ឆេះ​តូប​លក់​គ្រឿង​តុបតែង​រថយន្ត​ទាំង​ព្រឹក ​ខូចខាត​អស់​៨០%​ ស្មើ​ទឹកប្រាក់​៣០០០$

ឆេះ​តូប​លក់​គ្រឿង​តុបតែង​រថយន្ត​ទាំង​ព្រឹក ​ខូចខាត​អស់​៨០%​ ស្មើ​ទឹកប្រាក់​៣០០០$



ភ្នំពេញ ៖ តូប​លក់​គ្រឿងបន្លាស់​តុបតែង​រថយន្ត​មួយ​កន្លែង​ស្ថិតនៅ​​ខាងក្រោយ​ហាង​គុយទាវ​សេលិ​ប ​ត្រូវ​បាន​អគ្គិភ័យ​លេប​ត្របាក់​ទាំង​ព្រឹក​ព្រលឹម​ស្ទើរ​ទាំងស្រុង​តែ​សំណាងល្អ​ពុំ​អ្នករងរបួស​នោះ​ទេ​។​ ហេតុការណ៍​ឆេះ​តូប​លក់​គ្រឿងបន្លាស់​តុបតែង​រថយន្ត​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០៥​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​២៥ ​ខែមីនា​ ឆ្នាំ​២០១៦​ នៅ​ចំណុច​ផ្ទះ​លេខ​៤១ ​ក្រុម​១១៩​ ភូមិ​០៩ ​នៅ​ផ្លូវ​លេខ​៨៦​ ស្ថិត​ក្នុង​សង្កាត់​ស្រះចក ​ខណ្ឌដូនពេញ​។​

ម្ចាស់​តូប​លក់ដូរ​គ្រឿង​តុបតែង​រថយន្ត​ដែល​រង​ការខូចខាត​នោះ​ ឈ្មោះ​ ទេព សុជាតិ ភេទ​ប្រុស​អាយុ​៣១​ឆ្នាំ​ ស្នាក់នៅ​កន្លែង​កើត​ហេតុ​។​

ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ជិតខាង​កន្លែង​កើត​ហេតុ​បាន​ឲ្យ​ដឹង​ថា​ នៅ​វេលា​ម៉ោង​កើត​ហេតុ​ដែល​អ្នកខ្លះ​បាន​ក្រោកពីដំណេក ​និង​អ្នកខ្លះ​ទៀត​នៅ​មិនទាន់​ក្រោក​នៅឡើយ​ ស្រាប់​តែ​មាន​ហេតុការណ៍​ភ្ញាក់ផ្អើល​ថា ​មាន​អគ្គិភ័យ​កើតឡើង ​ព្រោះ​គេ​ឃើញ​ផ្សែងហុយ​សន្ធប់​លាយឡំ​ជាមួយ​អណ្ដាតភ្លើង​ឆេះ​ចេញពី​តូប​លក់ដូរ​គ្រឿង​តុបតែង​រថយន្ត​ ស្ថិត​ខាងក្រោយ​ហាង​គុយទាវ​សេ​លិ​ប ពេលនោះ​ម្ចាស់​ផ្ទះ​ក៏ដូចជា​អ្នកជិតខាង​បាន​នាំ​គ្នា​​អន្តរាគមន៍​ជួយ​ពន្លត់​ ដោយ​អ្នកខ្លះ​បាញ់​បំពង់​អគ្គិភ័យ ​និង​អ្នក​ខ្លះ​ទៀត​យក​ទឹក​មក​ជះ​តែ​មិន​អាច​គ្រប់គ្រង​បាន​ ភ្លើង​កាន់តែ​ឆេះ​ខ្លាំងៗ​ឡើង​នោះ​ក៏​មាន​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​០៩​គ្រឿង​ មក​ជួយ​អន្តរាគមន៍​ភ្លាមៗ​ផង​ដែរ​ ទើប​បាញ់​ពន្លត់​ជា​ស្ថាពរ​។​

សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា ​តាម​ម្ចាស់​តូប​កើតហេតុ​បាន​បំភ្លឺ​ប្រាប់​សមត្ថកិច្ច​ថា ​មូល​ហេតុ​ដែល​បណ្ដាល​ឲ្យ​ឆេះ​នេះ​គឺ​មកពី​ឆ្លង​ចរន្តអគ្គិសនី​ (​ទុស្សេ​)​ ខ្សែភ្លើង​ចេញពី​ពិតាន​ដំបូល ​ធ្លាក់​ភ្លើង​ប៉ះ​ឥវ៉ាន់​ខាងក្រោម​ ទើប​ឆេះ​កាន់​តែ​ខ្លាំង​ឡើង​ដូច្នេះ​។​

សមត្ថកិច្ច​បន្ត​ទៀត​ថា ​ការ​ឆេះ​នូវ​​តូប​លក់​គ្រឿង​តុបតែង​រថយន្ត​នោះ​មាន​ទំហំ២គុណនឹង​៨ ​ដោយ​ឆេះ​អស់​៨០​ភាគរយ ​បណ្ដាល​ឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​គិត​ជា​ទឹកប្រាក់​អស់​៣០០០​ដុល្លារ​។ ចំពោះ​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​០៩​គ្រឿង​ មក​ជួយ​អន្តរាគមន៍​ប្រើប្រាស់​អស់​ទឹក​០៣​ឡាន​ ទើប​រលត់​ជា​ស្ថាពរ​វិញ​នៅ​វេលា​ម៉ោង​០៦​ព្រឹក​ថ្ងៃ​ដដែល​ មិន​រាលដាល​ដល់​តូប​ជិតខាង​ឡើយ​ និង​មិន​មាន​អ្នក​របួ​ស​នោះ​ទេ​៕​