ពិធី​ហែក្បួន​បុណ្យ​ចូលឆ្នាំខ្មែរ​នា​​​ពេល​ខាង​មុខនេះ​​ ដោយ​មួយ​ចំនួន​គំរាមធ្វើ​ពហិការ​​​​​មិនចូលរួម​​ពិធី​ប្រចាំ​ឆ្នាំ​ ប្រសិន​បើ​​លោក ហ៊ុន​​​ ម៉ាណែត​ មក​ចូល​រួមនោះ។

យោង​តាម​កាសែត​​​​ក្នុង​ស្រុក​ Press-Telegram ​​​ក្នុង​ទីក្រុង​ឡងប៊ិចបាន​ឱ្យ​ដឹង​ថា អ្នក​តវ៉ា​ជាង​២០០នាក់​បាន​ធ្វើ​បាតុកម្ម​នៅ​ខាង​​​ក្រៅ​​ក្រុម​ប្រឹក្សា​ក្រុង​ឡងប៊ិច​​កាលពី​ថ្ងៃអង្គារ​​ស្នើ​ឱ្យ​ក្រុម​ប្រឹក្សា​នេះ​ប្រកាស​​​ជំទាស់​​​នឹង​​​​ដំណើរ​​​​ទស្សនកិច្ច​តាមការ​គ្រោង​ទុក​របស់​លោក ហ៊ុន ម៉ាណែត។ ក្រុម​អ្នក​តវ៉ា​ក៏បាន​ស្វះ​ស្វែង​មិន​ឱ្យ​មាន​ការ​អញ្ជើញ​លោក ហ៊ុន​ ម៉ាណែត​ ចូលរួម​ក្នុង​​​ពិធី​​​ហែ​​​ក្បួន​​​នេះ​​​ដែរ​​​។

ជាការ​ឆ្លើយ​តបចំពោះ​​កង្វល់​នេះ​​​​​​ ក្រុម​​​អ្នក​​​តវ៉ា​​​ត្រូវ​​​បាន​ផ្តល់​ពេល​វេលា​ឱ្យ​និយាយ​ទៅ​កាន់​ក្រុម​ប្រឹក្សា​នេះនៅ​យប​់​ថ្ងៃអង្គារ​​ដើម្បី​បង្ហាញពី​ករណី​របស់ពួកគាត់​ចំពោះ​ការ​ធ្វើ​ពហិការ​មិន​ចូលរួម។

កាសែត​​​​ Press-Telegram បាន​រាយ​​​ការណ៍ ថា “​មតិ​សាធារ​ណៈ​​ប្រឆាំង​ដំណើរ​ទស្សនកិច្ច​នេះ​មានរយៈពេល​ជាង​១ម៉ោង​ ដោយ​មិន​មាន​នរណាម្នាក់​ផ្តល់​យោបល់​គាំទ្រ​ដំណើរ​ទស្សនកិច្ច​នេះទេ”។

យោងតាម​កាសែត​នេះ​បាន​ឱ្យ​ដឹង​ថា បន្ទាប់​​​ពី​កិច្ច​ប្រជុំ ​ចៅហ្វាយក្រុង​រង​ លោក​​​ស្រី ​​​Suja Lowenthal សមាជិក​ក្រុមប្រឹក្សា​បាន​ប្រកាស​ថា លោកស្រី​នឹង​មិន​ចូលរួម​ពិធី​នោះ​​​ទេ ហើយ​យ៉ាង​ហោច​ណាស់​​ សមាជិក​ក្រុម​​​​ប្រឹក្សា​ម្នាក់​បាន​ធ្វើ​តាម​ដែរ។

