ចិន៖បាត់ខ្លួន​អ្នកកាសែត ៤នាក់ ក្រោយ​មាន​ការ​អំពាវនាវ​ឲ្យ​លោកស៊ី ជីនពីង​ចុះ​ពី​តំណែង

នៅ​ក្នុង​ប្រទេស​ចិន រឿងរ៉ាវ​ជុំវិញ​សំបុត្រ​ចុះផ្សាយ​លើ​គេហទំព័រ​សារព័ត៌មាន​មួយ​ឈ្មោះ Wujie News បាន​ធ្វើ​ឲ្យ​បាត់​ខ្លួន​អ្នកកាសែត​ចំនួន ៤នាក់។ តាំង​ពី​ជាង​មួយ​សប្តាហ៍​មក​ហើយ​ដែល​ក្រុម​ការងារ​របស់​សារព័ត៌មាន Wujie News បាត់ដំណឹង​សូន្យ​ពី​អ្នក​រួម​ការងារ​ទាំង ៤រូប​របស់​ខ្លួន។ សូម​ជម្រាប​ជូន​ថា សំបុត្រ​ដែល​បាន​ចុះ​ផ្សាយ​លើ​គេហទំព័រ​សារព័ត៌មាន Wujie News ជា​សំបុត្រ​អនាមិក​ដែល​អំពាវនាវ​ឲ្យ​លោក​ប្រធានាធិបតី​ចិន​ស៊ី ជីនពីង​ចុះ​ចេញ​ពី​តំណែង។

ចិន៖បាត់ខ្លួន​អ្នកកាសែត ៤នាក់ ក្រោយ​មាន​ការ​អំពាវនាវ​ឲ្យ​លោកស៊ី ជីនពីង​ចុះ​ពី​តំណែងលោក​ប្រធានាធិបតី​ចិន​ស៊ី ជីនពីង

សំបុត្រ​អនាមិក​នោះ​ត្រូវ​បាន​គេ​ដក​ចេញ​វិញ​ភ្លាមៗ​ពី​គេហទំព័រ​សារព័ត៌មាន Wujie News បន្ទាប់​ពី​ចុះ​ផ្សាយ​បាន​រយៈពេល​ខ្លី​ក្នុង​ខែ​មីនា​នេះ។ នៅ​ក្នុង​សំបុត្រ​ដែល​គេ​មិន​ដឹង​ឈ្មោះ​អ្នក​និពន្ធ​នោះ បាន​សរសេរ​រៀបរាប់​ពី​កំហុស​ឆ្គង​នយោបាយ​យ៉ាង​វែងអន្លាយ​របស់​លោក​ប្រធានាធិបតី​ចិន​ស៊ី ជីនពីង ព្រម​ទាំង​បាន​អំពាវនាវ​ឲ្យ​លោក​ចុះ​ចេញ​ពី​តំណែង​ទៀត​ផង។ ទន្ទឹម​គ្នា​នឹង​ការ​ដក​សំបុត្រ​នោះ​ចេញ​ពី​គេហទំព័រ Wujie News ក៏​មាន​បាត់​ដំណឹង​អ្នកកាសែត​បម្រើ​ការងារ​ឲ្យ Wujie News ចំនួន ៤នាក់​ដែរ។

អ្នកកាសែត​ម្នាក់​របស់ Wujie News ដែល​មិន​ព្រម​បញ្ចេញ​ឈ្មោះ​បាន​ប្រាប់ AFP នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី២៤ មីនា​ថា អ្នក​រួម​ការងារ​បាត់ខ្លួន​ទាំង ៤នាក់​នោះ មាន​លោក​អគ្គនាយក លោក​និពន្ធនាយក និង​អ្នកកាសែត ២នាក់។ តាម​អ្នក​កាសែត​មិន​បញ្ចេញ​ឈ្មោះ​រូប​នេះ​ដដែល​ឲ្យ​ដឹង​ថា រូប​អគ្គនាយក និង​រូប​និពន្ធនាយក​បាន​បាត់ដំណឹង​តាំង​ពី​សប្តាហ៍​មុន​ម្ល៉េះ។ ចំណែក​អ្នកកាសែត ២នាក់ មាន​ម្នាក់​ឈ្មោះ យ៉ាយ៉ា​ត្រូវ​បាន​ប៉ូលិស​ចាប់​ខ្លួន​នៅ​ព្រលាន​យន្តហោះ​ក្នុង​ក្រុង​ប៉េកាំង​កាល​ពី​សប្តាហ៍​កន្លង​ទៅ មុន​ពេល​លោក​យ៉ាយ៉ា​ត្រៀម​ឡើង​យន្តហោះ​ទៅ​កាន់​ហុងកុង។

មេធាវី​ការពារ​លោក​យ៉ាយ៉ា​បាន​ប្រាប់​ឲ្យ​ដឹង​ថា ការ​ចាប់​ខ្លួន​កូនក្តី​របស់​លោក​ប្រហែល​ជា​មិន​មាន​ជាប់​ពាក់ព័ន្ធ​នឹង​សំបុត្រ​អនាមិក​ទាមទារ​ឲ្យ​លោក​ស៊ី​ជីនពីង​ចុះ​ចេញ​ពី​តំណែង​ទេ។ ចំណែក​ក្រុម​អង្គការ​ក្រៅរដ្ឋាភិបាល​ផ្នែក​ការពារ​សិទ្ធិមនុស្ស​បាន​ភ្ជាប់​ការ​ចាប់​ខ្លួន​លោក​យ៉ាយ៉ា​ទៅ​នឹង​ការ​ដែល​លោក​យ៉ាយ៉ា​បាន​ព្យាយាម​ប្រាប់​អគ្គនាយក​របស់​ខ្លួន​ពី​គ្រោះថ្នាក់​នៃ​ការ​ចុះ​ផ្សាយ​សំបុត្រ​អនាមិក​នោះ។ យ៉ាង​ណា​ក៏​ដោយ តាំង​ពី​ថ្ងៃ​ពុធ​សប្តាហ៍​មុន​មក គេហទំព័រ Wujie News មិន​បាន​ចុះ​ផ្សាយ​អត្ថបទ​ព័ត៌មាន​ថ្មី​អ្វី​ទេ និង​ដែល​គ្រប់​គ្នា​បារម្ភ​ពី​ការ​ឈាន​ទៅ​បិទទ្វារ​ទាំង​ស្រុង​ផង។

គួរ​ជម្រាប​ជូន​ថា​នៅ​ប្រទេស​ណា​មិន​ដឹង​ទេ តែ​បើ​នៅ​ចិន ការ​ទិតៀន រិះគន់​ថ្នាក់ដឹកនាំ​កំពូល​នៅ​តាម​បណ្តាញ​សារព័ត៌មាន​ជា​រឿង​មួយ​កម្រ​មាន និង​ក៏​ជា​រឿង​មួយ​ដែល​មិន​អាច​អត់ឱន​ឲ្យ​បាន​ដែរ។ តាំង​ពី​ការ​ឡើង​កាន់​តំណែង​ប្រធានាធិបតី​នា​ដំណាច់​ឆ្នាំ ២០១២ មក លោក​ស៊ី ជីនពីង​បាន​រឹតបន្តឹង​បន្ថែម​លើ​មធ្យោបាយ​ឃោសនា​មហាជន និង​សង្គមស៊ីវិល ដោយ​មាន​ការ​ចាប់​ឃុំ​សកម្មជន​ជា​ច្រើន​រយ​នាក់៕

ប្រភពៈ RFI