ដាល់​១​ដៃ​បែក​ខ្ទង់ច្រមុះ ​សង​អស់​៣០ដុល្លារ ព្រោះ​បើក​ម៉ូតូ​ប៉ះ​

ដាល់​១​ដៃ​បែក​ខ្ទង់ច្រមុះ ​សង​អស់​៣០ដុល្លារ ព្រោះ​បើក​ម៉ូតូ​ប៉ះ​



ភ្នំពេញ ​៖ បុរស​អ្នក​រត់​ម៉ូតូឌុប​ម្នាក់​ បាន​រង​របួស​បែក​ខ្ទង់ច្រមុះ​ហូរ​ឈាម ដោយសារតែ​ត្រូវ​បុរស​ម្នាក់​ទៀត​ជា​មន្ត្រី​យោធា​ស្រវឹង​ធ្លាក់​ភ្នែក​ដាល់​មួយ​ដៃ ​ព្រោះតែ​ខឹង​ជិះ​ម៉ូតូ​ទៅ​ប៉ះ​ម៉ូតូ​របស់​ខ្លួន​បន្តិចបន្តួច បង្ក​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​២៣​និង​១០​នាទី​យប់​ ថ្ងៃ​ទី​២៤ ខែ​មីនា ឆ្នាំ​២០១៦ នៅ​ចំណុច​មុខ​ក្លិប​កម្សាន្ត​កា​ហ្សា តាម​បណ្ដោយ​ផ្លូវ​លេខ​៤៧ ស្ថិត​ក្នុង​សង្កាត់​ស្រះចក ខណ្ឌ​ដូនពេញ។ សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា​ ជនរងគ្រោះ​មាន​ឈ្មោះ សូ ឃៀង អាយុ​៤៤​ឆ្នាំ មុខរបរ​ជា​អ្នក​រត់​ម៉ូតូ​ឌុប បច្ចុប្បន្ន​ស្នាក់នៅ​សង្កាត់​មិត្តភាព ខណ្ឌ​៧​មករា។ ចំណែក​ជន​បង្ក​មានឈ្មោះ ហង្ស សុភា អាយុ​៣០​ឆ្នាំ មាន​មុខរបរ​ជា​មន្ត្រី​យោធា (​សិក្ខាកាម​សាលា​ការពារ​ជាតិ​) បច្ចុប្បន្ន​ស្នាក់នៅ​ខណ្ឌ​មានជ័យ។

បើ​តាម​សម្ដី​រៀបរាប់​ពី​ជនរងគ្រោះ​បាន​ឲ្យ​ដឹង​ថា នៅមុន​ពេល​កើតហេតុ​ រូបគាត់​មកពី​ដឹក​ភ្ញៀវ​វិញ​ក៏បាន​ជិះ​ម៉ូតូ​ត្រឡប់មកវិញ​ លុះ​មកដល់​កន្លែងកើតហេតុ បាន​ជិះ​ម៉ូតូ​មក​ប៉ះ​កន្ទុយ​ម៉ូតូ​បុរស​ខាង​លើ​ដែល​ចត​ឈប់​ទិញ​ឥវ៉ាន់​ទីនោះ បន្ទាប់មក​គេ​ក៏បាន​ស្ទុះ​មក​វាយ​រូបគាត់​តែម្ដង​។ ប៉ុន្តែ​ភាគី​ខាង​យោធា​បាន​និយាយ​ថា បុរស​អ្នករត់ម៉ូតូឌុប​ជិះ​ម៉ូតូ​មក​ប៉ះ​ម៉ូតូ​ខ្លួន​ ហើយ​ថែមទាំង​វាយ​គេ​ទៀត ទើប​គេ​ការពារ​ខ្លួន​វិញ​ប៉ុណ្ណោះ។

ក្រោយមក​កម្លាំង​សមត្ថកិច្ច​បាន​នាំ​ភាគី​ទាំង​២​ទៅ​សួរ​នាំ​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ស្រះចក និង​ធ្វើការ​សម្របសម្រួល​គ្នា​ ដោយ​ភាគី​បង្ក​ចេញ​សង​ថ្លៃ​ព្យាបាល​៣០​ដុល្លារ​បញ្ចប់​រឿង ព្រោះ​មិន​ចង់​មានរឿង​វែងឆ្ងាយ​៕
ដាល់​១​ដៃ​បែក​ខ្ទង់ច្រមុះ ​សង​អស់​៣០ដុល្លារ ព្រោះ​បើក​ម៉ូតូ​ប៉ះ​