(Video Highlight) កូឡុំប៊ី ផ្តួល បូលីវី ទាំងប្រផិយប្រផើយក្នុងការប្រកួតជម្រុះ World Cup

គ្រាប់បាល់នៅជិតបញ្ចប់ការប្រកួតពីសំណាក់កីឡាករ Edwin Cardona បានជួយឲ្យក្រុមបាល់ទាត់ជម្រើសជាតិកូឡុំប៊ី ទទួលបានជ័យជម្នះក្នុងលទ្ធផល ៣-២ លើក្រុមជម្រើសជាតិបូលីវី កាលពីថ្ងៃព្រហស្បតិ៍ ដើម្បីសង្គ្រោះយុទ្ធនាការជម្រុះ World Cup ឆ្នាំ២០១៨ របស់ពួកគេឡើងវិញ។
colombia
ក្រុមជម្រើសជាតិកូឡុំប៊ីដែលប្រជុំដោយតារាឆ្នើមៗ ហាក់ដូចជាត្រូវខ្ជះខ្ជាយឱកាសក្នុងការដណ្តើមយកជ័យជម្នះទៅហើយ ក្រោយពីក្រុមជម្រើសជាតិបូលីវី បានធ្វើការវាយបកពីការដេញតាមពីក្រោយ ២-០ ដើម្បីតាមស្មើក្នុងលទ្ធផល ២-២ មុននឹងឈានដល់នាទីបន្ថែមនៅកីឡដ្ឋាន Estadio Hernando Siles។ ប៉ុន្តែ នៅពេលក្រុមជម្រើសជាតិបូលីវី ត្រៀមធ្វើការអបអរការទទួលបានមួយពិន្ទុរបស់ខ្លួន ក្រុមជម្រើសកូឡុំប៊ី បានធ្វើការវាយសម្រុកយ៉ាងខ្លាំង ហើយខ្សែបម្រើស្លាប Marlos Moreno បានប្រើប្រាស់ល្បឿនយ៉ាងល្អនៅតំបន់ស្លាបឆ្វេង និងបានបញ្ជូនបាល់ទៅឲ្យ Cardona ដែលបានស៊ុតបាល់បញ្ចូលទីយ៉ាងល្អនៅខាងជ្រុងម្ខាងនៃសំណាញ់ទីតែម្តង។

ការទទួលជ័យជម្នះនេះគឺជាការទទួលជ័យជម្នះជាលើកទី២របស់ក្រុមជម្រើសជាតិកូឡុំប៊ី ក្នុងចំណោមការប្រកួត៥លើកមកទល់ពេលនេះក្នុងយុទ្ធនាការជម្រុះរបស់តំបន់អាមេរិកខាងត្បូង ដើម្បីប្រជែងកៅអីក្នុងយុទ្ធនាការ World Cup ឆ្នាំ២០១៨ នៅប្រទេសរុស្ស៊ី។ បច្ចុប្បន្ន ក្រុមជម្រើសជាតិកូឡុំប៊ី មាន៧ពិន្ទុស្មើជាមួយនឹងក្រុមជម្រើសជាតិស៊ីលី ប៉ារ៉ាហ្គាយ និងប្រេស៊ីល ដែលនឹងត្រូវធ្វើការប្រកួតនៅថ្ងៃសុក្រ និងថ្ងៃសៅរ៍ (ម៉ោងនៅកម្ពុជា)៕

ប្រភពព័ត៌មាន៖ Channel News Asia