រូបភាពព្រាង «3D» បង្ហាញពីភេរវកម្មពីរកន្លែង នៅប្រ៊ុយសែល

ទូរទស្សន៍បារាំងចំនួនពីរ បានបង្កើតនូវរូបភាពព្រាង តាមបែប«3D» ដែលនិយាយឡើងវិញ ពី​ភេរវកម្ម​ពីរ​កន្លែង នៅ​រាជធានី ប្រ៊ុយសែន ប្រទេសប៊ែលហ្សិក។ ក្នុងរូបភាព «» ទីមួយ គេឃើញ​ភេរវជន​អត្តឃាត​ពីរ​នាក់ និង​ជន​ពាក់មួក បាន​ដើរ​តួរ​យ៉ាង​សំខាន់ នៅ​ក្នុង​ការដាក់បំផ្ទុះនេះ នៅ​បន្ទាប់​ពី​ពួកគេ បានមកដល់​​ព្រលានយន្ដហោះ តាមរយៈរថយន្ដ​តាក់ស៊ី​មួយ​គ្រឿង។
រូបភាពព្រាង «3D» បង្ហាញពីសកម្មភាពភេរវជនអត្តឃាត នៅក្នុងការដាក់បំផ្ទុះគ្រាប់បែក នៅព្រលានយន្ដហោះ នៃរាជធានី ប៊ែលហ្សិក។

បើតាមទូរទស្សន៍បារាំង «BFM TV» ដែលបានបង្កើតរូបភាព «3D» ពីសកម្មភាពធ្វើភេរវកម្ម នៅព្រលាន​យន្ដហោះ​អន្តរជាតិ «Zaventem» បានអះអាងថា ហេតុការណ៍បានកើតឡើង នៅមុនម៉ោង៨បន្តិច ក្នុង​ព្រឹក​ថ្ងៃ​អង្គារ។ បុរសទាំងបីនាក់ បានមកដល់ព្រលានយន្ដហោះ ក្នុងពេលជាមួយគ្នា។ បន្ទាប់ពីចុះ ពីរថយន្ដតាក់ស៊ី​រួច បុរសទាំងបីបានចូលទៅក្នុងសាលធំ ដែលមានបញ្ជរទទួលចុះឈ្មោះ អ្នកដំណើរចាកចេញ ដែលមាន​កាម៉េរ៉ា​សុវត្ថិភាព បានផ្តិតរូបភាពជាប់រហូត។

បន្ទាប់មកអ្នកទាំងបី បានបំបែកជួរគ្នា។ ជនសង្ស័យឈ្មោះ «Ibrahim El Bakraoui» បានបំផ្ទុះគ្រាប់​បែក​នៅ​ជាប់​នឹងខ្លួន មុនគេ ក្នុងចំណោមមនុស្សជាច្រើននាក់ ផ្នែកខាងស្ដាំនៃសាល។ ៩វិនាទីក្រោយមក «Najim Laachraoui» បានបំផ្ទុះគ្រាប់បែកឡើងដែរ នៅផ្នែកខាងឆ្វេង នៃអាគារ។ ខណៈជនទីបី ដែលមានពាក់មួក បាន​ទុកដោយស្ប៉ោងខ្មៅ របស់ខ្លួន នៅនឹងកន្លែង ហើយបានរត់គេចខ្លួនចេញទៅ។ ស្ប៉ោងខ្មៅនេះ មាន​ផ្ទុក​ដោយ​គ្រាប់​បែក​ដែរ ហើយត្រូវបានអាជ្ញាធររកឃើញ និងដោះបង្កៃគ្រាប់ នៅពេលក្រោយមក ខណៈជនទីបី កំពុង​ត្រូវ​បាន​ស្វែង​រក​ចាប់ខ្លួន នៅគ្រប់ទីកន្លែងទាំងអស់។

រីឯវីដអូព្រាង «3D» មួយទៀតខាងក្រោមនេះ ជាការបង្កើតឡើង ដោយទូរទស្សន៍បារាំង «TF1» ដែលលើក​មក​បង្ហាញ ពីភេរវកម្មទាំងពីរកន្លែង ទាំងនៅព្រលានយន្ដហោះ ទាំងនៅក្នុងស្ថានីយ៍រថភ្លើងក្រោមដី។ ប៉ុន្តែ​ភាព​លំអិត ស្ដី​ពីសកម្មភាពរបស់ភេរវជន មិនត្រូវបានលើក យកមកធ្វើនោះទេ។ យ៉ាងណាក៏ដោយ ក៏រូបភាព​ទាំង​នេះ មិនទាន់ត្រូវបានអះអាង ជាផ្លូវការ ថាត្រូវយកជាបានការ ដោយអាជ្ញាធរ​នៃ​ប្រទេស​ប៊ែលហ្សិក​​នៅ​ឡើយ៕