អគ្គ​មេបញ្ជាការ​យោធា​​ម្នាក់​ជំរុញ​ឲ្យ​មាន​ការ​ជំទាស់​ពី​ជនស៊ីវិល បន្ទាប់​ពី​​មាន​ជម្លោះ​ជុំវិញ​លទ្ធផល​នៃ​ការបោះឆ្នោត​នៅ​សាធារណរដ្ឋ​កុងហ្គោ

អគ្គ​មេបញ្ជាការ​យោធា​​ម្នាក់​ជំរុញ​ឲ្យ​មាន​ការ​ជំទាស់​ពី​ជនស៊ីវិល បន្ទាប់​ពី​​មាន​ជម្លោះ​ជុំវិញ​លទ្ធផល​នៃ​ការបោះឆ្នោត​នៅ​សាធារណរដ្ឋ​កុងហ្គោ

លោក​ប្រធានាធិបតី Denis Sassou N'Guesso បោះឆ្នោត នៅ​ការិយាល័យ​បោះឆ្នោត​មួយ​នៅ​ក្នុង​ក្រុង Brazzaville សាធារណរដ្ឋ​កុងហ្គោ កាលពី​ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៦

អគ្គ​មេបញ្ជាការ​យោធាម្នាក់​នៅ​សាធារណរដ្ឋ​កុងហ្គោ​កំពុង​តែ​ស្នើ​ឲ្យ​មាន​យុទ្ធនាការ​ឃោសនា​ជា​សាធារណៈ​មួយ​អំពី​ការ​ជំទាស់​របស់​ជនស៊ីវិល ដើម្បី​ច្រានចោល​ការ​ប្រកាស​ជា​ផ្លូវ​ការ​ដែល​ថា លោក​ប្រធានាធិបតី Denis Sassou Nguesso បាន​ឈ្នះ​ការ​បោះឆ្នោត​ជា​ថ្មី​ម្តង​ទៀត ទោះបី​ជា​ក្រុម​ជំទាស់​បាន​អះអាង​ថា ការ​បោះឆ្នោត​នោះ​មាន​ការ​ក្លែងបន្លំ​ជាច្រើន​ក៏​ដោយ។

លោក​អគ្គមេបញ្ជាការ Jean-Marie Mokoko ​បាន​ថ្លែង​ប្រាប់ VOA ​សេវា​ភាសា​បារាំង​ផ្សាយ​ទៅ​អាហ្វ្រិក​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា បន្ទាប់​ពី​រដ្ឋ​មន្រ្តី​ក្រសួង​មហាផ្ទៃ​កុងហ្គោបាន​ប្រកាស​នៅ​រដ្ឋធានី ​Brazzaville ​ថា លោក Sassou Nguesso បាន​ឈ្នះ​សំឡេង​៦០​ភាគរយ​នៅ​ក្នុង​ការ​បោះឆ្នោត​កាល​ពី​ថ្ងៃ​អាទិត្យ ហើយមិន​ចាំបាច់​ត្រូវ​រៀប​ចំ​ការ​បោះឆ្នោត​ជុំ​ទី​២​នោះ​ទេ។

នៅ​ក្នុង​បទសម្ភាសន៍​តាម​ទូរស័ព្ទ លោក Mokoko ​បាន​ស្នើ​ឲ្យ​ប្រជាជន​កុងហ្គោ​បដិសេធ​មិន​ទទួល​ស្គាល់​ជ័យ​ជម្នះ​របស់​លោក​ Sassou។ ​
លោក​បាន​មាន​ប្រសាសន៍​ថា «​យើង​មិន​មែន​ស្នើ​ឲ្យ​មាន​សង្គ្រាម​នោះ​ទេ។ យើង​កំពុង​តែ​ស្នើ​ឲ្យ​មាន​ការ​ជំទាស់​ពី​ជន​ស៊ីវិល»។

លោក Mokoko ​បាន​បន្ថែម​ថា «​យើង​មិន​មាន​កាំភ្លើង​នោះ​ទេ។ លោកSassou ​ទៅ​វិញ​ទេ​ដែល​មាន​កាំភ្លើង​សម្រាប់​កម្លាច​ប្រជាជន ​ហើយ​យើង​ត្រូវ​តែ​ឈប់​ភ័យ​ខ្លាច​ត​ទៅ​ទៀត»។​

លោក​អគ្គ​មេបញ្ជាការ​រូប​នេះ​ក៏​ជា​បេក្ខជន​មួយ​រូប​នៅ​ក្នុង​ការបោះឆ្នោត​សម្រាប់​ប្រកួត​យក​តំណែង​ជា​ប្រធានាធិបតី​ផង​ដែរ។ យោង​តាម​លទ្ធផលនៃ​ការបោះឆ្នោត​ដែល​បាន​ចេញផ្សាយ​កាល​ពី​ព្រឹកថ្ងៃ​ព្រហស្បតិ៍​ លោក​ស្ថិត​នៅលំដាប់​ទី​៣។ នៅ​ក្នុង​សារ​ជាសំឡេង​ដែល​បាន​បង្ហោះ​លើ​គេហទំព័រ YouTube លោក​បាន​និយាយ​ថា លទ្ធផល​នៃ​ការបោះ​ឆ្នោត​ដែល​ក្រុមជំទាស់​ទទួល​បាន​បង្ហាញ​ថា ​វា​មិន​អាច​ទៅ​រួច​នោះ​ទេ​ដែល​លោក Sassou Nguesso ទទួល​បាន​ជ័យ​ជម្នះ​នៅ​ក្នុង​ការបោះឆ្នោត​ជា​ថ្មី​ម្តង​ទៀត​នៅ​ជុំ​ទី​១​នោះ៕