ជិះ​ម៉ូតូ​លឿន​ពេក ជ្រុល​ទៅ​បុក​រថយន្ត​កុងតឺន័រ​ដែល​បត់​ចូល​ផែ​ស្ងួត​ បាក់.ក ស្លាប់

ជិះ​ម៉ូតូ​លឿន​ពេក ជ្រុល​ទៅ​បុក​រថយន្ត​កុងតឺន័រ​ដែល​បត់​ចូល​ផែ​ស្ងួត​ បាក់.ក ស្លាប់



ភ្នំពេញ ៖ បុរស​ម្នាក់​ជិះ​ម៉ូតូ​លឿន​ពេក​បាន​ជ្រុល​ទៅ​បុក​ជាមួយ​នឹង​រថយន្ត​សណ្ដោង​កុងតឺន័រ​មួយ​គ្រឿង ​ខណៈ​កំពុង​បើក​បត់​ចូល​ផែ​ស្ងួត​ បណ្ដាល​ឲ្យ​ជនរងគ្រោះ​ដួល​បាក់.ក​ ស្លាប់​ភ្លាមៗ​មួយ​រំពេច​នៅ​នឹង​កន្លែង​កើតហេតុ​តែម្ដង ទោះជា​ដឹង​ថា​ជនរងគ្រោះ​ស្លាប់​ក៏ដោយ ​ក៏​អ្នកបើកបរ​រថយន្ត​បន្ត​បើក​ចូល​ផែ​ស្ងួត​អូ​លែរ​ធ្វើ​ព្រងើយ។

ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១២​រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី​២៥​ ខែ​មីនា​ឆ្នាំ​២០១៦ តាម​បណ្តោយ​ផ្លូវជាតិ​៤ មុខ​ច្រក​ចូល​ផែរ​ស្ងួត អូរ​លែ​រ ភូមិ​ព្រៃ​ព្រីង​ខាងត្បូង​ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ​សែន​ជ័យ។

ជនរងគ្រោះ​ដែល​ស្លាប់​នេះ​មានឈ្មោះ សាយ សុភាព ​ភេទ​ប្រុស អាយុ​២១​ឆ្នាំ​ មុខរបរ​ជាង​ឡាន ស្នាក់នៅ​ភូមិ​គល់ សង្កាត់​កន្ទោក ខណ្ឌ​ពោធិ​សែន​ជ័យ។​ ចំណែក​ម៉ូតូ​របស់​ជនរងគ្រោះ​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ស៊េរី ឆ្នាំ​២០១៥​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ កណ្តាល 1C-5578។

តាម​ប្រភព​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា ​នៅមុន​ពេល​កើតហេតុ គេ​ឃើញ​បុរស​រង​គ្រោះ​ពីរ​នាក់​បងប្អូនជីដូន​មួយ​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម្នាក់​ ធ្វើដំណើរ​ក្នុង​ទិសដៅ​លិច​ទៅ​កើត​ ដោយ​ទើបនឹង​មកពី​លេង​ផ្ទះ​ត្រឡប់​ទៅ​កន្លែងធ្វើការ​វិញ តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤​យ៉ាង​លឿន ខណៈ​មកដល់​ចំណុច​កើតហេតុ ឃើញ​មាន​រថយន្ត​កុងតឺន័រ​មួយ​គ្រឿង​មិន​ចាំ​ពណ៌ មិន​ចាំ​ស្លាក​លេខ បើកបរ​ក្នុង​ទិសដៅ​ពី​កើ​តទៅ​លិច ​នៅ​ពេល​មកដល់​ចំណុច​កើតហេតុ​រថយន្ត​នេះ​បាន​បត់​ឆ្លង​ផ្លូវ​មក​ឆ្វេង​ដៃ ដោយ​បត់​ចូល​ផែ​ស្ងួត អូរ​លែរ ធ្វើ​ឲ្យ​ម៉ូតូ​ជនរងគ្រោះ​បើក​ទៅ​បុក​ចំ​រថយន្ត​ផ្នែក​ខាងក្រោយ​ពេញ​ទំហឹង បណ្ដាល​ឲ្យ​រងគ្រោះ​ដាច់ ​ក.ជើង និង​បាក់.ក ស្លាប់​ភ្លាម​មួយ​រំពេច​នៅ​នឹង​កន្លែង​កើតហេតុ ហើយ​រថយន្ត​បាន​បើក​ចូល​ផែ​ស្ងួត​បាត់​ដោយ​សុវត្ថិភាព ​ទោះបី​ដឹង​ថា​មាន​គេ​បើក​ប៉ះ​ក៏ដោយ។

ក្រោយពេល​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​បាន​ទៅដល់​កន្លែង​កើតហេតុ ហើយ​បងប្អូន​ជីដូនមួយ​បាន​តេ​ហៅ​ក្រុម​គ្រួសារ​ឲ្យ​មក​ជួយ​មើល​ និង​ដោះស្រាយ​គ្នា បន្ទាប់មក​សមត្ថកិច្ច​បាន​ធ្វើ​ឯកសារ​ប្រគល់​សព​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី។

នៅពេលនេះ​គេ​មិនទាន់​ដឹង​ថា​សមត្ថកិច្ច​អាច​ស្រាវជ្រាវ​រក​រថយន្ដ​ពាក់ព័ន្ធ​មក​ដោះស្រាយ​គ្នា​បាន​ដែរ​ឬទេ​? ព្រោះ​ក្រោយពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​នោះ​បត់​ចូល​ផែ​ស្ងួត​អូ​លែរ​នៅ​ក្បែរ​នោះ​ឯង​៕

ជិះ​ម៉ូតូ​លឿន​ពេក ជ្រុល​ទៅ​បុក​រថយន្ត​កុងតឺន័រ​ដែល​បត់​ចូល​ផែ​ស្ងួត​ បាក់.ក ស្លាប់