នាយក​ផ្នែក​សន្តិសុខ​ជាតិ​អ៊ុយក្រែន ថា​រ៉ូស្ស៊ី​នៅ​ពី​ក្រោយ​ភេរវកម្ម​នៅ​ប្រ៊ុយសែល

នាយកផ្នែកសន្តិសុខជាតិអ៊ុយក្រែន បានយកការអះអាងមួយ មកបញ្ជាក់ថា ប្រទេសរ៉ូស្ស៊ី ជាអ្នកនៅពីក្រោយ ភេរវកម្មពីរកន្លែន នៅក្នុងរាជធានី ប្រ៊ុយសែល ប្រទេសប៊ែលហ្សិក។
នាយក​ផ្នែក​សន្តិសុខ​ជាតិ​អ៊ុយក្រែន ថា​រ៉ូស្ស៊ី​នៅ​ពី​ក្រោយ​ភេរវកម្ម​នៅ​ប្រ៊ុយសែល

ពីឆ្វេងមកស្ដាំ៖ លោក ឌមីទ្រី ម៉េដវ៉េដេវ នាយករដ្ឋមន្ត្រី និងលោក វ្លាឌីមៀរ ពូទីន ប្រធានាធិបតីសព្វថ្ងៃ របស់ប្រទេសរ៉ូស្ស៊ី។ រូបថតឯកសារ)

ការតម្លើងសម្លេងដាក់គ្នា រវាងប្រទេសអ៊ុយក្រែន និងប្រទេសរ៉ូស្ស៊ី បានកើតឡើងជាថ្មីទៀត នៅក្រោយ​ភេរវកម្ម​ពីរកន្លែង ក្នុងរាជធានីប្រ៊ុយសែល ប្រទេសប៊ែលហ្សិក ខណៈភេរវកម្ម ដែលធ្វើឲ្យមនុស្ស ជាង៣០នាក់ស្លាប់ និង​ជាង២០០នាក់រងរបួសនេះ ត្រូវបានប្រកាសទទួលខុសត្រូវ ដោយក្រុមរដ្ឋអ៊ីស្លាម (ពាក្យអារ៉ាប់ហៅ Daech ពាក្យ​​កាត់​​​បារាំង​​ហៅ EI ពាក្យ​កាត់​អង់គ្លេស​ហៅ ISIS)។

នាយកផ្នែកសន្តិសុខជាតិអ៊ុយក្រែន ដែលហៅកាត់ថា «SBU» បានលើកយកការអះអាងមួយ មកនិយាយថា ប្រទេសរ៉ូស្ស៊ី ជាអ្នកនៅពីក្រោយ ទង្វើភេរវកម្មដ៏រង្គាល នៅក្នុងបេះដូង នៃរាជាណាចក្រប៊ែលហ្សិក។ ប៉ុន្តែ​ការ​លើក​ឡើង​នេះ ត្រូវបាននាយករដ្ឋមន្ត្រីរ៉ូស្ស៊ី ច្រានចោល ហើយបានហៅនាយកផ្នែកសន្តិសុខរូបនោះ ថាជា​មនុស្ស​«ភ្លីភ្លើ»ម្នាក់។

រ៉ូស្ស៊ី នៅពីក្រោយភេរវកម្ម?

លោក វ៉ាស៊ីល ហ្គ្រីតសាក់ (Vassyl Grytsak) ដែលជាមេដឹកនាំមួយរូប ទទួលខុសត្រូវខាងសន្តិសុខ របស់​ប្រទេស​អ៊ុយក្រែន ត្រូវបានស្ថានីយ៍ទូរទស្សន៍ក្នុងស្រុក ស្រង់សម្ដីមកផ្សាយថា៖ «ខ្ញុំមិនចង់និយាយអ្វី ដែល​គ្មាន​ភស្ដុតាងនោះទេ។ តែខ្ញុំមិនបានសង្ស័យទេ ក្នុងករណីដែលប្រទេសរ៉ូស្ស៊ី ជាប់ទាក់ទងនឹងភេរវកម្ម​ទាំង​នេះ។»

ការប្រកាសខាងលើនេះ បានធ្វើឲ្យនាយករដ្ឋមន្ត្រីរ៉ូស្ស៊ី លោក ឌមីទ្រី ម៉េដវេដេវ (Dmitri Medvedev) ផ្ទុះ​កំហឹង​ឡើង។ លោកបានសរសេរ នៅលើទំព័រហ្វេសប៊ុកផ្លូវការ របស់លោកថា៖ «លោក ហ្គ្រីតសាក់ នាយក ​"SBU" ដែលនិយាយ ពីការជាប់ទាក់ទង របស់ប្រទេសរ៉ូស្ស៊ី ក្នុងភេរវកម្មនៅប្រ៊ុយសែល ជាមនុស្ស"ភ្លីភ្លើ"​ម្នាក់»។

ប្រទេសទាំងពីរ មើលមុខគ្នាមិនត្រង់...

សូមរំលឹកឡើងវិញថា ចំណងទាក់ទងរវាងប្រទេសអ៊ុយក្រែន និងប្រទេសរ៉ូស្ស៊ី បានជួបនឹងភាពប្រេះឆារ តាំង​ពី​២ឆ្នាំ​កន្លងមកហើយ បន្ទាប់ពីប្រទេសរ៉ូស្ស៊ីបានយកឧបទ្វីប គ្រីម៉េ (Crimée) ដែលស្ថិតក្នុងប្រទេសអ៊ុយក្រែន បញ្ចូល​មក​ក្នុង​ទឹកដីរបស់ខ្លួន។ ការមើលមុខគ្នាមិនចំ នៅតែបន្តមានរហូតមកដល់សព្វថ្ងៃ ដែលបង្កមក​ពីជម្លោះ​ប្រដាប់​អាវុធ បានកើតឡើងខ្លាំងក្លា ក្នុងភាគខាងកើតនៃប្រទេសអ៊ុយក្រែន រវាងកងទ័ពជាតិអ៊ុយក្រែន និង​ក្រុម​ទាមទារ​បំបែក​ទឹកដី ដែលស្និតនឹងប្រទេសរ៉ូស្ស៊ី។

អាជ្ញាធរអ៊ុយក្រែនសព្វថ្ងៃ ដែលស្និតនឹងបស្ចឹមលោក បានសង្ស័យថា រដ្ឋាភិបាលក្រឹមឡាំង (Kremlin - រ៉ូស្ស៊ី) បាន​ប្រើប្រាស់មនោរសញ្ចេតនា «ជាតិនិយម» និងប្រឆាំងសហគមន៍អ៊ឺរ៉ុប របស់បណ្ដាជនរ៉ូស្ស៊ី ដើម្បីធ្វើ​ឲ្យ​សហគមន៍​ដ៏ធំ​មួយនេះ ចុះខ្សោយ។ ជុំវិញតួនាទីខ្លួន (ទោះចេញមុខ ឬទោះនៅពីក្រោយក្ដី) នៅក្នុងវិបត្តិ​អ៊ុយក្រែន​ខាងលើ ប្រទេសរ៉ូស្ស៊ី បានរងទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរ ពីសំណាក់សហគមន៍អ៊ឺរ៉ុប ដែល​មាន២៨​ប្រទេស​ជាសមាជិក៕