កាសែត ​Press-Telegram ធ្លាប់បាន​​​ធ្វើ​​​សេចក្តី​​រាយការណ៍​ថា លោក ហ៊ុន ម៉ាណែត ត្រូវ​​​​បាន​អញ្ជើញឱ្យ​​មក​ចូលរួម​ក្នុងការ​​​ហែ​​​ក្បួន​​​ដោយ​ក្រុម​ប្រឹក្សា​សម្រប​សម្រួល​កម្ពុជា ជា​ក្រុម​ក្នុង​មូលដ្ឋាន​ដែល​រៀបចំ​​កម្ម​​​វិធី​បុណ្យ​ចូល​ឆ្នាំខ្មែរ​ក្នុ​ងទីក្រុង​ឡង​ប៊ិច បន្ទាប់ ពី​មាន​សំណើ​ពី​​កុង​ស៊ុល​កម្ពុជា​​នៅក្នុង​ទីក្រុង​នេះ ហើយ​ថា លោក គិត ម៉េង ប្រហែល​ជា​ចូលរួម​ក្នុង​សកម្ម​ភាព​របស់​គណបក្ស​ប្រជា​​​ជន​កម្ពុជា​នៅទីនោះដែរ។

លោក គិត ម៉េង ត្រូវ​គេ​ស្គាល់​យ៉ាង​ច្បាស់​ថា ជាអ្នកស្និទ្ធ​ជាមួយ​រដ្ឋាភិបាល​ ហើយ​ក្រុម​ហ៊ុន Royal Group មាន​​​វិនិយោគ​​​ធំៗ​​​នៅ​​​ទី​​​នេះ​​​​ រួមមាន​ក្រុមហ៊ុន​ទូរស័ព្ទ​ចល័ត​សែល​កាត និង​ដីសម្បទាន​ដើម្បី​ដំណើរ​​​​ការ​បណ្តាញ​​ផ្លូវ​ដែក​ដែល​ទើប​ជួស​ជុល​នៅ​កម្ពុជា​។

លោក​ ហ៊ុន ម៉ាណែត មិន​អាច​ទាក់​ទង​សុំអត្ថាធិប្បាយ​បាន​ទេ ប៉ុន្តែ​កាលពី​ដើម​ខែ​នេះ លោក​បាន​ឆ្លើយតប​ចំពោះ​កា​រមិន​ពេញ​ ចិត្ត​អំពី​ដំណើរ​ទស្សនកិច្ច​របស់លោក​នៅ​​​ពេល​​​​ខាង​មុខ ដោយ​ចេញ​សេចក្តី​ថ្លែង​ការ​ណ៍ មួយ​តាម​ទំព័រ​ហ្វេស​ប៊ុក​អំពាវ​នាវ​ឱ្យ​មានការ​រួប​រួម​ក្នុង​ចំណោម​សហគមន៍ខ្មែរ​-អាមេរិ​​​កាំង​​​​។

លោក​បាន​សរសេរ​ថា “​ជំនួស​ឱ្យ​កា​រពិភាក្សា​ ថា តើ​​ក្រុម​ខ្មែរ​​ណា​គួរ​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចូលរួម​ ហើយក្រុមណា​គួរ​ត្រូវ​រារាំង​ យើង​គួរ​អង្គុយ​ជាមួយ​គ្នា​ដើម្បី​ពិភាក្សា​ពី​វិធី​ដែល​យើង​អាច​គ្រោង​រៀបចំព្រឹត្តិការណ៍​នេះ ដូច្នេះ​​​​យើង​អាច​ចាប់ទាញ​​​យក​ប្រយោជន៍​​​ពេញ​លេញ​ពី​ឱកាស​មាស​នេះ ដើម្បី​បង្ហាញ​ពិភព​​​លោក​ពី​ការ​រួប​រួម​របស់​ខ្មែរ​យើង និង​មោទន​​​ភាព​ក្នុង​​​នាម​ជា​ប្រទេស​មួយ​”៕ សារុន​​​​

 

The post សហគមន៍​ខ្មែរ​​តវ៉ា​នៅ​រដ្ឋ​​​កាលី​​​ហ្វ័រ​ញ៉ា​​ក្នុងការ​អញ្ជើញ​​​​លោក ហ៊ុន ម៉ាណែត appeared first on ខេមបូឌា ដេលី.