អាល្លឺម៉ង់ និងអង់គ្លេស សម្លឹងរកបង្កើតភាពអស្ចារ្យនៅថ្ងៃសៅរ៍នេះ

ក្រុមបាល់ទាត់ជម្រើសជាតិអាល្លឺម៉ង់ នឹងធ្វើជាម្ចាស់ផ្ទះទទួលភ្ញៀវ អង់គ្លេស នៅកីឡដ្ឋាន Olympic Stadium ក្នុងទីក្រុងប៊ែរឡាំងនៅរាត្រីថ្ងៃសៅរ៍នេះក្នុងចំណោមការមានកង្វល់ផ្សេងៗទៅលើបញ្ហាសន្តិសុខ ខណៈដែលក្រុមទាំងពីរសុទ្ធសឹងសម្លឹងរកការធ្វើឲ្យល្អដូចគ្នាសម្រាប់ Euro ឆ្នាំ២០១៦។
England-v-Germany
ការវាយប្រហារដោយគ្រាប់បែកអត្តឃាតនៅទីក្រុង Brussels កាលពីថ្ងៃអង្គារ មានន័យថា ការការពារសន្តិសុខនឹងស្ថិតក្នុងកម្រិតដ៏ខ្ពស់ ខណៈដែលអ្នកគាំទ្រប្រមាណជា៧២០០០នាក់ត្រូវបានរំពឹងទុកថា នឹងចូលរួមទស្សនាការប្រកួតដ៏គួរឲ្យចាប់អារម្មណ៍នេះនៅពេលដែលក្រុមជើងខ្លាំងពីរជួបគ្នា។ ក្រុមជម្រើសជាតិអាល្លឺម៉ង់បានជួបនូវការខកចិត្តមួយកាលពីថ្ងៃពុធ ដែលនៅពេលនោះខ្សែបម្រើ Bastian Schweinsteiger របស់ក្លិប Manchester United បានជួបបញ្ហារបួសលើជង្គង់ស្តាំរបស់គេ និងប្រឈមមុខនឹងការព្យាបាលមួយដើម្បីជាសះស្បើយឲ្យទាន់ពេលសម្រាប់យុទ្ធនាការ Euro ឆ្នាំ២០១៦ ដែលនឹងចាប់ផ្តើមនៅថ្ងៃទី១០ ខែមិថុនា។

លោក Joachim Loew គ្រូបង្វឹកនៃក្រុមបាល់ទាត់ជម្រើសជាតិអាល្លឺម៉ង់ បានបង្ហាញពីសាច់ដុំរបស់លោកកាលពីថ្ងៃអង្គារតាមរយៈការលុបឈ្មោះខ្សែប្រយុទ្ធ Max Kruse របស់ក្លិប Wolfsburg ចេញពីក្រុមរបស់លោកសម្រាប់ការប្រកួតមិត្តភាពជាមួយនឹងអង់គ្លេស និងក្រុមជម្រើសជាតិអ៊ីតាលីក្នុងរយៈពេលបួនថ្ងៃក្រោយ សម្រាប់ការប្រើប្រាស់ឥរិយាបថមិនសមរម្យនៅក្រៅទីលាន។ ក្រុមទាំងពីរទទួលបានការពិសោធ ជាពិសេសអង់គ្លេស ដែលមានបញ្ហារបួសកីឡាករជាច្រើន ក្នុងនោះរាប់បញ្ចូលទាំងប្រធានក្រុម Wayne Rooney ផងដែរ ដោយសារតែបញ្ហារបួសជង្គង់។ អ្នកចាំទី Joe Hart ដែលកំពុងតែព្យាបាលពីបញ្ហារបួសកំភួនជើង ត្រូវបានបញ្ចូលក្នុងក្រុមសម្រាប់ការប្រកួតមិត្តភាពជាមួយនឹងអាល្លឺម៉ង់ បន្ទាប់មកហូឡង់ នៅថ្ងៃអង្គារសប្តាហ៍ក្រោយ។

ការប្រកួតនេះនឹងចាប់ផ្តើមនៅម៉ោង២:៤៥ទៀបភ្លឺ៕

20.11.13 England 0-1 Germany
27.06.10 Germany 4-1 England
20.11.08 Germany 1-2 England

ប្រភពព័ត៌មាន៖ Bangkok Post