ភេរ​វករ​បំផ្ទុះ​គ្រាប់បែក​នៅ​បែលហ្ស៊ិក មាន​គម្រោង​វាយប្រហារ​ស្ថានីយ​ថាមពលនុយក្លេអ៊ែរ​

(​ព្រុច​សែ​ល​)៖ ជនសង្ស័យ​បំផ្ទុះ​គ្រាប់បែក​នៅ​អាកាសយានដ្ឋាន​ព្រុច​សែ​ល ដែល​អាជ្ញាធរ​កំពុងតែ​ស្វែងរក​នោះ មាន​ផែនការ​វាយប្រហារ​ស្ថានីយ​ថាមពលនុយក្លេអ៊ែរ​បែលហ្ស៊ិក ប៉ុន្តែ​បាន​ប្ដូរ​គោលដៅ​វាយប្រហារ នេះ​បើ​យោងតាម​ការចេញផ្សាយរ​បស់​កាសែត​ក្នុងស្រុក និង​ត្រូវបាន​ដកស្រង់​ដោយ​សារព័ត៌មាន RT នៅ​ល្ងាច​ថ្ងៃទី​២៤ ខែ​មីនា​។​

ភេរ​វករ​បំផ្ទុះ​គ្រាប់បែក​នៅ​បែលហ្ស៊ិក មាន​គម្រោង​វាយប្រហារ​ស្ថានីយ​ថាមពលនុយក្លេអ៊ែរ​

​បុរស​ឈ្មោះ Khalid និង Ibrahim El Bakraoui ត្រូវជា​បងប្អូន​ប្រុស​នឹង​គ្នា ហើយក៏​ជា​ជនសង្ស័យ​ពីរ​នាក់​ក្នុងចំណោម​៣​នាក់ ដែល​ប៉ូលិស​បែលហ្ស៊ិក បាន​កំណត់​មុខសញ្ញា​ថា ជា​ជនសង្ស័យ​ដែល​បាន​បំផ្ទុះ​គ្រាប់បែក​នៅ​កណ្ដាល​ទីក្រុង​ព្រុច​សែ​ល​។​

​កាសែត​ដដែល​បាន​ចេញផ្សាយ​ទៀតថា ពីរ​នាក់​បងប្អូនេះ បានរៀបចំ​ផែនការ​កាត់ផ្ដាច់​ប្រព័ន្ធ​កាមេរ៉ា​សុវត្ថិភាព​នៅ​ស្ថានីយ​ថាមពលនុយក្លេអ៊ែរ​បែលហ្ស៊ិក ដោយ​ព័ត៌មាន​នេះ ត្រូវបាន​ប្រភព​ជិតស្និទ្ធ​នឹង​ក្រុម​ស៊ើប​ការ​សម្ងាត់​បាន​លួច​បង្ហើប​ឲ្យដឹង​។​តាមពិត​ទៅ​គម្រោង​វាយប្រហារ​នេះ​គឺ​ត្រូវបាន​ធ្វើឡើង​ស្របគ្នា​ទៅនឹង​ករណី​វាយ​ប្រកាស​នៅ​កណ្ដាល​ទីក្រុង​ប៉ារីស ប្រទេស​បារាំង កាលពី​ខែ​វិច្ឆិកា បណ្ដាលឲ្យ​មនុស្ស ១៣០​នាក់​ស្លាប់ និង​របួស​ជាច្រើន​នាក់​។​

​ភស្ដុតាង​មួយចំនួនទៀត ដែល​អាច​បញ្ជាក់បាន​នោះ​គឺ​ក្រោយ​ការស៊ើបអង្កេត​ទៅលើ Apartment របស់ Khalid និង Ibrahim El Bakraoui បាន​រកឃើញថា ទាំង​ពីរ​នាក់​បងប្អូន​នេះ មាន​ផែនការ​វាយប្រហារ​ប្រទេស​បែលហ្ស៊ិក​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា កាលពី​ថ្ងៃ​អង្គារ​កន្លងទៅនេះ មាន​ករណី​បំផ្ទុះ​គ្រាប់បែក​នៅ​អាកាសយានដ្ឋាន និង​នៅ​ផ្លូវ​ក្រោម​ដី​ក្នុង​ទីក្រុង​ព្រុច​សែ​ល ដោយ​បាន​សម្លាប់​មនុស្ស ៣៤​នាក់ និង​របួស​ជាង ២៥០​នាក់ ហើយ​ករណី​បំផ្ទុះ​នោះ​គឺ​ជា​ទង្វើ​របស់​ក្រុម ISIS៕​

ប្រភពៈ freshnewsasia