ប៉េអិម ឃាត់ខ្លួន​មនុស្ស​ប្រុស​-ស្រី​៣៤​នាក់​ ដកហូត​ថ្នាំញៀន​ជិត​កន្លះ​គីឡូក្រាម

ប៉េអិម ឃាត់ខ្លួន​មនុស្ស​ប្រុស​-ស្រី​៣៤​នាក់​ ដកហូត​ថ្នាំញៀន​ជិត​កន្លះ​គីឡូក្រាម



ភ្នំពេញ​ ៖ មនុស្ស​ប្រុស-ស្រី​សរុប​ចំនួន​៣៤​នាក់​ ដែល​ជា​ជន​សង្ស័យ​ជួញដូរ ​និង​ប្រើប្រាស់​គ្រឿង​ញៀន​ ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ​សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​ខ​ណ្ឌ​ដូន​ពេញ ដឹកនាំ​ដោយ​អភិបាលខណ្ឌ​ដូនពេញ​បាន​បើក​កិច្ចប្រតិបត្តិការ​ចុះ​បង្ក្រាប​ជា​បន្តបន្ទាប់​នៅ​ក្នុង​ផ្ទះសំណាក់ និង​កន្លែង​ចែកចាយ ប្រើប្រាស់​គ្រឿងញៀន​ចំនួន​២​ទីតាំង​ផ្សេងគ្នា​ដកហូត​ថ្នាំ​ញៀន​ជាច្រើន​កញ្ចប់​ជិត​កន្លះ​គីឡូក្រាម​ឯណោះ​។​

អាជ្ញាធរ​ខណ្ឌដូនពេញ​បាន​ឲ្យ​ដឹង​ថា ការ​ចុះ​បង្ក្រាប​គ្រឿងញៀន​ទីតាំង​ទី​១​ធ្វើឡើង​កាលពី​វេលា​ម៉ោ​ង​២៣​យប់​ថ្ងៃទី​២៤ ខែមីនា ឆ្នាំ​២០១៦ ខាងក្រោយ​ផ្ទះសំណាក់​ស្រែ​លាភ អតីត​រោងចក្រ​ឆ្នាំង​ជាប់​ផ្លូវ​រទេះភ្លើង ស្ថិត​ក្នុង​សង្កាត់​ស្រះចក ដោយ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​១៥​នាក់ ក្នុង​នោះ​ស្រី​៥​នាក់ ថ្នាំ​ញៀន​ប្រភេទ​ម៉ា​ទឹកកក​ចំនួន​៤២​កញ្ចប់​តូច និង​វត្ថុ​តាង​ប្រើប្រាស់​មួយ​ចំនួន​ទៀត​។ ​ចំណែក​ការ​បង្ក្រា​ប​ទីតាំង​ទី​២​ធ្វើឡើង​កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃទី​២៥ ខែមីនា នៅ​ចំណុច​ផ្ទះសំណាក់​ផ្កាយ​៩ តាម​បណ្តោយ​ផ្លូវ​លេខ​៨១ ស្ថិត​ក្នុង​សង្កាត់​ផ្សារ​ថ្មី​២ ខណ្ឌដូនពេញ ដោ​យ​ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស-​ស្រី​ប្រើប្រាស់ ​និង​ចែកចាយ​១៩​នាក់ រួម​នឹង​ម្ចាស់ផ្ទះ ​និង​អ្នក​មើល​ការ​ខុសត្រូវ​២​នាក់ ដកហូត​ថ្នាំញៀន​ជាច្រើន​កញ្ចប់​តូច​-​ធំ រួម​នឹង​វត្ថុ​តាង​ប្រើប្រាស់​មួយ​ចំនួន​ទៀត​។​

មន្ត្រី​អាវុធហត្ថ​បាន​ឲ្យ​ដឹង​ថា មុន​ឈាន​ដល់​ការ​ចុះ​បង្ក្រាប​ទីតាំង​២​កន្លែង​ខាង​លើ​នេះ គឺ​កម្លាំង​បាន​ធ្វើ​ការ​ស្រាវជ្រាវ​អស់​រយៈពេល​ជាច្រើន​ថ្ងៃ និង​យ៉ាង​ម៉ត់ចត់ ទើប​ឈាន​ដល់​ការ​ចុះ​បង្ក្រាប​ជាក់ស្តែង​តែម្តង​។ ក្រោយ​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ និង​វត្ថុ​តាង​ ត្រូវ​បាន​ឃុំខ្លួន​បណ្ដោះអាសន្ន​នៅ​ទីបញ្ជាកា​រ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដើម្បី​សួរនាំ ​និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលា​​៕​

ប៉េអិម ឃាត់ខ្លួន​មនុស្ស​ប្រុស​-ស្រី​៣៤​នាក់​ ដកហូត​ថ្នាំញៀន​ជិត​កន្លះ​គីឡូក្រាម